ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួល ៥៨ អាសនៈ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមីនានេះ បានប្រកាសថា លទ្ធផលផ្លូវការ​នៃការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គឺអាសនៈព្រឹទ្ធសភា​ទាំង ៥៨ បានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់​​​​។ ជាមួយនឹង​ការប្រកាសពីចំនួនអាសនៈនេះ គ.ជ.ប ក៏បានប្រកាស​ផ្សាយ​បញ្ជីបេក្ខជន​ជាប់ឆ្នោត នៅតាមភូមិ​ភាគនីមួយៗ ផងដែរ​។

ការប្រកាស​ផ្សាយលទ្ធផលផ្លូវការ​នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៤នេះ ត្រូវបានគ.ជ.ប ប្រកាស​ផ្សាយ​តាមទូរទស្សន៍ ​វិទ្យុ និងតាមគេហទំព័រ​របស់គ.ជ.ប។​ ​ក្នុងនោះ រួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក ) ទូរទស្សន៍បាយ័នBTV និង​វិទ្យុជាតិ ៣​ប៉ុស្តិ៍ គឺ​វិទ្យុជាតិ​កម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz និងវិទ្យុអេហ្វអឹមជាតិកម្ពុជា FM 96 MHz។

ព្រមជាមួយគ្នានោះផងដែរ លទ្ធផលផ្លូវ​ការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ក៏បានផ្សព្វ​ផ្សាយតាមគេហទំព័រ​របស់គ.ជ.ប www.necelect.org.kh ។

គ.ជ.ប បានគូសបញ្ជាក់ថា ការប្រកាសផ្សាយ​លទ្ធផលផ្លូវការនៃការបោះឆ្នោតទាំង ៨ ភូមិភាគ ក៏ត្រូវចាក់ផ្សាយឡើង​វិញ​ជាច្រើនដង នៅថ្ងៃទី០៣ ខែមីនានេះ និងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក។​

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា លទ្ធផលផ្លូវការ ដែលគ.ជ.ប ប្រកាសផ្សាយ​តាមទូរទស្សន៍ វិទ្យុ និងគេហទំព័រ ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃសៅរ៍ ទី០៣ ខែមីនាតទៅនេះ គឺជាការ​ប្រកាសពីការ​បែងចែក​អាសនៈ និងប្រកាសផ្សាយ​បញ្ជីបេក្ខជន​ជាប់ឆ្នោត​។ ក្នុងនោះ អាសនៈព្រឹទ្ធសភា ដែលដាក់​ឲ្យបោះឆ្នោត​ទាំង ៥៨ អាសនៈ បានទៅលើ​គណបក្ស​ប្រជាជនកម្ពុជាទាំងអស់​។ ដោយឡែក គណបក្ស ៣ទៀត គឺគណបក្ស​​យុវជនកម្ពុជា គណបក្សខ្មែរ​រួបរួមជាតិ និងគណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងឆ្នោត មិនអាច​ទទួល​បាន​អាសនៈណាមួយឡើយ នៅព្រឹទ្ធសភា​អាណត្តិនេះ​។

សូមរម្លឹកថា ព្រឹទ្ធសភា នីតិកាលទី៤ មានអាណត្តិ រយៈពេល ៦ឆ្នាំ មានសមាជិក​ ៦២ រូប។ ក្នុងនោះ ៥៨ រូប ត្រូវជ្រើសតាំង​តាមរយៈការបោះឆ្នោត។ ២​រូប តែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតាំង​ដោយរដ្ឋសភា​។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះករុណា ​ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំង​សម្តេច​​រាជបុត្រីព្រះ​អនុជ នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤​នេះ​៕

អត្ថបទ៖ គេហទំព័រក្នុងស្រុក