ព័ត៌មានទាន់ហេតុការណ៍៖

រឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ៖​ តុលាការ​កោះ​ហៅ​ជនសង្ស័យ​៣នាក់​ចូល​បំភ្លឺ​​

ភ្នំពេញ​៖ សំណុំរឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ឥឡូវ​នេះ​ លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​ជនសង្ស័យ​៣នាក់​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ ។

លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹមឡុង​ កំណត់​ឱ្យ​ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ចូល​បំភ្លឺ​នៅថ្ងៃទី១១ ខែតុលា​ ។​ លោក ប៉ា​ ងួនទៀង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និងលោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ដើម្បី​សហគមន៍​ ឱ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃទី​០៩​ ខែ​តុលា​ ។

គួរ​បញ្ជាក់​ថា​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ក្នុង​នាម​ជា​ដើម​បណ្ដឹង​ បាន​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ​ តាម​ដីកា​កោះ​អញ្ជើញ​របស់​លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

លោក​ ពេជ្រ​ ស្រស់​ ថ្លែង​ថា​ លោក​​ប្តឹង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ និង​ លោក​ ប៉ា​ ងួន​ទៀង​ ទៅ​តុលាការ​ ដើម្បីបកស្រាយចម្ងល់ដល់មហាជន និងបញ្ជាក់​ឱ្យ​បានច្បាស់អំពីលុយបុណ្យសពបណ្ឌិត កែម ឡី ដែលមហាជនដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើន​នោះ។​

លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ ថា​ “​ ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ​ “​ ។

NKD-36x6_outline

លោក​ បន្តថា​ “​ នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។​ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ”​ ។

គួរ​បញ្ជាក់​ថា​ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧​កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់​ថវិកាចំនួន​៣,០២០,០០០រៀល​ ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាង​ចេតិយ ជូនសព​លោកបណ្ឌិត កែម ឡីនោះ ​ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ​ខេត្តតាកែវ​ ៕ចេស្តា