ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ហ៊ីយ៉ាន់​ដាយបុកម៉ូតូ Zoomer-X ក្រឡាប់រថយន្តផ្ងារជើងរបួសធ្ងន់អ្នកជិះម៉ូតូ២នាក់

ខេត្តកំពង់ស្ពឺ: មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងរថយន្ត​ម៉ាកហ៊ីយ៉ាន់​ដាយ បានបុកជាមួយម៉ូតូហុងដា Zoomer-X បណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើង កាលពី​វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៦.៩៧ ភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលចរាចរស្រុកភ្នំស្រួចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កណ្តាល 2B-9828 បើកបរមកពីទិសខាងលិច ទៅទិស​ខាងកើត។លុះ មកដល់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿងម៉ាកហុងដា Zoomer-X ពណ៌​ក្រហម លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 1H.8209 បើកបរមកពីទិសខាងកើត ទៅទិសខាងលិច បើកបរដោយ ឈ្មោះ ច្រឹង សុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិស្រល់ ឃុំត្រែងត្រយឹង និងអ្នកជិះពីក្រោយ ត្រូវជាប្រពន្ធ ឈ្មោះយន្ត័ លីនដា អាយុ២៩ឆ្នាំ បណ្ដាល​ឲ្យអ្នកទាំង២ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរ​ពេទ្យនៅភ្នំពេញភ្លាមៗដែរ។ រីឯរថយន្តបានក្រឡាប់ចាក់ទំនិញចោលពេញផ្លូវ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ចំពោះរថយន្ត និងម៉ូតូ ខូចខាតស្រាល ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ សហការី