ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី វាយតម្លៃខ្ពស់ ចំពោះការបោះឆ្នោតនៅកម្ពុជា គឺមានភាពល្អប្រសើរ

ភ្នំពេញៈ រុស្ស៊ី វាយតម្លៃខ្ពស់ចំពោះការបោះឆ្នោត នៅកម្ពុជា គឺមានភាពល្អប្រសើរ ដោយវាយតម្លៃនេះ តាមរយៈការចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក Stepan ZHIRYAKOV អនុប្រធានគណៈកម្មាធិការកសិកម្ម គោលនយោបាយស្បៀងអាហារ និងការគ្រប់គ្រងបរិស្ថាន នៃក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី និងជាប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

លោក Stepan ZHIRYAKOV បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា គណៈប្រតិភូ បានចូល រួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយសង្កេតឃើញថា អ្នកចូលរួមបោះឆ្នោតមានយ៉ាងច្រើនកុះករ ដែលបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល និងចំពោះមូលហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ តាមរយៈបេសកកម្មនេះ គណៈប្រតិភូបានគត់សម្គាល់ ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន និងលូតលាស់លើគ្រប់វិស័យក្នុងល្បឿនដ៏ឆាប់រហ័ស។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងសូមស្វាគមន៍ចំពោះវត្តមាន របស់លោកប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកសង្កេតការណ៍ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតប ចំពោះការអញ្ជើញរបស់ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា ហើយបានបញ្ជូនគណៈប្រតិភូមកចូលរួមធ្វើជា អ្នកសង្កេត ការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ។

សម្តេច បានបញ្ជាក់ដល់គណៈប្រតិភូអំពី ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីម្សិលមិញ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ក្នុងសុខសន្តិភាព និងគ្មានអំពើហិង្សា។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា តាមរយៈដំណើរបេសកកម្មរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរតាំងពីយូរ យារមកហើយ ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះលោក Stepan ZHIRYAKOV មានជំនឿជឿជាក់ថា នាពេលអនាគត ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កាន់តែរីក ចម្រើនរឹងមាំថែមទៀត ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី មានការរីកចម្រើន គួរជាទីមោទនៈ៕