ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីច្រានចោលការចោទប្រកាន់របស់អាមេរិកថាបានជួយដល់កូរ៉េខាងជើងដោយសម្ងាត់

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey lavrov កាលពីថ្ងៃទី១៩ ខែមករា បានច្រានចោលការចោទប្រកាន់របស់អាមេរិក ថារុស្ស៊ីបានជួយដល់កូរ៉េខាងជើង ដោយសម្ងាត់បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ថា រុស្ស៊ីបានគោរពច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ ទៅលើកូរ៉េខាងជើង។ លោក Sergey lavrov បានស្នើរដល់អាមេរិកត្រូវតែបង្ហាញភស្តុតាងច្បាស់លាស់មុនពេលចោទប្រកាន់ទីក្រុងមូស្គូ។

លោក Lavrov បានប្រកាសថា «ប្រសិនបើមន្ត្រីរបស់យើងបាននិយាយជាមួយយើងថាមិនសហការជាមួយកូរ៉េខាងជើង (អនុវត្តតាមច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ) ដូច្នេះយើងសូមឲ្យផ្តល់ភ័ស្តុតាងច្បាស់លាសដើម្បីដឹងថាយើងនៅមានចំណុចខ្វះខាតណាខ្លះ»។

លោក ឡារ៉ូ បន្តទៀតថា «ជាអកុសល ជាច្រើនលើកកន្លងមក យើងរង់ការចោទប្រកាន់ជាច្រើន ក្នុងនោះមានទាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួន ដែលយើងផ្ទាល់មិនបានដឹងផង។ ដូច្នេះ តើមានអ្នកណាម្នាក់ដែលអាចប្រាប់យើងថា បានធ្វើអ្វីខុស បំពានច្បាប់ត្រង់ចំណុចណា»។ អាមេរិក និងលោកខាងលិចតែងតែថ្កោលទោសរុស្ស៊ី តែមិនបានបង្ហាញពីភ័ស្តុតាងច្បាស់លាស់ណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាសន្តិសុខ មានគណកម្មការ ដើម្បីតាមដានរាល់ការដាក់ទណ្ឌកម្ម ហើយបើគ្មានការតវាណាមួយផ្ញើរទៅកាន់អង្គការសហប្រជាជាតិទេនោះ នឹងមិនមានការបំពានច្បាប់ណាមួយឡើយ។

ពាក់ព័ន្ធនឹងការលក់ប្រេងទៅឲ្យកូរ៉េខាងជើងពីសំណាក់សត្រូវអាមេរិក គឺរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា រុស្ស៊ីកំពុងតែជួយដល់កូរ៉េខាងជើងដោយបានផ្តល់ទំនិញជាច្រើនដល់ប្រទេសនេះ បំពានលើច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើទីក្រុងព្យុងយ៉ាង។

NKD-36x6_outline

លោក ត្រាំ បានបញ្ជាក់ទៀតថា «រុស្ស៊ីមិនបានជួយដល់យើងស្តីពីវិបត្តិបរមាណូនៅកូរ៉េខាងជើង នោះឡើយផ្ទុយទៅវិញរុស្ស៊ីបានជួយដល់កូរ៉េខាងជើងដោយសម្ងាត់។ ដោយឡែកទេសចិនដែលជាសម្ពន្ធមិត្តជិតស្និតបំផុតជាមួយកូរ៉េខាជើង បែរជាជួយយើងវិញ»។

ក្នុងពេលដែលកូរ៉េខាងជើងជាឧបសគ្គដ៏ធំនៅលើពិភពលោក និងអាមេរិកនាពេលកំពុងប្រឈមមុខផ្ទាល់ជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបានប្រកាសថា មីស៊ីល និងបរមាណូទាំងអស់ទុកសម្រាប់តែអាមេរិកប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក ត្រាំ បញ្ជាក់ថា លោកមិនប្រាកដនៅក្នុងការពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នោះឡើយដោយមិនអាចទទួលបានលទ្ធផលជាវិជ្ជមាន។

លោក ត្រាំ ក៏បានថ្កោលទោសដល់អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា ដែលមិនអាចរារាំងកម្មវិធីបរមាណូកូរ៉េខាងជើងបាន ទុកឲ្យប្រទេសនេះបានសម្រេចគោលដៅផលិតបរមាណូបំពាក់លើកាំជ្រួចមីស៊ីលវាយប្រហារដល់ទឹកដីអាមេរិក។

លោក ត្រាំ បានបញ្ជាក់ថា «ខ្ញុំនឹងអង្គុយតុចរចា ដើម្បីពិភាក្សាគ្នា តែខ្ញុំមិនប្រាកដថា អាចដោះស្រាយបញ្ហាបច្ចុប្បន្នបាននោះឡើយ។ ពួកគេបាននិយាយថា ចង់ពិភាក្សា២៥ឆ្នាំមកហើយ ប៉ុន្តែមិនបានសម្រេចឡើយ»៕ ម៉ែវ សាធី