ព័ត៌មានទាន់ហេតុការណ៍៖

រយន្តដឹកដំឡូងមីក្រឡាប់ មានកម្មករ២៧នាក់ជិះពីលើ បានរងរបួសធ្ងន់ និងស្រាលរដូករណែល

ខេត្តក្រចេះ៖ កម្មក២៧នាក់បានរងរបួសធ្ងន់ និងស្រាលរដួករណែល ខណៈដែលពួកធ្វើដំណើរជិះតាមរថយន្តដឹកដំឡូងមី ចេញពីចំការនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្ពោះទៅទឹកដីខេត្តក្រចេះ ហើយត្រូវបានក្រឡាប់បះជើងចូលជង្ហុកម្ខាងនៃផ្លូវជាតិ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤ ស្ថិតក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ​ ។

ប្រភពបានឲ្យដឹងថា រថយន្តដឹកដំឡូងមីបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះម៉ាក​ ហុីយ៉ាន់ដាយ​ ពណ៌ស ស្លាកលេខ កំពង់ចាម 3A.2229 បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ ។

ប្រភពបន្តថា រថយន្តនោះបើកបរទិសដៅពីជើងទៅត្បូង មកដល់ចណុចកើតហេតុ អ្នកបើកបររវល់តែលើកទូរស័ព្ទនិយាយ ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង ។

កម្មករដែលជិះលើដំឡូងមីមានចំនួន២៧នាក់​ បានរងរបួសធ្ងន់​ចំនួន ៥នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកស្នួល ក្រៅពីនោះរងរបួសស្រាល ។ ​

ក្រោយកើតហេតុវត្ថុតាង​រថយន្តខូចខាតស្ទើរទាំងស្រុង ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្នួល ៕ ជីវន្ត័