ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល១ថ្ងៃនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបគ្រឿងញៀន៣ករណី ឃាត់មនុស្ស៣នាក់ ដកហូតថ្នាំ៥៣កញ្ចប់

ភ្នំពេញ៖ ត្រឹមតែរយះពេល១ថ្ងៃតែប៉ុណ្ណោះ កម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចេញល្បាត បង្ការ និងបង្ក្រាបបទល្មើសច្បាមមុខសញ្ញា បានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន៣ករណីផ្សេងគ្នា ក្នុងនោះឃាត់ខ្លួន២នាក់ អប់រំក្មេងមិនទាន់គ្រប់អាយុ១នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន ៥៣ កញ្ចប់ ។

ករណីទី១នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

កម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត បង្ការ និងបង្ក្រាបបទល្មើស ច្បាមមុខសញ្ញា បានមកដល់ចំណុចភូមិថ្មគោល១ ប្រទះជនសង្ស័យ១នាក់ កំពុងឈរលក់ថ្នាំញៀន កម្លាំងបានឈប់ ម៉ូតូ ស្រាប់តែជនសង្ស័យរត់ និងបោះថ្នាំញៀនចោលទៅលើដី តែត្រូវកម្លាំងសមត្ថកិច្ចដេញតាមឃាត់បាន ហើយរើសយកថ្នាំញៀនមករាប់សរុប២៥កញ្ចប់តូច។ ជនសង្ស័យមានឈ្មោះ ឌី វ៉ាន់លូ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ ។

ករណីទី២ នៅវេលាម៉ោង ១៦ និង២០នាទី កម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត បង្ការ និងបង្ក្រាបបទល្មើស ច្បាមមុខសញ្ញា លុះមកដល់ចំណុចភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានឃើញក្មេងប្រុសម្នាក់ កំពុងលក់ថ្នាំញៀន ពេលនោះកម្លាំងបានឈប់ម៉ូតូឃាត់តែត្រូវក្មេងប្រុសនោះរត់ ថែមទាំងបោះថ្នាំចោល ទើបសមត្ចកិច្ចរត់ដេញតាមឃាត់ខ្លួន និងរើសថ្នាំញៀនមករាប់សរុប ១១កញ្ចប់តូច។ ដោយជនសង្ស័យក្រោមអាយុ ១៥ឆ្នាំ«អនិតិជន»ទើបប្រគល់ឲ្យខាងសង្កាត់យកទៅអប់រំកែប្រែ។

ករណីទី៣នៅវេលាម៉ោង ១៧ និង០០នាទីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងថ្លឹង ច្រកឌឿងហែម ខាងក្រោយផ្ទះល្វែងខាងលិចរោងចក្រ៦ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កម្លាំងពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាត បង្ការ និងបង្ក្រាបបទល្មើស ច្បាមមុខសញ្ញា បានមកដល់ចំណុចខាងលើជនសង្ស័យ១នាក់ កំពុងឈរលក់ថ្នាំញៀន កម្លាំងបានឈប់ឈប់ ម៉ូតូស្រាប់តែជនសង្ស័យរត់ និងបោះថ្នាំញៀន ចោលទៅលើដី តែត្រូវកម្លាំងសមត្ថកិច្ចដេញតាមឃាត់បាន ហើយរើសយកថ្នាំញៀនមករាប់មាន១៥កញ្ចប់តូច និង១កញ្ចប់ធំល្មម សរុប១៦កញ្ចប់។ ជនសង្ស័យមាន ឃុត ទី អាយុ១៩ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិកើតហេតុ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់​៕ សុខាសែនជ័យ