ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៩ខែ រដ្ឋបាលខណ្ឌច្បារអំពៅបង្ក្រាបមុខសញ្ញាគ្រឿងញៀនបាន២៤៤ករណី ចាប់ខ្លួនជនសង្ស័យជាង៤០០នាក់

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខណ្ឌក្នុងការបង្ក្រាប់មុខសញ្ញាគ្រឿងញៀនជាលទ្ធផលរយៈពេល៩ខែឆ្នាំនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនបង្ក្រាប់បទល្មើសគ្រឿងញៀនបានចំនួន២៤៤ករណី ចាប់ខ្លួនជនសង្ស័យសរុបចំនួន៤០២នាក់ ស្រី២៤នាក់ និងរឹបអូសបានគ្រឿងញៀនជាច្រើប្រភេទ រួមជាមួយមធ្យោបាយ និងវត្ថុតាងមួយចំនួនធំទៀត ។ នេះជាលទ្ធផលសរុបដែលកម្លាំងនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌបង្ក្រាប់បាន ។

លទ្ធផល៩ខែក្នុងការបង្ក្រាបគ្រឿងញៀននេះបានបង្ហាញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅគ្រាដែលលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកឧត្តមសេនីឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ក្នុងពិធីំណេះសំណាលនិងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយវិស័យឯកជននៅក្នុងខណ្ឌច្បារអំពៅ ។

យោងតាមលទ្ធផលស្តីពីការបង្ក្រាបគ្រឿងញៀននៅក្នុងខណ្ឌច្បារអំពៅដែលលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានបង្ហាញ ឃើញថា រយៈពេល៩ខែឆ្នាំនេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន២១៥ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៣៤៩នាក់ ស្រី២០នាក់ ក្នុងនោះករណីជួញដូរគ្រឿងញៀនចំនួន១០២ករណី ឃាត់ខ្លួនចំនួន១៤២នាក់ ស្រី១១នាក់ , ករណីរក្សាទុកគ្រឿងញៀន ចំនួន២៥ករណី ឃាត់ខ្លួនចំនួន៣៦នាក់ និងករណីប្រើប្រាស់ចំនួន៨៨ករណី ឃាត់ខ្លួនចំនួន១៧១នាក់ ស្រី០៩នាក់ ។

វត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនមតំហ្វេតាមីនទម្ងន់ជិត៤០០ក្រាម , ក្រាមពណ៍ស សង្ស័យជាថ្នាំញៀនទម្ងន់ជិត៨ ក្រាម , ដុំម្សៅពណ៍ស សង្ស័យជាគ្រឿងញៀន ទម្ងន់ជិត១ ក្រាម , ថ្នាំគ្រាប់ពណ៍បៃតងមានសញ្ញាសំគាល់អក្សរX ទម្ងន់ជិត១៧ ក្រាម , ថ្នាំគ្រាប់ពណ៍ខៀវប្រភេទMDMA ទម្ងន់ជិត១ក្រាម និងប្រភេទហេរ៉ូអ៉ីនមួយចំនួនទៀត ។

ចំពោះមធ្យោបាយដកហូតបានរួមមានម៉ូតូ៤១គ្រឿង ទូរស័ព្ទដៃ៣៦គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ដាវ០៧ដើម និងសម្ភារៈសម្រាប់ប្រើប្រាស់ វិចខ្ចប់មួយចំនួនទៀត ក្រោយការបង្ក្រាបសមត្ថកិច្ចបានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅមជ្ឈមណ្ឌលបន្សាបថ្នាំញៀនចំនួន១៦០នាក់ ស្រី១១នាក់ ដើម្បព្យាបាលនិងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន២៩លើក ឃាត់ខ្លួនជនសង្ស័យចំនួន៥៣នាក់ ស្រី៤នាក់ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកជា១៣០០ក្រាម និង១១១កញ្ចប់ , ថ្នាំញៀនប្រភេទគ្រាប់ពណ៍ឈាមជ្រូកជិត១២ក្រាម , ទឹកថ្នាំចាក់សារធាតុញៀនចំនួន៤ដប , ជញ្ជីងថ្លឹង៣គ្រឿង ឆ្នាំងសម្រាប់ចម្រាញ់សារធាតុញៀនមួយ , ម៉ូតូ១៤គ្រឿង , ទូរស័ព្ទដៃ២៥គ្រឿង និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនមួយចំនួនទៀត ។

ជាមួយគ្នានេះដែរអភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា និងលោកឧត្តមសេនីឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងក្នុងន័យដូចគ្នាថា៖ បញ្ហាគ្រឿងញៀនគឺជាបញ្ហាសាកល ដែលបានបង្កភាពមហន្តរាយ យ៉ាងធំធេងដល់ប្រជាជន គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល ។

ដោយឡែកសំរាប់មូលដ្ឋានខណ្ឌច្បារអំពៅ មិនមែនជាមូលដ្ឋាននៃការផលិតគ្រៀងញៀននោះទេ ប៉ុន្តែជាកន្លែងបានទទួលរងនូវឥទ្ធិពលនៃការចរាចរគ្រឿងញៀន ឆ្លងកាត់ដែលបង្កអោយ មានបញ្ហាស្មុគស្មាញជាច្រើនទាក់ទង់ទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្ងូនៗយុវជនមួយចំនួនតូច បានធ្លាក់ខ្លួនញៀន និង លួចលាក់ប្រើប្រាស់គ្រឿងញៀន រហួតឈានទៅប្រើប្រាស់អំពើហឹង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បាត់បង់កិត្តិយស គ្មានសុភមង្គល និង ក្លាយជាបន្ទុករបស់គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល។

លោក អភិបាលខណ្ឌ បានលើកឡើងទៀតថា៖ ការជួបជុំគ្នាក្នុងវេទិ ការនេះ ក្នុងគោលបំណងក្រើនរំលឹក និង បញ្ជ្រាបការយល់ដឹងបន្ថែមទៀត ដល់វិស័យឯកជន អំពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេសដើម្បីរួមគ្នាលើកកំពស់ប្រសិទ្ធិភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ធានាបាននូវការចូលរួមជាលក្ខណៈពហុវិស័យ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តសំខាន់ៗ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព តាមរយៈការប្រើប្រាស់កម្លាំងសរុប និង វិធានការសរុប ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ឈានទៅកសាងបាននូវជីវិត សហមន៍ អាជីកម្ម និង ប្រទេសជាតិយើង គ្មានគ្រឿងញៀនយ៉ាងពិប្រាកដ៕ សណ្តោស