ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីគឺជាសកម្មភាពឌឺដងមានចេតនា

សារព័ត៌មាន Sputnik បានផ្សាយថា កាលពីថ្ងៃទី១៩ ខែមេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា ការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Idlib ប្រទេសស៊ីរី គឺជាចេតនា ឌឺដង ទ្រង់ទ្រាយធំដែលបានឡើងគម្រោងពីមុន នាំមកនៅលទ្ធផល ល្អសម្រាប់អាមេរិក ផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ ។

លោក Medvedev បញ្ជាក់ថា «អ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមក ក្នុងនោះមានការវាយប្រហារដោយមីស៊ីលរបស់អាមេរិក នៅលើទឹកដីស៊ីរី គឺមិនមានផលប្រយោជន៍ឡើយសម្រាប់ដោះស្រាយស្ថានភាពនៅក្នុងប្រទេសស៊ីរី ។ ជាការពិតណាស នេះជា ការឌឺដង និងការរៀបចំ យ៉ាងហ្មត់ចតបំផុត នាំមកនៅលទ្ធផល ល្អដល់អាមេរិក ។

ការពិត នៅក្នុងប្រទេសស៊ីរី គឺជាអ្វី? តើមានឃ្លាំងអាវុធគីមីរក្សាទុកនៅស៊ីរី ឬគ្រាន់តែជាការ បង្កើតឡើង អ្វីទាំងអស់ ចាំបាច់ត្រូវតែមានគណៈកម្មាធិការអន្តរជាតិមានសិទ្ធិក្នុងការត្រួតពិនិត្យបញ្ជាក់ឲ្យបានច្បាស់ និងស្រាវជ្រាដោយតម្លាភាព ។

នាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ទៀតថា «ការវាយប្រហារ របស់អាមេរិកទៅលើទីតាំងយោធានៅក្នុងទឹកដីស៊ីរី គឺជាការ «ស្រាយចំណង» ដល់ ក្រុមឧទ្ទាម ភេរវកម្ម IS ក្នុងការបន្តសកម្មភាពវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរី។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងតែធ្វើសង្គ្រាម ជាមួយរដ្ឋាភិបាលស្របច្បាប់នៅស៊ីរី មិនមែន ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មនោះឡើយ ។

NKD-36x6_outline

នាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា អាមេរិកវាយប្រហារទៅលើទីតាំយោធារបស់ស៊ីរី ដោយមិនមានការឯកភាពពីអង្គការសហប្រជាជាតិ ទាំងនោះ គឺជាការបំពាន់ច្បាប់អន្តរជាតិ ជាសកម្មភាព បង្កឲ្យមានអសន្តិសុខ និងសង្គ្រាមកើតឡើង ។

ការវាយប្រហារ ដោយអាវុធគីមីនាពេលកន្លងមកនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងច្រើន ហើយក៏ជាហេតុផលដែលអាមេរិក បើកការវាយប្រហារភ្លាមៗទៅលើស៊ីរី ដោយមីស៊ីលជិត៦០ដើម មិនចាំបាច់ឆ្លងកាត់ ការអនុម័តរបស់អង្គការសហប្រជាជាតិឡើយ។ ប្រតិកម្មភ្លាមៗដោយយោធារបស់អាមេរិក បានធ្វើឲ្យក្រុមអ្នកប្រឆាំងអាមេរិក សង្ស័យថា គឺជាចេតនារៀបចំក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោកអាល់ អាសាដ ៕ ម៉ែវ សាធី