ព័ត៌មានទាន់ហេតុការណ៍៖

រលកចេញពីនាវាដឹកអ្នកដំណើរធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេមានការព្រួយបារម្ភ

ភ្នំពេញ៖ ស្របពេលដែលមធ្យោបាយដឹកអ្នកដំណើរ មានការវិវឌ្ឍន៍ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បានធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅទូទាំងប្រទេសមានការរីកចម្រើន តែក៍មានប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភផងដែរ ជាពិសេសអ្នកមានទីលំនៅប្របមាត់ទន្លេភ័យ ខ្លាចបាក់ច្រាំង មួយផ្នែកបណ្តាលមកពីកម្លាំងទឹកហូរបុកច្រាំង និងមួយផ្នែកទៀត បណ្តាលមកពីការណូតដឹកអ្នកដំណើរបើកបរក្នុងល្បឿនលឿនបង្កជារលកបោកផ្ទប់ច្រាំងខ្លាំងៗ ធ្វើឲ្យច្រាំងទន្លេមិនអាចទប់ជាមួយកម្លាំង ទឹករលកបាន បង្កជាគ្រោះបាក់ច្រាំងតែម្តង ។

ក្តីបារម្ភរបស់ប្រជាពលរដ្ឋរស់តាមមាត់ទន្លេនេះ បានកើតឡើងនៅពេលដែលសាលារាជធានីភ្នំពេញដាក់ឲ្យដំណើរការណូតដឹកអ្នកដំណើរពីព្រែកព្នៅទៅតាខ្មៅដើម្បីកាត់បន្ថយការកកស្ទះចរាចរហើយក៍ជាផ្នែកមួយនៃការវិវឌ្ឍន៍រីកចម្រើនរបស់សាលារាជធានីភ្នំពេញផងដែរ ។

ការណូតដឹកអ្នកដំណើរនេះបានធ្វើប្រជាពលរដ្ឋមានទីលំនៅតាមមាត់ទន្លេចាប់ពីចំនុចចុងកោះនរា ច្រាំងបាត់ និងសង្កាត់ព្រែកប្រា មានការបារម្ភពីបញ្ហាបាក់ច្រាំង ដោយសារតែអ្នកបើកបរការណូតដឹកអ្នកដំណើរបើកបរលឿនបង្កជារលកធំៗបោកផ្ទប់ច្រាំង ។

ប្រជាពលរដ្ឋម្នាក់រស់នៅមាត់ទន្លេជិត២០ឆ្នាំតាំងពីដីផ្ទះមានទំហ៊ំធំរហូតមកដល់បច្ចុប្បន្នមានទំហ៊ំតូច បានប្រាប់ ដូច្នេះថា ពីមុនដីនិងផ្ទះរបស់គាត់មានទំហ៊ំធំ ឥឡូវនៅសល់តូចដោយសារគ្រោះទឹកជំនន់បាក់ដីចូលទន្លេបាសាក់ មួយផ្នែកទៀតបណ្តាលមកពីកប៉ាលដឹកខ្សាច់ និងការណូតដឹកអ្នកដំណើរបើកបរក្នុងល្បឿនលឿនបង្កជាទឹករលកធំៗបោកផ្ទប់ច្រាំងបណ្តាលឲ្យបាក់ច្រាំងតែម្តង ជាពិសេសការណូតដឹកអ្នកដំណើរពីព្រែកព្នៅទៅតាខ្មៅ ។

ជាសំណូមពររបស់ប្រជាពលរដ្ឋសូមឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយណែនាំដល់អ្នកបើកបរកាណូតដឹកអ្នកដំណើរទាំងអស់កុំប្រើប្រាស់ល្បឿនលឿនពេក ជាពិសេសកុំបើកបរកៀកច្រាំងទន្លេបាសាក់ត្រើយខាងកើត ព្រោះកំពុងប្រឈមបញ្ហាបាក់ច្រាំងស្ទើជារៀងរាល់ថ្ងៃ ៕ សណ្តោស