ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍ចុងក្រោយ អ្នកស្លាប់ ដោយបាក់ទំនប់វារីអគ្គិសនី នៅឡាវមាន៣៦នាក់និង៩៨នាក់បាត់ខ្លួន

បាក់ទំនប់វារីអគ្គិសនីនៅឡាវនាពេលកន្លងមក បង្ក ទៅជាគ្រោះមហន្តរាយមិនធ្លាប់មាន ដោយទឹកជន់កើនឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យពលរដ្ឋមិនអាច គេចចេញទាន់ពេលវេលា ជាហេតុបណ្តាលឲ្យមានអ្នកស្លាប់ របួស និងបាត់ខ្លួនជាច្រើន ។ តាមតួលេខជាផ្លូវការណ៍ចុងក្រោយនេះ គឺមានអ្នកស្លាប់ ៣៦នាក់ និង ៩៨នាក់បាត់ខ្លួន ។

នៅពេលនេះដែរ កម្លាំងទាហានឡាវ រួមទាំង ក្រុមអ្នកជួយសង្រ្គោះមកពីប្រទេស ផ្សេងទៀត ក្នុងនោះមានថៃ កូរ៉េខាងត្បូង ព្រមទាំង សិង្ហបុរី បាននិងកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន ៩៨នាក់ ខណៈមនុស្ស ៣៦នាក់ ត្រូវបានអាជ្ញាធរឡាវអះអាងជាផ្លូវការថា បានស្លាប់ បន្ទាប់ពីហេតុការណ៍បាក់ទំនប់ នៅភាគខាងត្បូងប្រទេសឡាវ ។ ទំនប់ខាងលើ គឺជា របស់សហក្រុមហ៊ុន កូរ៉េខាងត្បូង ថៃនិងឡាវ។

ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកនៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីហេតុការណ៍បាក់ទំនប់នៅប្រទេសឡាវ មានការចូលរួមពីសំណាក់យោធាឡាវ ៥៨៥នាក់ និងក្រុមអ្នកជួយសង្រ្គោះមកពីសិង្ហបុរី ១៧នាក់ ដែលកំពុងធ្វើប្រតិបត្តិការនៅ ក្នុងតំបន់រងគ្រោះ។ ប៉ុន្តែទន្ទឹមគា្នគិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ជាផ្លូវការ ក្រោយគ្រោះមហន្តរាយនេះបានកើនឡើង ៣៦នាក់ ហើយក្នុងនោះរួមមានទាំងមនុស្សបីនាក់រងរបួស តែក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យផងដែរ។

គួរជម្រាបថា ទប់វារីអគ្គិសនីនៃគំរោង សេពា-សេណាំណយ (XePian-Xe Nam Noy) ដែលមានការចូលរួមពីក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ថៃ និងឡាវ បានបាក់កាលពីថ្ងៃទី២៣ ខែកក្កដា ដោយបង្កជាគ្រោះទឹកជំនន់លិចភូមិចំនួន ១៣ ស្ថិតនៅក្នុងស្រុក សាណាំសៃ (Sanamxay) ខណៈក្រុមហ៊ុនមួយចំនួនបានចេញមុខរួចទៅហើយថា ពួកគេនឹងទទួលខុសត្រូវចំពោះសោកនាដកម្មនេះ៕ ម៉ែវ សាធី