ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល២ថ្ងៃមនុស្សលង់ទឹកស្លាប់នៅ ក្រុងស្វាយរៀង និងស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេលពីថ្ងៃក្នុង ក្រុងស្វាយរៀង និងស្រុកកំពង់រោទ៏មានមនុស្ស២នាក់បានលង់ទឹកស្លាប់មិនអាចសង្គ្រោះទាន់ពេល ខណៈក្មេងប្រុសម្នាក់ស្ទួចត្រីបណ្ដាលឲ្យរអឹលជើង និងម្នាក់ទៀតស្រវឹងស្រា វង្វេងវង្វាន់រអិលធ្លាក់ទឹកស្លាប់ ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១បានកើតឡើងនៅថ្ងៃអាទីត្យ ១៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង២រសៀល ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងមានករណីមនុស្សលង់ទឹកស្លាប់ត្រង់ចំណុចស្រះទឹកខាងជើងផ្ទះ ដោយសាកសពមានឈ្មោះសៅ រ៉ាន្នី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ឪពុកបង្កើតបានឲ្យដឹងថា កូនស្រីគាត់គឺមានជំងឺប្រចាំកាយ ស្លាប់មួយចំហៀងខ្លួន និងឧស្សាហ៍ប្រកាច់ជាច្រើនលើកតាំងពីនៅវ័យកុមារ រហូតមកដល់សព្វថ្ងៃនេះ ខណៈនៅថ្ងៃកើតហេតុកូនស្រីបានទៅស្ទូចត្រីនៅមាត់ស្រះខាងជើងផ្ទះ ក៏រអិលធ្លាក់ទឹកស្រះស្លាប់តែម្តង ។

ករណីទី២ បានកើតឡើងនៅថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង៨ និង២០នាទីព្រឹក ស្ថិតនៅចំណុចភូមិឫស្សីលាប ឃុំសំយ៉ោង ស្រុកកំពង់រោទ៍ មានករណីប្រទះឃើញសាកសពមនុស្សលង់ទឹកស្លាប់ ដោយជនរងគ្រោះឈ្មោះ មំ រ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ខណៈជាមនុស្សស្រវឹងស្រាខួបហើយបានរអិលជើងធ្លាក់ស្រះ ខាងជើងផ្ទះរបស់ខ្លួនបណ្តាលឲ្យស្លាប់មិនអាចសង្គ្រោះទាន់ពេលនោះទេ ។

បច្ចប្បន្នសាកសពទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន