ព័ត៌មានទាន់ហេតុការណ៍៖

រាជ​រដ្ឋាភិបាល​ ស្នើឲ្យ​ប្រទេសហត្ថលេខីទីក្រុងប៉ារីស កុំលូកដៃចូលបញ្ហាផ្ទៃក្នុងកម្ពុជា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងថា បញ្ហា ដែលកើតឡើងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាបញ្ហាផ្ទៃក្នុងកម្ពុជា មិនមែនបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចដែលគេបានលើកឡើងនោះទេ សូមប្រទេសហត្ថលេខី កុំលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់កម្ពុជាឲ្យសោះ។

ថ្មីៗនេះបន្ទាប់ពីអ្នកនយោបាយមួយចំនួន បានលើកឡើងថា កម្ពុជាមិនបានគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបរទេសមួយចំនួន បាន​ស្នើឲ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងនោះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចេញមកអះអាងថា កម្ពុជាមិនដែលបំពានកិច្ចព្រមព្រៀងនេះទេ និងតែងតែគោរពជានិច្ច ហើយបញ្ហារាល់ថ្ងៃនេះជាបញ្ហាផ្ទៃក្នុងកម្ពុជា​ មិនមែនបញ្ហានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១នោះទេ។ ក្រៅពីការប្រកាសថា កម្ពុជាបានគោរពយ៉ាងគ្រប់គ្រាន់ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា សូមបរទេសទាំងអស់ដាច់ខាត ក្នុងលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាឲ្យសោះ ព្រោះកិច្ចព្រមព្រៀងនេះ ក៏បានចែងរួចហើយដែរថា ប្រទេសហត្ថលេខី មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។

លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប្រសិនបើបរទេសនៅតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះមានន័យស្មើរនឹងបរទេសកំពុងតែបំពានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស យ៉ាងច្បាស់​ដោយខ្លួនឯងតែម្ដង។

“​មាត្រា១៨ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជាក់ថា ប្រទេសហត្ថលេខី ត្រូវតែគោរអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា មាត្រានេះនិយាយច្បាស់…​មាត្រា​២ និងមាត្រា៤ នៃកិច្ចព្រមព្រៀងអំពីអធិបតេយ្យភាពកម្ពុជា ក៏បាននិយាយដូចគ្នានេះដែរ ប្រទេសដ៏ទៃត្រូវតែគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា លើសពីនេះ​មាត្រា២ កថាខណ្ឌទី២ បានបញ្ជាក់ថា ប្រទេសហត្ថលេខី មិនជ្រៀតជ្រែក​ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា នេះគេនិយាយច្បាស់ប៉ុណ្ណឹងហើយ ដូច្នេះទាំងអស់នេះវាគ្រប់គ្រាន់ណាស់”។

NKD-36x6_outline

ថ្លែងក្នុងកិច្ចសម្ភាសន៍ មួយនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែលបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានចោទជាសំណួរថា តើបញ្ហារាល់ថ្ងៃនេះ ជាបញ្ហារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬជាបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា? លោកថាច្បាស់ណាស់​ បញ្ហារាល់ថ្ងៃនេះ ជាបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា​តែមួយគត់ ដូច្នេះមានតែប្រទេសកម្ពុជាទេ ដែលអាចដោះស្រាយបញ្ហានេះបាន។

លោកឧបនាយករដ្ឋមន្ដ្រី បានរំលឹកពីដំណើរការចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងនេះ គឺធ្វើយ៉ាងណាដើម្បីលុបបំបាត់ខ្មែរក្រហម មិនឲ្យវិលត្រឡប់មកវិញ ដែលក្នុងបុព្វកថា ​​បាន​​បញ្ជាក់ថា ដោយទទួលស្គាល់សោនាថកម្មថ្មីៗ នៅប្រទេសកម្ពុជាធ្វើយ៉ាងណាកុំឲ្យនយោបាយ និងការប្រព្រឹត្តទៅដូចអតីតកាលត្រឡប់មកវិញ ដែលចំណុចនេះហើយ សម្ដេចតេជោ ហ៊ុន សែន បានខិតខំសម្របសម្រូលមុននឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ដើម្បីបញ្ចប់សង្គ្រាមខ្មែរនឹងខ្មែរ។

ប៉ុន្ដែបើទោះបីជាចុះហត្ថលេខាព្រមព្រៀងគ្នាទៅហើយក្ដី កងទ័ពខ្មែរក្រហម មិនបានអនុវត្តលើកិច្ចព្រមព្រៀងនេះទេ នៅតែបន្ដវាយប្រហារមកលើកងទ័ពរបស់រាជរដ្ឋាភិបាល រហូតដល់ឆ្នាំ១៩៩៣ ទើបកម្ពុជាបានបញ្ចប់សង្គ្រាមបានយ៉ាងពិតប្រាកដ ដោយអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានប្រកាសយ៉ាងដាច់ខាតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដូច្នេះបើសូមអ្នកនយោបាយទាំងឡាយណា ដែលមិនបានយល់ច្បាស់ពីកិច្ចព្រមព្រៀងនេះ សូមឈប់បកស្រាយដោយខុសពីការពិតបន្តទៀត៕ ហេង សូរិយា