ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFordRangerពាក់ស្លាកលេខរដ្ឋ13 2-5566បុកក្បាលនាគចែកផ្លូវបាក់១កង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនយ៉ាងលឿន​ ហើយបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Ford-Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ13 2-5566 បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏ប្រលះក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងខូចខាតក្បាលនាគពុះចែកទ្រូងផ្លូវចំនួន១កង់ ចំណែកឯបុរសម្នាក់ដែលម្ចាស់រថយន្តនោះ បានជាប់ក្នុងរថយន្តត្រូវបានសមត្ថកិច្ចនឹងប្រជាពលរដ្ឋយកដែកគាស់ទាញចេញមកវិញ តែសំណាងល្អគ្រាន់តែរងរបួសស្រាល ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក ត្រូវបានសាច់ញត្តិរបស់គាត់ មកទទួលយកទៅលាងរបួស ។ រីឯសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ