ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​កាន់តែ​ពិនិត្យពិច័យ​សម្រិតសម្រាំង​ជាង​មុន​ មុន​នឹង​ទទួលយក​ការ​បញ្ជា​ទិញ​ -​ GMAC

​ភ្នំពេញ ​៖ ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ នៅ​ពេល​នេះ​កាន់តែ​ពិនិត្យពិច័យ​ សម្រិតសម្រាំង​ជាង​មុន​ មុន​នឹង​ទទួលយក​ការ​បញ្ជា​ទិញ​ពី​អ្នកបញ្ជា​ទិញ ​នៅ​ឯ​ក្រៅប្រទេស​ ពីព្រោះ​រោងចក្រ​ត្រូវ​ប្រឈម​ នឹង​កំណើន​ប្រាក់​ឈ្នួល​ និង​ផលិតភាព​ធ្លាក់​ចុះ​ ដោយសារ​មូលហេតុ​ជា​ច្រើន​ ដូច​ជា​កង្វះ​ជំនាញ​របស់​កម្មករ​ ថ្ងៃ​ឈប់​សម្រាក​ច្រើន​ និង​ការ​រំខាន​ញឹកញាប់​ពី​សំណាក់​សហជីព​ ក្នុង​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ​។​ នេះ​បើ​យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ ។​

​បច្ចុប្បន្ន​នេះ​ រោងចក្រ​នៅ​កម្ពុជា​ភាគច្រើន​ គឺ​ផលិត​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ទាប​ទៅ​មធ្យម​ ហើយ​ភាគច្រើន​ជា​សម្លៀក​បំពាក់​ដែល​មាន​ម៉ូត​សម​ញ្ញៗ​ ។​ ប្រាក់​ចំណេញ​ក្នុង​មួយ​ឯក​តា​ គឺ​មាន​កម្រិត​ទាប​ ដូច្នេះ​រោងចក្រ​ត្រូវ​ពឹងផ្អែក​លើ​ការ​ផលិត​ក្នុង​បរិមាណ​ច្រើន​ ។​

​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​កើនឡើង​យ៉ាង​លឿន​ ខណៈ​ដែល​ផលិតភាព​មិនសូវ​ជា​ខ្ពស់​ ។​
​ដូច្នេះ​ ដើម្បី​ឲ្យ​រោងចក្រ​នៅ​តែ​បន្ត​អាជីវកម្ម​របស់​ខ្លួន​បាន​ ម្ចាស់​រោងចក្រ​គិត​ថា​ គេ​លែង​អាច​បន្ត​ ផលិត​សម្លៀក​បំពាក់​តម្លៃ​ទាប​ដូច​មុន​បាន​ឡើយ​ ។​

​លោក​ ខូ​វ​ ឆាយ​ នាយក​រោងចក្រ​អ​ប្សា​រា​ហ្គា​មិន​ បាន​ថ្លែង​ថា​៖​ បច្ចុប្បន្ន​នេះ​ ការ​បញ្ជា​ទិញ​ គឺ​មានការ​ធ្លាក់​ចុះ​បន្តិចបន្តួច​ ដោយសារ​តែ​យើង​បាន​សម្រិតសម្រាំង​ យក​តែ​ការ​បញ្ជា​ទិញ​ណា​ដែល​ល្អៗ​ បាន​ន័យ​ថា​ ការ​បញ្ជា​ទិញ​ដែល​មាន​តម្លៃ​ខ្ពស់​ ហើយ​ការងារ​មាន​ភាព​ងាយស្រួល​ ។​ ….​ កាលណា​ តម្លៃ​ទាប​ គឺ​យើង​មិន​អាច​ធ្វើ​បាន​ទេ​ ដោយសារ​បច្ចុប្បន្ន​ យើង​ឃើញ​ហើយ​ តម្លៃ​ពលកម្ម​កើនឡើង​ ពី​ ១០០​ ដល់​ ១២៨​ ដុល្លារ​ នៅ​ឆ្នាំ​ថ្មី​នេះ​ ។​ ដូច្នេះ​ ខាងយើង​ក៏​បាន​សម្រិតសម្រាំង​ ។​ ការ​បញ្ជា​ទិញ​ ដែល​ថោកៗ​ អត់​ល្អ​ យើង​អត់​អាច​ទទួលយក​បាន​ទេ​ ព្រោះ​ធ្វើ​ទៅ​គឺ​ខាត​លុយ​ ។​ ដូច្នេះ​ យើង​យក​តែ​ការ​បញ្ជា​ទិញ​ល្អៗ​ តម្លៃ​ខ្ពស់​ ហើយ​ចំនួន​ច្រើន​។​

​សាធារណជន​ត្រូវ​បាន​គេ​ធ្វើ​អោយ​ជឿ​ថា​ អ្នកបញ្ជា​ទិញ​ចូល​ចិត្ត​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ ហើយ​អ្នកបញ្ជា​ទិញ​នឹង​បង្កើន​តម្លៃ​សម្លៀក​បំពាក់​ពី​កម្ពុជា​ បន្ទាប់​ពី​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ ដើម្បី​ឲ្យ​កម្មករ​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ ។​

​ប៉ុន្តែ​ អ្នក​មានបទពិសោធន៍​ខាង​ពាណិជ្ជកម្ម​ជឿ​ថា​ អ្នកបញ្ជា​ទិញ​នឹង​មិន​ដំឡើង​តម្លៃ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់​ពី​កម្ពុជា​ឡើយ​ ។​ ជាក់ស្ដែង​ កាលពី​ប៉ុន្មាន​ខែ​មុន​ អង្គការ​អន្តរជាតិ​ខាង​ការងារ​ILO​ បាន​ដាក់​លិខិត​ទៅ​ឲ្យ​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ធំៗ​ ស្នើ​សុំ​ឲ្យ​មានការ​ដំឡើង​តម្លៃ​សម្លៀក​បំពាក់​ផលិត​នៅ​កម្ពុជា​ ។​ ប៉ុន្តែ​ រហូត​មក​ទល់​នឹង​ពេល​នេះ​ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​អ្នកបញ្ជា​ទិញ​នៅឡើយ​ទេ​ ។​

​សម្រាប់​ GMAC​ នេះ​មិនមែន​ជា​ការ​ស្ដីបន្ទោស​ ឬ​ចោទប្រកាន់​ចំពោះ​អ្នកបញ្ជា​ទិញ​ នោះ​ទេ​ ។​ ប៉ុន្តែ​ បើ​គិត​ពី​គោលការណ៍​សេដ្ឋកិច្ច​តាម​របៀប​សម​ញ្ញ​វិញ​ វា​ជា​រឿង​សម​ហេតុផល​សម្រាប់​អ្នកបញ្ជា​ទិញ​ ពីព្រោះ​តាម​ពិត​ ពួក​គេ​អាច​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​បណ្ដារ​ប្រទេស​ផ្សេង​ក្នុង​តម្លៃ​ថោក​ជាង​នៅ​កម្ពុជា​ ។​

GMAC​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​ប្រាក់​ឈ្នួល​មានការ​កើនឡើង​ ដូច្នេះ​ មាន​តែ​ផលិតភាព​ និង​ប្រសិទ្ធ​ផល​ប៉ុណ្ណោះ​ ដែល​អាច​ទាក់ទាញ​អ្នកបញ្ជា​ទិញ​បាន​ ។​

​ប៉ុន្តែ​ ប្រធាន​រោងចក្រ​ជា​ច្រើន​បាន​ត្អូញត្អែ​ថា​ សហជីព​បាន​ប្រជែង​ដណ្ដើម​ប្រជាប្រិយភាព​ អំណាច​ និង​ការ​គ្រប់គ្រង​នៅ​ក្នុង​រោងចក្រ​។​ ដូច្នេះ​ វា​បាន​បង្ក​ផល​លំបាក​ក្នុង​ការ​អនុវត្ត​នូវ​ប្រព័ន្ធ​ការងារ​ ឬ​លំហូរ​ការងារ​ប្រសើរ​ជាង​មុន​ ពីព្រោះ​សហជីព​តែងតែ​ជំទាស់​ភ្លាមៗ​ចំពោះ​ការ​កែប្រែ​ប្រព័ន្ធ​ការងារ​ដែល​គណៈ​គ្រប់គ្រង​រោងចក្រ​បាន​ស្នើ​ឡើង​ ។​

GMAC​ បាន​ឲ្យ​ដឹង​ថា​ កាលពីមុន​ រោងចក្រ​មាន​លទ្ធភាព​ទទួលយក​សឹងតែ​រាល់​ការ​បញ្ជា​ទិញ​ពី​អ្នកបញ្ជា​ទិញ​នៅ​ឯ​ក្រៅប្រទេស​ ពីព្រោះ​រោងចក្រ​មាន​ទំនុកចិត្ត​ថា​ កម្មករ​បំពេញការងារ​ពេញលេញ​នៅ​តាម​រោងចក្រ​ដែល​មាន​ប្រតិបត្តិការ​ល្អ​ នឹង​មាន​សមត្ថភាព​ផលិត​គ្រប់​តាម​ការ​បញ្ជា​ទិញ​ ។​

​ប៉ុន្តែ​ ចាប់ពី​ដើមឆ្នាំ​ ២០១៤​ មក​ ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ត្រូវ​ប្រឈម​នឹង​បាតុកម្មហិង្សា​ កម្មករ​មិន​ចូល​ធ្វើការ​ និង​ការ​រំខាន​ផ្សេងៗ​ ។​ ដូច្នេះ​ នេះ​ជា​មហន្តរាយ​មួយ​ចំពោះ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ ពីព្រោះ​អ្នកបញ្ជា​ទិញ​បាត់បង់​ទំនុកចិត្ត​មក​លើ​រោងចក្រ​នៅ​កម្ពុជា​ ហើយ​ថៅកែ​រោងចក្រ​វិញ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​តើ​ត្រូវ​ប្ដេជ្ញា​ថា​ទទួលយក​ការ​បញ្ជា​ទិញ​ឬ​យ៉ាងណា​ បើ​ឧស្សាហកម្ម​សព្វថ្ងៃ​មិន​មាន​ភាព​ប្រាកដប្រជា​និង​មាន​ចលាចល​ដូច្នេះ​ ។​

​ខណៈ​ពេល​ដែល​ថៅកែ​ និង​ប្រធាន​រោងចក្រ​កាន់តែ​ពិនិត្យពិច័យ​លើ​ការ​បញ្ជា​ទិញ​ ដូច្នេះ​ ឱកាស​ដែល​កម្មករ​ត្រូវ​រក​ប្រាក់​ចំណូល​បន្ថែម​តាម​រយៈ​ការងារ​ថែម​ម៉ោង​ កាន់តែ​ថយ​ចុះ​យ៉ាង​គំហុក​ ។​

GMAC​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​ឃើញ​កម្មករ​តាម​រោងចក្រ​ក្នុង​ក្រុងភ្នំពេញ​ ត្រូវ​ចេញពី​ធ្វើការ​នៅ​ម៉ោង​ ៤​ រសៀល​ ជា​រៀងរាល់ថ្ងៃ​ដូច្នេះ​ ជា​សញ្ញា​មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ ។​ នៅ​មុន​ឆ្នាំ​ ២០១៤​ ជា​ធម្មតា​ កម្មករ​មានឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ ដោយ​ធ្វើការ​បន្ថែម​ម៉ោង​រហូត​ដល់​ម៉ោង​ ៦​ ល្ងាច​ ។​

GMAC​ បាន​និយាយ​ទៀត​ថា​ វិបត្តិ​កើត​ចេញពី​សហជីព​មួយ​ចំនួន​ ដែល​តែងតែ​គៀងគរ​សមាជិក​របស់​ខ្លួន​ឲ្យ​ចូលរួម​កូដកម្ម​ខុស​នីតិវិធី​ច្បាប់​ ។​ ដូច្នេះ​ សកម្មភាព​របស់​សហជីព​នេះ​ បាន​រំខាន​និយោជក​ក្នុង​ការ​ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​ផ្សេងៗ​ជា​លក្ខណៈ​ប្រព័ន្ធ​ ដូច​ជា​ផលិតភាព​ទាប​ ហេដ្ឋារចនាសម្ព័ន្ធ​នាំ​ចេញ​ទន់ខ្សោយ​ អំពើ​ពុក​រលួយ​ និង​លទ្ធភាព​លក់​នៅ​ទីផ្សារ​មាន​កម្រិត​ទាប​ ជាដើម​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​ របស់​ GMAC​ បាន​និយាយ​ថា​៖​ “​សហជីព​ និង​សកម្មភាព​ខុសច្បាប់​របស់​សហជីព​បាន​ធ្វើ​ឲ្យ​យើង​លែង​បាន​ផ្ដោត​លើ​ការ​សិក្សា​រក​មូលហេតុ​ ថា​តើ​ហេតុ​អ្វី​ បានជា​ប្រទេស​វៀតណាម​ មាន​ភាព​ប្រកួតប្រជែង​ ផលិតភាព​ និង​ប្រាក់​ឈ្នួល​ ប្រសើរ​ជាង​នៅ​កម្ពុជា​”​ ។​

​លោក​បាន​ថ្លែង​ទៀត​ថា​៖​ “​ប្រសិនបើ​យើង​អាច​សុំ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្ដី​ពី​សហជីព​ ហើយ​ប្រសិនបើ​យើង​អាច​សុំ​ឲ្យ​សហជីព​ធ្វើ​សកម្មភាព​ អ្វី​ក៏​ដោយ​ឲ្យ​ស្រប​តាម​ក្រឹ​ត​ក្រម​ច្បាប់​ នោះ​យើង​អាច​គិតគូរ​ក​វិធី​ធ្វើ​យ៉ាងណា​ ជំរុញ​ឧស្សាហកម្ម​ឲ្យ​វិ​វត្ត​ទៅ​មុខ​ តាម​រយៈ​ការ​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ បច្ចេកវិទ្យា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ។​ ប្រសិនបើ​យើង​មិន​អាច​ធ្វើ​ការងារ​ទាំង​អស់នេះ​បាន​ ហើយ​គិតតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​របស់​សហជីព​បែប​នេះ​ ដូច្នេះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​អនាគត​នៃ​ឧស្សាហកម្ម​កាត់ដេរ​របស់​យើង​”​ ៕​ អត្ថបទ​ក្រុមហ៊ុន​

Sequence-03_3

Sequence-03_4