ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តRANGE ROVER បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នៅទំនប់ទួលគោក

ភ្នំពេញ៖ រថយន្ត RANGE ROVER បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើង រងរបួសទ្រមខ្លួន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបទំនប់ទួលគោក ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រុំប្រទល់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះរហូតបាត់បង់ជីវិត ឈ្មោះ តាំង ប៉ូលី ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅផ្លូវលេខ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែករថយន្តបង្ក​ម៉ាក ​រ៉េ​ង​រ៉ូ​វើ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1314 អ្នកបើកបររងរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនផងដែរ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត​បង្កម៉ាក​រ៉េ​ង​រ៉ូ​វើ ពណ៌​ខ្មៅ​ពាក់​ ស្លាក​លេខ ភ្នំពេញ 2T-1314 បើកបុក​ម៉ូតូមួយគ្រឿងទាំងកំរោល ហើយមិន​ព្រម​ឈប់​នោះទេ គឺបានបន្ត​បើក​រត់មកដល់​ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុក​រ៉ឺម៉ក​លក់​ផ្លែឈើ​ខ្ទេច ហើយ​បុក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​នៅ​ចំណុច​អង់​តែ​ន​ទួលគោក បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ​ រួចរថយន្តបង្ក​បន្ត​បើក​បញ្ច្រាសទិស​ចរាចរណ៍​បុក​រថយន្ត​លុ​ច្ស​ស៊ី​ស៣៣០មួយគ្រឿងទៀត រងការខូច​ខាតយ៉ាងដំណំ និងម៉ូតូជាច្រើនគ្រឿង ភ្លាមនោះប្រជាពលរដ្ឋទ្រាំមិនបាន ដោយខឹងខ្លាំងពេក ក៏នាំគ្នាចាប់​ក្របួចអ្នកបើកបររថយន្តបង្ក ស្វាគមន៍មួយដៃ មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ អារុណរះ