ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកគ្លិក ពណ៌.ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AD5194 ត្រូវរថយន្តធំបុកស្លាប់នៅកំណាត់ផ្លូវ៣៧១ ក្រុមទី១៥ ភូមិត្នោតជុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូរបស់ខ្លួន តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីស្ពានដែកចំការដូង មកគ្លីនិកបញ្ញាស័ក្តិ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាកហ្វុយហ្សូ ពណ៌លឿង ពាក់ស្លាកលេខ ឃ1440 ភព3 បើកក្នុងទិសដៅស្របគ្នា រួចជែងនឹងម៉ូតូជនរងគ្រោះប៉ះដៃចង្កូត បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលកង់រថយន្តកិនស្លាប់តែម្តង។
សមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ ពុំទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះដែលស្លាប់នៅឡើយទេ ដោយគ្រាន់តែគេប្រាប់ថា ជនរងគ្រោះបើកបរម៉ូតូដូចមានភិនភាគនឹងស្លាកលេខខាងលើ។ ចំណែករថយន្តបង្កហេតុក៏ត្រូវបានសមត្ថកិច្ចឃាត់ចាប់បាន រួមទាំងតៃកុងរថយន្តទៀតផង៕ ហេង សូរិយា