ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្ត​២​គ្រឿង បុក​គ្នា​ពេញទំហឹង ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់ នៅ​ខេត្តបាត់ដំបង​

ខេត្តបាត់ដំបង​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​២​គ្រឿង បុក​គៀរ​គ្នា​ពេគ​ទំហឹង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ​៥ ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​នីសា​ន់ (​ចង្កូត​ស្តាំ​) ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​-០២០៥ ដឹក​ខ្សាច់​ពេញ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅ​គៀរ​នឹង​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​២C-៦៨៧៨ ប្រភេទ​ទេសចរណ៍ ក្រឡាប់​ធ្លាក់ផ្លូវបះជើង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។

ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ ហេង សុខ​អេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​បើកបរ​) និង​អ្នករួមដំណើរ​របួសស្រាល ឈ្មោះ ឈឿន វិ​សែ​ល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទាំង​២​នាក់​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​វាស់វែង​រួច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ ៕ សំ វិច្ឆិកា