ព័ត៌មានទាន់ហេតុការណ៍៖

រើសគ្រាប់M79ដំលេងផ្ទុះស្លាប់១ របួស៣នាក់ គួរឲ្យអាសូរ

ខេត្តកំពង់ស្ពឺៈ ក្មេងប្រុសជាអ្នកឃ្វាលគោ៤នាក់បានរើសយកគ្រាប់ អឹម៧៩ មកដំលេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់នៅនឹងកន្លែង ហើយ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ភ្លាមៗ និងបានធ្វើកំណត់ហេតុចំពោះការស្លាប់ និងរបួសផងដែរ ដោយសាក្សីបញ្ជាក់ថា ក្មេងរងគ្រោះទាំងអស់ពិតជាបាននាំគ្នារើសគ្រាប់យកមកដំលេង បង្កឲ្យផ្ទុះហើយរងរបួសដោយខ្លួនឯងប្រាកដមែន ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណបន្ទាយ A.C.O ស្ថិតនៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា តាមការសាកសួរ មុនពេលកើតហេតុ មានក្មេងឃ្វាលគោចំនួន០៤ នាក់ បានយកគ្រាប់ M៧៩ ទៅដំលេង(បោក) ទើបបណ្តាលឲ្យផ្ទុះស្លាប់ ០១នាក់ និងរងរបួស មនុស្សចំនួន៣នាក់ ។ ចំពោះអ្នករងរបួសត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។

ក្នេងប្រុសរងគ្រោះរួមមាន ១-ឈ្មោះ ងោល តាំងហេង ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុ បណ្តាលឲ្យស្លាប់នៅកន្លែងកេីតហេតុ

២-ឈ្មោះ សូន រ័ត្ន ភេទប្រុស អាយុ១២ ឆ្នាំ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់)

៣-ឈ្មោះ យ៉ែម ខ្មៅ ភេទប្រុស អាយុ០៦ ឆ្នាំមានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់)

៤-ឈ្មោះ យ៉ែម ស្វិត ភេទប្រុស អាយុ ០៩ឆ្នាំ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុបំភ្លឺតាមនីតិវិធីចំពោះ សាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វេីបុណ្យ តាមប្រពៃណី រីឯជនរងគ្រោះ៣នាក់ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺដើម្បីសង្រ្គោះផងដែរ ។

ករណីនេះគឺជាការធ្វេសប្រហែសរបស់ពួកគេដែលមិនបានដឹងថា គ្រាប់ទាំងនេះពេលដំទៅវាបណ្តាលឲ្យផ្ទុះទើបពួកគេនាំគ្នារើសយកមកដំលេងបែបនេះ ។

ក្នុងករណីនេះផងដែរ សមត្ថកិចបានអំពាវនាដក់មាតាបិតាគ្រប់រូប សូមពន្យល់ណែនាំដល់កូនៗឲ្យបានដឹងពីផលអវិជ្ជមាននៃគ្រាប់មិនទាន់ផ្ទុះផង ចៀសវាងកូនៗជួបរឿងអកុសលបែបនេះ ៕ សេនាស័ក្តិ