ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Marcedez-S350 ស៊េរីទំនើប បើកថយក្រោយ ប៉ះជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍

ភ្នំពេញ៖​ រថយន្ត Marcedez-S350 ស៊េរីទំនើបមួយគ្រឿង បានបើកថយ ក្រោយមិនប្រយ័ត្នជ្រុលទៅ ប៉ះជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បណ្តាលឲ្យខូចខាតផ្នែកខាងស្តាំខាងក្រោយរថយន្តយ៉ាងដំណំ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុច(ក្រោយសាលារៀនពុទ្ធិសាស្រ្ត) តាមបណ្តោយផ្លូវលេខ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-2041បើកថយក្រោយ ឈប់ចាំរថយន្តក្រឡុកស៊ីម៉ង់ត៍មួយទៀត ដើម្បីចាក់ស៊ីម៉ង់ត៍បន្ត ។ ស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងម៉ាក Mercedez-S350 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2N-0001 បើកតាមបណ្តោយផ្លូវលេខ១៨០ (បញ្ជាក់ ផ្លូវនេះមានដាក់ស្លាកថា មានការដ្ឋាននៅខាងមុខ) តែរថយន្តនោះបើក ចូលមក ហើយ បើក ទៅមុខលែងរួច បានបើកថយក្រោយវិញ បណ្ដាលឲ្យប៉ះជាមួយរថយន្តក្រឡុកស៊ីម៉ង់នោះ រងការខូចខាតផ្នែកខាងស្តាំខាងក្រោយយ៉ាងដំណំតែម្តង ។

ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្ត Mercedez-S350 នោះ បានទារសំណងចំនួន1000$ តែខាង រថយន្តក្រឡុកស៊ីម៉ង់ត៍មិនព្រម ក៏ឲ្យសមត្ថកិច្ចវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ស តារា