ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះមិនប្រណីប្រល័យជីវិតបុរសម្នាក់នៅវាលស្រែ ខណៈទៅយកក្របី

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈដែលមេឃកំពុងភ្លៀងស្រិចៗ ហើយបានដើរទៅយកក្របីនៅឯវាលស្រែខាងក្រោយផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ចំលឺសូរប្រាវឡើងកក្រើកដី កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ យ៉ោក វាសនា អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គឺមេឃស្រទុំអួរអាប់ និងមានភ្លៀងស្រិចៗ ដោយម្នាក់ៗ នាំគ្នារត់ចូលផ្ទះរៀងៗខ្លួន ខណៈនោះស្រាប់តែឃើញបុរសឈ្មោះ យ៉ោក វាសនា បានប្រញាប់ប្រញាល់រត់ទៅយកក្របីរបស់ខ្លួន ដែលចងឯវាលស្រែនៅខាងក្រោយផ្ទះ ខណៈនោះ មានភ្លៀងស្រិចៗ ផ្លេកបន្ទោរព្រមទាំងលាយឡំរន្ទះមកមួយប្រាវឡើងកក្រើកដី បន្ទាប់មកបាញ់ចំបុរសខាងលើបណ្ដាលឲ្យដេកដួលលើវាលស្រែបង្កការភ្ញាក់ផ្អើល ខណៈអ្នកភូមិនាំគ្នាស្រែកហៅ និងប្រញាប់លើកបុរសធ្វើចលនា ប៉ុន្តែអកុសលយឺតពេលទៅហើយ មិនអាចសង្គ្រោះបាននោះទេ បានត្រឹមក្រុមគ្រួសារយំសោកសង្រេងប៉ុណ្ណោះ ។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕