ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ក្ដី​ទណ្ឌិតសម រង្សីចំនួន៩ត្រូវ​តុលាការកាត់ក្តីរួច៥សំណុំ​រឿង​ នៅសល់៤សំណុំរឿង​ទៀតកំពុងចាត់ការ

ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ នៅដើមសប្តាហ៍ក្រោយនេះ​ លោកសៀង សុខ ព្រះរាជអាជ្ញារងនៃ​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញនឹងចេញដីកាកោះហៅទណ្ឌិតសម រង្សីមកបំភ្លឺលើពាក្យបណ្តឹងរបស់មេធាវីតំណាងដោយ​អាណត្តិ​របស់​អគ្គមេបញ្ជាការនៃ​កងយោធពល​ខេមរ​ភូមិន្ទដែលប្តឹងពីបទញុះញង់កុំ​ឱ្យ​យោធិនស្តាប់បង្គាប់មេដឹកនាំនិងធ្វើ​ឱ្យ​ខូចទឹកចិត្តកងទ័ពបន្ទាប់ពីសាកសួរដើមបណ្តឹងរួចហើយ។

រហូតមកដល់ពេលនេះ​ទណ្ឌិត​ សម រង្ស៊ី បានរងបណ្តឹងរហូតដល់ទៅ៩​សំណុំរឿង​ ដែលប្តឹងដោយសកម្មជននិងមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ បណ្តឹងចំនួន៥ ត្រូវបានកាត់ក្តីរួចរាល់ ហើយនិងបណ្តឹងចំនួន៤ទៀត កំពុងតែដំណើរការ។បើសរុបទោសកំហុស ដែលតុលាការ បានសម្រេចរួចហើយនោះឃើញថា លោក សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ យ៉ាងតិចចំនួន៦ឆ្នាំកន្លះ និងបង់ប្រាក់ជាង ៥ម៉ឺនដុល្លារ។

បណ្តឹងដែលត្រូវបានកាត់ក្តីរួច រួមមាន បណ្តឹងរបស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស បណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បណ្តឹងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយចុងក្រោយ គឺបណ្តឹង ដែលប្តឹងដោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ផ្ទាល់តែម្តង។

បណ្តឹងរបស់របស់លោក ហោ ណាំហុងបានត្រូវ តុលាការ ផ្តន្ទាទោសលោក សម រង្ស៊ីឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (២០០០ដុល្លារ)ពីបទ «ញុះញង់ឲ្យមានការរើសអើង»។

បណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តុលាការ បានចោទលោក សម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ។ តុលាការ តម្រូវឱ្យលោក សម រង្ស៊ីបង់ប្រាក់ចំនួន១០លានរៀល (២៥០០ដុល្លារ) ចូលរដ្ឋ និង១៥លានរៀល (៣៧៥០ដុល្លារ) ឲ្យទៅដើមបណ្តឹង។បណ្តឹងនេះ កើតឡើងដោយសារតែលោក សម រង្ស៊ី ចោទសម្តេច ហ៊ុន សែន ថា បញ្ជាមន្ត្រីក្រោមឱវាទឱ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីយកទៅចុច Like លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។

បណ្តឹងរបស់សម្តេច ហេង សំរិន តុលាការ បានតម្រូវឱ្យលោក សម រង្ស៊ី បង់ប្រាក់ចូលថវិកាជាតិចំនួន១០លានរៀល (២៥០០ដុល្លារ)និងសងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន១៥០លានរៀល (៣៧៥០០ដុល្លារ)។ សម្តេច ហេង សំរិន បានប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរិ៍្តជាសាធារណៈ»។

ពាក់ព័ន្ធ​នឹងបណ្តឹងរបស់សម្តេច ហ៊ុន សែន តុលាការបាន សម្រេចឱ្យ​ទណ្ឌិត​ សម រង្ស៊ី ជាប់ពន្ធនាគារ១ឆ្នាំ ៨ខែ និងបង់ប្រាក់ចំនួន១០លានរៀល ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការរងបណ្តឹងនេះ គឺដោយសារតែលោក សម រង្ស៊ី ចោទសម្តេច ហ៊ុន សែន ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយដ៏ល្បីនៅកម្ពុជា។

NKD-36x6_outline

ចំពោះបណ្តឹងមួយទៀត ដែលព្រះរាជអាជ្ញាដើរតួជាដើមបណ្តឹងនោះ លោក សម រង្ស៊ី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ តែចៅក្រម សម្រេចឲ្យលោក សម រង្ស៊ី អនុវត្តទោសក្នុងពន្ធនាគារ តែ៣ឆ្នាំប៉ុណ្ណោះ ហើយ២ឆ្នាំទៀត ត្រូវបានព្យួរ។ ក្នុងសំណុំរឿងនេះ តុលាការ បានចោទលោក សម រង្ស៊ី ពីបទ «សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ក្រៅពីបណ្តឹងខាងលើ ដែលតុលាការបានកាត់ក្តីរួច លោក សម រង្ស៊ី នៅជាប់បណ្តឹងចំនួន៤ទៀត ដែលតុលាការកំពុងតែដំណើរនាពេលបច្ចុប្បន្ននេះ។ បណ្តឹងទាំងនោះរួមមាន បណ្តឹងរបស់សម្តេច ហ៊ុន សែន និងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា បណ្តឹង ដែលប្តឹងដោយ ព្រះរាជអាជ្ញានិងបណ្តឹងមេធាវីតំណាងអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ ផងដែរ។

សម្រាប់បណ្តឹងក្រោយនេះ សម្តេច ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ដដែល ដោយទារសំណងជំងឺចិត្ត ចំនួន១លានដុលា្លរ។ ការរងបណ្តឹងនេះ គឺដោយសារតែលោក សម រង្ស៊ី ចោទ សម្តេច ហ៊ុន សែន ថា បានសូកប្រាក់ចំនួន១លានដុលា្លរ ដល់កញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ។ ព្រោះតែការលើកឡើងបែបនេះ កញ្ញា ធី សុវណ្ណថា ក៏បានប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្ត៍ជាសាធារណៈ» ដូចគ្នា ដោយទារសំណងជំងឺចិត្តចំនួន ២សែន ៥ម៉ឺនដុល្លារ។

រឿងក្តីមួយទៀត​ដែលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជាដើមបណ្តឹង គឺពាក់ព័ន្ធនឹងបទ «ញុះញង់ បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម» តាមរូបភាពសមរង្សីបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦ដែលសរសេរថារបបនេះជារបបសម្លាប់ខ្មែរគ្រាន់តែសម្លាប់តាមវិធីផ្សេងៗដោយមិនចាំបាច់យកទៅវ៉ៃចោលឬសម្លាប់ភ្លាមៗនោះទេ…។

ចំណែកបណ្តឹងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧គឺពាក្យបណ្តឹងរបស់មេធាវីតំណាងអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទដែលប្តឹងពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់មេដឹកនាំនិងធ្វើឲ្យខូចទឹកចិត្តកងទ័ពដែលលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការ៕ ចេស្តា