ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះ​ធម្មជាតិ​អត់​ទឹកភ្លៀង​ ធ្វើឱ្យ​ដំណាំ​ស្រូវ​វស្សា​របស់​កសិករ​១,៥០០ហិចតា​ ជួប​បញ្ហា​

ខេត្តស្វាយរៀង​៖ ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឱ្យ​ដំណាំស្រូវវស្សារបស់កសិករសរុបប្រមាណ១,៥០០ហិកតា នៅក្នុងឃុំកំពង់ចក ឃុំសង្កែ ស្រុករំដួល និង​ ឃុំស្វាយរំពារ ស្រុកស្វាយទាប ជួបបញ្ហាខ្វះខាតទឹក ។

ដោយពិនិត្យឃើញថា តំបន់នោះ ពុំមានប្រភពទឹកសម្រាប់អន្តរាគមន៍ និងជៀសវាងការខូចខាត​ដំណាំស្រូវរបស់កសិករ លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ ឧតុនិយម បានបញ្ជាឱ្យ​មន្ត្រី​មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការជួសជុលទំនប់កំពង់ថ្នាឡើងវិញជាបណ្តោះអាសន្ន ប្រវែង៣៥០ម៉ែត្រ​ សម្រាប់ស្តុកទឹកទុក និងស្តារ​ប្រឡាយមួយ​ខ្សែទៀត ប្រវែង២,៨០០ម៉ែត្រ ដើម្បីទាញទឹកដែលស្តុកទុកនោះ ទៅស្រោចស្រពដំណាំស្រូវកំពុងមានតម្រូវការទឹកនៅតំបន់ខាងលើ៕ចេស្តា