ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបណ្តោះអាសន្នបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលអាសនៈ៥៨ក្នុងការបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីរសៀល ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ បានប្រកាសលទ្ធផល បណ្តោះអាសន្នរបស់ខ្លួនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដោយបង្ហាញថា គណបក្ស ប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាចបានទទួល៥៨អាសនៈ ខណៈ ដែលគណបក្ស៣ផ្សេងទៀតមិនបាន ទទួលអាសនៈនោះទេ ។

បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤អស់រយៈពេល១ថ្ងៃមានអ្នកអញ្ជើញទៅបោះឆ្នោត ក្នុងការិយាល័យទាំង៣៣ និង៨ភូមិភាគ ក្នុងឃុំ-សង្កាត់១.៦៤៦ សរុប១១.៦៧០ នាក់ ស្មើនឹង៩៩,៧៩ភាគរយក្នុងចំណោមអ្នកមានឈ្មោះទៅបោះឆ្នោតសរុបចំនួន ១១.៦៩៥នាក់ ។

សមាជិកព្រឹទ្ធសភាពីមុនមាន៦១នាក់ ប៉ុន្តែនីតិកាលទី៤នេះសមាជិកព្រឹទ្ធសភា ត្រូវបានបង្កើនដល់៦២នាក់ ដោយក្នុង នោះ២រូបត្រូវបានតែងតាំងដោយព្រះ មហាក្សត្រ និង២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភា ហើយ៥៨រូបទៀតកើតចេញ ពីការបោះឆ្នោត ។

លទ្ធផលបឋមនោះសម្រាប់ភូមិភាគ ទាំង៨បានបង្ហាញថា៖

ភូមិភាគ១មាន៦អាសនៈ ៖ គណបក្ស ប្រជាជនកម្ពុជាទទួលបាន៨៩៧សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន២ សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ១១សំឡេង ។

ភូមិភាគ២ មាន ៨អាសនៈ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន១.៣០៥សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន១៦ សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួល បាន៤៥សំឡេង, គណបក្សយុវជនកម្ពុជា ទទួលបាន៣សំឡេង ។

ភូមិភាគ៣មាន៥អាសនៈ ៖ គណបក្ស ប្រជាជនកម្ពុជាទទួលបាន៨៧១សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន៨ សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួល បាន៤៤សំឡេង ។

ភូមិភាគ៤មាន១០អាសនៈ៖ គណ បក្សប្រជាជនកម្ពុជាទទួលបាន២.០៥៤សំឡេង, គណបក្សខ្មែររួបរួមជាតិទទួល បាន៧៩សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន៨១សំឡេង ។

ភូមិភាគ៥មាន៧អាសនៈ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន១.៣២៤ សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួល បាន១៤សំឡេង ។

ភូមិភាគ៦មាន៦អាសនៈ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន១.៣៩៥ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួល បាន១៣សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន១៨សំឡេង ។

ភូមិភាគ៧មាន៩អាសនៈ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន១.៦៨២ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួល បាន៣២សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន១៦សំឡេង ។

ភូមិភាគ៨មាន ៦អាសនៈ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន១.៦៧៤ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួល បាន៣២សំឡេង, គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន៤៧សំឡេង ។

យោងតាមសំឡេងឆ្នោតដែលបាន បង្ហាញនេះនៅគ្រប់ភូមិភាគទាំងអស់មានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលទទួលបានអាសនៈព្រឹទ្ធសភា ។

សូមបញ្ជាក់ថា អាសនៈនៅក្នុងព្រឹទ្ធ សភាស្មើនឹងពាក់កណ្តាលនៃចំនួនតំណាងរាស្រ្ត១២៣រូប។ ដូច្នេះសមាជិកព្រឹទ្ធសភានាពេលបច្ចុប្បន្នមានចំនួន៦២រូប។ ចំនួន អាសនៈនេះមាន២អាសនៈជ្រើសតាំង ដោយព្រះមហាក្សត្រ, ២អាសនៈជ្រើស តាំងដោយរដ្ឋសភាយកតាមសំឡេងភាគច្រើន ហើយ៥៨អាសនៈត្រូវបោះឆ្នោត ដោយតំណាងរាស្ត្រ និងសមាជិកក្រុម ប្រឹក្សា-ឃុំសង្កាត់ ។

គ.ជ.ប.បានបង្ហាញថា អ្នកបានទៅបោះឆ្នោតនៅតាមភូមិភាគទាំង៨ក្នុងការិយាល័យទំាំង៣៣មានចំនួន១១.៦៧០ នាក់នៃចំនួនអ្នកបោះឆ្នោតសរុប១១.៦៩៥នាក់ស្នើនឹង៩៩,៧៩ភាគរយ។ ការ បោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨មានអង្គបោះឆ្នោត២៥រូបមិន បានទៅបោះឆ្នោត ព្រោះតែបញ្ហាសុខភាពទៅព្យាបាលនៅក្រៅប្រទេស និងអវត្តមាន ដោយគ្មានមូលហេតុ ។

គណបក្សប្រជាជនកម្ពុជា ដែលទទួល បានសំឡេងឆ្នោតលើសលប់ក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាស ស្វាគមន៍ និងទទួលយកលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា។ រីឯគណបក្សផ្សេង ទៀតរួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណ បក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិ កម្ពុជាជាដើមបានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផល និងដំណើរការរៀបចំការបោះឆ្នោតព្រឹទ្ធសភានេះ ។

គណបក្សប្រជាជនកម្ពុជាមិនបានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទេ។ តែតាមរយៈលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាប្រកាសស្វាគមន៍លទ្ធផល និងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ។

លោក សុខ ឥសាន បានបន្ថែមថា គណ បក្សប្រជាជនកម្ពុជាក៏បានមើលឃើញថា បរិយាកាសរៀបចំការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យបានដំណើរការដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនមានបញ្ហា ណាមួយដែលបង្ហាញពីភាពមិនប្រក្រតី នោះទេ។ បណ្តាគណបក្សនយោបាយ និង សាធារណជនក៏បានប្រកាសគាំទ្រ និង អបអរសាទរគ.ជ.ប.ក្នុងការរៀបចំការបោះឆ្នោតនេះដែរ ។

គណបក្សហ៊្វុនស៊ិនប៉ិចដែលបានចូល រួមការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ហើយទោះបីជាលទ្ធផលដែលគ.ជ.ប. ប្រកាសផ្សព្វផ្សាយបង្ហាញថា គណបក្ស ហ៊្វុនស៊ិនប៉ិចបាត់សំឡេងឆ្នោតដែលជា តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនក៏ដោយក៏គណបក្សរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែប្រកាសថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកតំណាងរាស្ត្រ និងសមាជិក្រុមប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិចដែលជាអង្គបោះឆ្នោតដែលបានអញ្ជើញចូលរួមក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភានីតិកាលទី៤ នាថ្ងៃអាទិត្យ ទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ ។

ក្នុងសេចក្តីថ្លែងការណ៍គណបក្សហ៊្វុន ស៊ិនប៉ិចបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ ២០១៨នេះបានប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសនយោបាយល្អប្រសើរ ស្ងាត់ស្ងៀម គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលអាចទទួលយកបាន ។

អគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិចក៏បានប្រកាសថា ស្ថិតក្នុងឱកាសនេះ គណបក្សហ៊្វុនស៊ិនប៉ិចសូមប្រកាសគាំទ្រ និងអាចទទួលយកបាននូវលទ្ធផលបឋមបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ ២០១៨ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ដោយឡែកគណបក្សយុវជនកម្ពុជា ដែលបានចុះឈ្មោះដាក់បេក្ខជនចូលរួម ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៤ដែរនោះក៏បានចេញ សេចក្តីថ្លែងការណ៍ថា គ.ជ.ប.បានរៀបចំ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៤ ឆ្នាំ២០១៨ប្រកបដោយ យុត្តិធម៌ និងមានបរិយាកាសរលូនល្អ ។

គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដែលមានសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់៣នាក់ ហើយបានបោះឆ្នោតឲ្យគណបក្សយុវជនកម្ពុជាទាំង៣នាក់បាន ប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ដោយហេតុថា គណបក្សយុវជនកម្ពុជាបានមើលឃើញ ភាពត្រឹមត្រូវ និងយុត្តិធម៌ចំពោះដំណើរ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ ។

ចំណែកគណបក្សសញ្ជាតិកម្ពុជាទោះបីជាមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ប៉ុន្តែគណបក្សដែល ទទួលបានអាសនៈនៅរដ្ឋសភា២អាសនៈ ក្រោយពីការរំលាយគណបក្សសង្គ្រោះ ជាតិក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងឱឡារិកចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះដែរ ។

គណបក្សសញ្ជាតិកម្ពុជាសង្កេតឃើញ ថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រព្រឹត្ត ទៅដោយរលូន គ្មានអំពើហិង្សា ស្ថិតក្នុង បរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ និង ទទួលយកបាន ។

សម្រាប់ដំណើរការបោះឆ្នោតដែលគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែល ត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណ បក្សប្រឆាំងមួយនេះបានចេញសេចក្ដីថ្លែងការណ៍មួយប្រឆាំងដាច់ខាត និងបដិសេធទាំងស្រុងចំពោះលទ្ធផលបោះឆ្នោតនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា គណ បក្សសង្គ្រោះជាតិសូមអំពាវនាវដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ និង អង្គការសហប្រជាជាតិកុំទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ និងជួយធ្វើអន្តរាគមន៍ ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។

ស្របពេលការអំពាវនាវរបស់អតីតបក្ស ប្រឆាំងនេះសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជា ជនកម្ពុជាដែលជាដៃគូប្រកួតប្រជែងជា មួយអតីតគណបក្សសង្គ្រោះជាតិនោះបានសម្តែងការអបអរសាទរចំពោះលទ្ធផល នេះ ៕ ហេង សូរិយា