ព័ត៌មានទាន់ហេតុការណ៍៖

រួមរ័កជាមួយគ្នាបាន ៣ដង ត្រូវម្តាយនួនល្អងប្តឹងបងដាក់គុក

ខេត្តកណ្តាល ៖ ដោយសារតែក្តីស្រលាញ់ពេញបេះដូង ម្យ៉ាងទៀតខឹងឪពុកម្តាយស្តីបន្ទោស បានធ្វើឲ្យក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ សម្រេចចិត្តចុះចោលផ្ទះទៅស្នាក់នៅជាមួយបុរសជាសង្សាក្នុងផ្ទះសំណាក់យីហោ “បាយ័ន” ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌  ស្រុកខ្សាច់កណ្តាល កាលពីយប់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ រហូតជ្រុលជ្រោះប្រព្រឹត្តខុសប្រពៃណីរួមភេទជាមួយគ្នាបាន ៣លើកក្នុងរយៈពេលមួយយប់មួយថ្ងៃ ។

ក្រោយមក ទើបក្មេងស្រីរូបនេះយល់ព្រមត្រឡប់ទៅលំនៅដ្ឋានវិញតាមការលួងលោមរបស់ឪពុកម្តាយ ។ ពេលទៅដល់ផ្ទះស្ត្រីជាម្តាយជជីកសួរនាំដឹងរឿង ក៏ទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ពីបទរួមភេទជាមួយអនីតិជន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួន នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចដេប៉ូលក់ប្រេងសាំងមួយកន្លែង ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល តាមការឯកភាពពីលោក សេង  រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីម ឋានៈ ភេទប្រុស អាយុ១៧ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ហ.ល.ស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះទៅលេងនៅឯកោះពេជ្រ រាជធានីភ្នំពេញ ។ ពេលទៅដល់កោះពេជ្រជនសង្ស័យបានជួបជាមួយក្មេងស្រីរងគ្រោះកំពុងដើរលេងនៅទីនោះ ។ ក្រោយពីបានជួបគ្នាជនសង្ស័យក៏បានលេបខាយរហូតទាក់ពាក្យសម្ដីគ្នាឈានដល់សុំធ្វើជាសង្សាថែមទៀត ។ ចាប់តាំងពីពេលនោះមកជនសង្ស័យ និងក្មេងស្រីរងគ្រោះបាននិយាយទូរស័ព្ទសាសងជាមួយគ្នាជារៀងរាល់ថ្ងៃ ព្រមទាំងបានណាត់ជួបគ្នានៅកោះពេជ្របានចំនួន៣លើកថែមទៀតផង ។

ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះកើតក្តីខឹងសម្បាទៅលើឪពុកម្តាយស្តីបន្ទោស ក៏តេទូរស័ព្ទទៅសុំស្នាក់នៅជាមួយជនសង្ស័យ ។ បន្ទាប់ពីធ្វើដំណើរដល់ស្រុកខ្សាច់កណ្តាល ជនសង្ស័យបាននាំក្មេងស្រីរងគ្រោះដែលត្រូវជាសង្សាទៅជួលបន្ទប់ស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG តែមិនមានបន្ទប់ទំនេរ ទើបជនសង្ស័យនាំក្មេងស្រីរងគ្រោះទៅស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “បាយ័ន”  រយៈពេលមួយយប់មួយថ្ងៃ។ ក្នុងរយៈពេលមួយយប់មួយថ្ងៃជនសង្ស័យបានរួមរ័កជាមួយក្មេងស្រីរងគ្រោះបានសម្រេច៣លើក ដោយពុំមានការបង្ខិតបង្ខំអ្វីឡើយ ។

ក្រោយមកស្ត្រីជាម្តាយបានតេទូរស័ព្ទទៅលួងលោមក្មេងស្រីរងគ្រោះឲ្យត្រឡប់ទៅផ្ទះនៅឯភ្នំពេញវិញ ។ ពេលទៅដល់ស្ត្រីជាម្តាយបានជជីកសួរនាំដឹងរឿង ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ហើយសមត្ថកិច្ចក៏បានបើកការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យតាមការឯកភាពពីលោក សេង  រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ គីម ឋានៈ បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយសង្សារបស់ខ្លួន (ក្មេងស្រីរងគ្រោះ) ចំនួន៣ លើកប្រាកដមែន ។ សកម្មភាពនេះពុំមានការបង្ខិតបង្ខំអ្វីឡើយ គឺនាងបានយល់ព្រម ខណៈដែលនាងមានវិប្បត្តិនៅក្នុងគ្រួសាររត់មកស្នាក់នៅជាមួយខ្លួន ៕

1b69dd25-6c78-442e-8f95-fe87ac8323c0

16e2695d-6c61-4a26-bf48-97de079282a3