ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកទ្រាំង

ខេត្តតាកែវ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូទៅបុកជាមួយរថយន្តមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨និង៣២នាទី ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ តែម ភាស់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងប្រីយ៍ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បានបើកបរម៉ូតូមួយគឿងម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ 1F-4447 ដែលធ្វើដំណើរពីមកពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AG-9110 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា