ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រយៈពេល៣ខែនេះរោងចក្របើកថ្មីកើនឡើងជាង៥០ភាគរយបើធៀបនឹងឆ្នាំ២០១៧

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០១៨រោងចក្រសហគ្រាសបើកថ្មីសរុបទូទាំងប្រទេសមានចំនួន៣២គឺកើនឡើងប្រមាណជាង៥០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៧ ។

មានប្រសាសន៍ប្រាប់កាលពីព្រឹកថ្ងៃ សុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨លោក អ៊ុក ចាន់ធូ ប្រធាននាយក ដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក្នុងនោះនៅថ្នាក់កណ្តាលមានចំនួន៦និងនៅរាជធានីខេត្តមានចំនួន២៦រោងចក្រ ។

លោកបានបន្តថា កត្តាកើនឡើងនៃចំនួនរោងចក្រដោយសារការអភិវឌ្ឍល្អនៃវិស័យឧស្សាហកម្ម ជាពិសេសការអនុវត្ត លក្ខខណ្ឌការងារ និងការកំណត់ប្រព័ន្ធអធិការកិច្ចការងារកាន់តែល្អប្រសើរ ហើយបានជំរុញឱ្យការបណ្តាក់ទុនវិនិយោគវិស័យនេះមានការទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ជីម៉ាក (GMAC) បានឲ្យ ដឹងដែរថា ពាក់ព័ន្ធនឹងចំនួនរោងចក្របើក ថ្មី និងបានចុះបញ្ជីជាមួយសមាគមរោង ចក្រកាត់ដេរកម្ពុជាក្នុងរយៈពេលត្រីមាសទីមួយ ឆ្នាំ២០១៨មានចំនួន១៦រោងចក្រ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានតែ៧ប៉ុណ្ណោះគឺកើនឡើងប្រមាណ ជាង៥០ភាគរយ។ លោកបន្តថា នៅឆ្នាំនេះ ចំនួនរោងចក្រអាចនឹងមានកំណើនតិចជាងដើមឆ្នាំចាប់ពីពេលនេះទៅរហូតដល់ ក្រោយការបោះឆ្នោត ។

លោក កាំង ម៉ូនីកា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨កំណើនទឹកប្រាក់នាំ ចេញសម្លៀកបំពាក់អាចនឹងមានកំណើន តែក្នុងកម្រិតទាប ខណៈដែលការនាំចេញស្បែកជើងនិងផលិតផលធ្វើដំណើរអាច នឹងរក្សាកំណើនបានល្អ។ ក្នុងនោះផលិតផលសម្រាប់ធ្វើដំណើរមានដូចជា កាបូប គ្រប់ប្រភេទ វ៉ាលិស សាក់កាដូជាដើម ៕ ហេង សូរិយា