ព័ត៌មានទាន់ហេតុការណ៍៖

រំលោភរួចគំរាមសម្លាប់ ស្ទើរក្លាយជាវប្បធម៌របស់ជនល្មើស

កណ្តាល៖ ការរំលោភសេពសន្ថវៈរួចគំរាមសម្លាប់ចោល ប្រសិនបើជនរងគ្រោះហ៊ានយកសកម្មភាពដែលសង្គមស្អប់ខ្ពើមនេះទៅប្រាប់អ្នកដទៃ ស្ទើរក្លាយជាវប្បធម៌របស់ក្រុមជនល្មើសទៅហើយ ។

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ដែលរងការរំលោភសេពសន្ថវៈ ប្រាប់នគរបាលស្រុកពញាឮថា ជនល្មើសបានគំរាមសម្លាប់ចោល ប្រសិនបើកុមារីរូបនេះប្រាប់រឿងរ៉ាវនេះដល់អ្នកដទៃ ។ ប៉ុន្តែទីបំផុត សកម្មភាពដែលសង្គមស្អប់ខ្ពើមនេះ បានបែកការណ៍ឈានដល់ការឃាត់ជនល្មើសបញ្ជូនមកតុលាការខេត្តកណ្ដាល ដើម្បីចាត់ការតាមតាមច្បាប់ ។

របាយការណ៍នគរបាលស្រុកពញាឮ បង្ហាញថា ជនសង្ស័យឈ្មោះ ម៉ាច សាម៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ក្នុងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ហើយត្រូវបាននគរបាលឃាត់ខ្លួន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះ ។

លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា នៅអំឡុងដើមខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ ក្មេងស្រីរងគ្រោះបានដើរទៅផ្លាស់គោឲ្យស៊ីស្មៅ។ ពេលទៅដល់ ត្រូវបានជនសង្ស័យចាប់យកទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈនៅក្នុងព្រៃរហូតបានសម្រេច ។

NKD-36x6_outline

បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបាននិយាយគំរាមសម្លាប់ក្មេងស្រីរងគ្រោះចោល បើសិនជានាងហ៊ានយករឿងនេះទៅប្រាប់អ្នកដទៃ។ ដោយភ័យខ្លាចពាក្យសម្តីគំរាមរបស់ជនសង្ស័យក្មេងស្រីរងគ្រោះមិនបានយករឿងនេះប្រាប់នរណាឡើយ ។ក្រោយមកឪពុកម្តាយមានការសង្ស័យក៏ជជីកសួរនាំរហូតបែករឿងឈានទៅដល់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ាច សាម៉េត បានឆ្លើយសារភាពថា នៅថ្ងៃមិនចាំ អំឡុងដើមខែមីនា ឆ្នាំ២០១៧ រូបគេបានជួបក្មេងស្រីខាងលើនេះនៅក្នុងព្រៃខាងកើតភូមិ ពេលដែលជនរងគ្រោះដើរទៅផ្លាស់គោ។ គ្រានោះខ្លួន បាននិយាយលួងលោមទំនាក់ទំនងស្នេហាជាមួយ រហូតត្រូវរ៉ូវគ្នាទៅដេករួមភេទក្នុងព្រៃបានសម្រចមួយលើក។ ជនសង្ស័យបានបន្តថា បន្ទាប់ពីរួមភេទរួច ខ្លួនបាននិយាយសួរទៅកាន់ក្មេងស្រីនោះថា “ម៉េចលះបង់ខ្លួនអោយខ្ញុំអត់ស្តាយទេអី?” ។ ភ្លាមៗនោះនាងបានឆ្លើយថា “អត់ស្តាយទេព្រោះមនុស្សខ្លួនស្រលាញ់” ។ ក្រោយមករូបគេនិងក្មេងស្រីរងគ្រោះបាននិយាយលេងជាមួយគ្នាធម្មតាមួយសន្ទុះ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ចេស្តា