ព័ត៌មានទាន់ហេតុការណ៍៖

លិខិតចំហរជូនទូតបរទេសមួយចំនួន៖ កម្ពុជាមិនអនុញ្ញាតឲ្យមាន «បដិវត្តន៍ពណ៌» ហើយ «កម្ពុជាគ្មានច្បាប់លែងអ្នកទោសដោយឥតលក្ខខណ្ឌនោះទេ»

ភ្នំពេញ៖ ប្រជាជនកម្ពុជាសូមបញ្ជាក់សារជាថ្មីនូវជំហរម៉ឺងម៉ាត់ជូនទូតបរទេសមួយចំនួន ដែលធ្វើសេចក្តីថ្លែងការណ៍ថ្មីៗអំពីសភាពការណ៍កម្ពុជា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់រវាងសារជាតិនៃវោហាសាស្ត្រពង្រឹងប្រជាធិបតេយ្យ និងរវាងវោហាសាស្ត្រលើកទឹកចិត្តដល់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលនេះគឺជារឿងពីរផ្សេងគ្នា និងមានខ្លឹមសារខុសគ្នា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់អំពីតម្លៃនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអំពើទុច្ចរិតរបស់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលឆក់ឱកាសក្នុងពេលបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌បង្ករគ្រោះថ្នាក់ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិឯងទាំងមូល។ យើងក៏សូមបញ្ជាក់ជូនមិត្តបរទេសថា៖ «កម្ពុជាគ្មានច្បាប់លែងអ្នកទោស ដោយឥតលក្ខខណ្ឌនោះទេ»។

ប្រវត្តិសាស្ត្របានប្រាប់យើងច្បាស់ថា បដិវត្តពណ៌បានកំពុងបំផ្លិចបំផ្លាញប្រទេសជាង២០នៅលើពិភពលោក។ ភាពខ្លោចផ្សារ វិនាសកម្ម និងភាពខ្ទេចខ្ទាំពីបដិវត្តន៍ពណ៌នៅស្រស់ៗនៅឡើយ ហើយគ្មានអ្នកណាចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មនេះទេ។ ដូច្នេះ អ្នកណាក៏ដោយ តាមវិធីណាក៏ដោយ សុំកុំយកបដិវត្តន៍ពណ៌ដ៏ខ្មៅងងិតនេះមកសាបព្រួសនៅមាតុភូមិកម្ពុជាឲ្យសោះ។

យើងសូមឲ្យមិត្តបរទេសទាំងឡាយត្រូវមានភាពស្មោះត្រង់ជាមួយប្រជាជនកម្ពុជា។ អ្នកគួរមានភាពស្មោះត្រង់ ហើយរួមជាមួយប្រជាជនកម្ពុជាក្នុងការបំផ្លាញចោលអង្គការចាត់តាំង «បដិវត្តន៍ពណ៌» ដើម្បីកុំឲ្យកើតមានសារជាថ្មី នោះទើបជាកង្វល់ពិត។ កម្ពុជាធ្លាប់បានពុះពារយ៉ាងលំបាកក្នុងការរំលាយចោលអង្គការចាត់តាំង «ខ្មែរក្រហម» ទម្រាំបង្កើតបាននូវ «សន្តិភាព» ដែលមានតម្លៃដ៏ពិសិដ្ឋសម្រាប់ស្ថេរភាពជាតិនិងការអភិវឌ្ឍន៍កម្ពុជាដូចសព្វថ្ងៃនេះ។ ដូច្នេះ កម្ពុជាស្គាល់ច្បាស់ណាស់រវាងផលប្រយោជន៍ជាតិ និងសកម្មភាពដែលបំផ្លាញជាតិ។

ឥឡូវនេះ កម្ពុជាមានមូលហេតុពិតប្រាកដរបស់ខ្លួនក្នុងការបន្តពង្រឹងនីតិរដ្ឋនិងផ្លូវច្បាប់ដើម្បីជាមូលដ្ឋានសម្រាប់ការពារអធិបតេយ្យជាតិ ការពារអាយុជីវិតជាតិនិងអាយុជីវិតប្រជាជនទាំងអស់។ យើងយល់ច្បាស់ណាស់ថា៖ «អង្គការចាត់តាំងខ្មែរក្រហមព្រៃផ្សៃយ៉ាងណា គឺអង្គការចាត់តាំងបដិវត្តន៍ពណ៌ ក៏គ្រោះថ្នាក់ចំពោះជាតិដូចគ្នាដែរ»។ ប្រជាជនកម្ពុជាមិនជំទាស់ចំពោះទស្សនៈនយោបាយនោះទេ ក៏ប៉ុន្តែទាំងអស់គ្នាគួរតែមានទស្សនៈប្រាកដនិយម ទទួលស្គាល់ការពិត ហើយត្រូវតែគោរពនូវសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាជនកម្ពុជា ពីព្រោះប្រជាជនកម្ពុជាយល់ស្របគ្នាថា៖ «សន្តិភាពនិងការអភិវឌ្ឍន៍» គឺធំជាងអ្វីៗទាំងអស់ ហើយសំខាន់ជាអ្វីៗទាំងអស់។

ប្រជាជនកម្ពុជាមានបទពិសោធន៍ផ្ទាល់ខ្លួនឯងគ្រប់គ្រាន់អំពីផលវិបាករបស់ជាតិនិងប្រជាជនដែលបង្ករដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ប៉ុល ពត កាលពីអតីតកាលដែលជា «មរតកនៃសង្គ្រាមត្រជាក់»។ ដូច្នេះ នៅពេលដែលអ្នកលើកពីការនិពន្ធអំពីប្រវត្តិសាស្ត្រតែមួយចំណែកតូច យើងគួរតែក្លាហានហ៊ានលាតត្រដាងប្រវត្តិសាស្ត្រពិភពលោកទាំងមូល និងត្រូវតែហ៊ានទទួលស្គាល់ការពិត ហើយពេលនោះអ្នកអាចយល់បានថា ហេតុដូចម្តេចកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់អំពីផលប្រយោជន៍ជាតិបែបនេះ?៖

ទី១៖ ប្រជាជនកម្ពុជា បានមើលឃើញយ៉ាងច្បាស់អំពីទុក្ខសោករបស់ជនភៀសខ្លួនដែលបង្ករឡើងដោយសារអំពើឈ្លានពាន និងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈ«បដិវត្តន៍ពណ៌» ដែលអុជអាលដោយបរទេស មានដូចជានៅប្រទេស៖ យូហ្គោស្លាវី, ទុយណេស៊ី, អ៊ុយក្រែន, អាម៉ានៀ, អេហ្ស៊ីប, ហ្សកហ្ស៊ី, ហ្សកដង់, ម៉ារ៉ុក, ស៊ូដង់, ម៉ូរីស, លីបង់, អ៊ីរ៉ាក់, គុយវ៉ែត, អេហ្ស៊ីប, លីប៊ី, យេម៉ែន, ស៊ីរី និងនៅបណ្តាប្រទេសមួយចំនួនទៀត។

NKD-36x6_outline

ទី២៖ ប្រជាជនកម្ពុជាក៏បានយល់ដឹងច្បាស់ណាស់អំពីសោកនាដកម្មរបស់ប្រជាជននៅជុំវិញពិភពលោកដែលបង្ករដោយពួកជ្រុលនិយម និងអំពើភេរវកម្មដែលកំពុងបន្តកើតមានជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃនេះ។ប្រជាជនកម្ពុជាក៏បានដឹងដែរថា ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាកំពុងប្រឈមវិបត្តិធ្ងន់ធ្ងរនៃការបែកបាក់ជាតិ សង្គ្រាមស៊ីវិល និងការទាមទារបំបែករដ្ឋបន្ទាប់ពី«បដិវត្តន៍ពណ៌»។ យើងទាំងអស់គ្នាគួរមានការសោកស្តាយដែលបរទេសមួយចំនួនធ្វើជាមិនដឹងមិនឮចំពោះផលវិបាកនិងទុក្ខសោករបស់ប្រជាជនទាំងស្ត្រី និង កុមារ នៅជុំវិញពិភពលោក ដែលបង្ករឡើងដោយសារបដិវត្តន៍ពណ៌នេះ។

ទី៣៖ ប្រជាជនកម្ពុជាបានដឹងថា ប្រទេសខ្លះបានសម្រេចព្យួរចោលប្រជាធិបតេយ្យ ដើម្បីស្តារឡើងវិញនូវស្ថេរភាពសង្គម និងការផ្សះផ្សារជាតិ ហើយប្រទេសខ្លះបានបន្តការដឹកនាំតាមរបៀបឯកបក្សដើម្បីពង្រឹងអភិបាលកិច្ច និងបន្តពង្រីកសេដ្ឋកិច្ចទីផ្សារសេរី។

ទី៤៖ ប្រជាជនកម្ពុជាក៏បានដឹងដែរថា ពិភពលោកគ្មានស្តង់ដារការដឹកនាំទេ ហើយនៅក្នុងប្រទេសបិតាប្រជាធិបតេយ្យ ក៏គ្មានវត្តមានគណបក្សប្រឆាំងដែរ។ យើងក៏បានដឹងដែរថា ប្រជាជននៅក្នុងប្រទេសបិតាប្រជាធិបតេយ្យមួយបានកំពុងសម្តែងការឈឺចាប់ដោយចោទប្រទេសមហាអំណាចមួយទៀតថា «ជ្រៀតជ្រែក» កិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។ កម្ពុជាក៏មានទស្សនៈដូចគ្នាដែរថា ដាច់ខាតគឺមិនទទួលយកការជ្រៀតជ្រែកពីបរទេសណាឡើយ តែកម្ពុជាមិនទាន់ដល់កម្រិតត្រូវបណ្តេញមន្ត្រីទូតឲ្យចាកចេញពីប្រទេស ដោយសារបញ្ហា«ជ្រៀតជ្រែក»នោះទេ។

ឆ្លងតាមបទពិសោធន៍ជាក់ស្តែង និងការពិតរបស់ពិភពលោកខាងលើនេះ ប្រជាជនកម្ពុជាសូមបញ្ជាក់ជូនបរទេសមួយចំនួនថា ប្រជាជនកម្ពុជានៅតែបន្តប្រកាន់យកការដឹកនាំប្រទេសតាម «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»។ ប្រជាជនកម្ពុជាគោរពស្មារតីរដ្ឋធម្មនុញ្ញដែលចែងអំពី «ប្រជាធិបតេយ្យសេរីពហុបក្ស»។ ប្រជាជនកម្ពុជាមានសុភវិនិច្ឆ័យប្រកបដោយមនសិការជាតិខ្ពស់ដោយបោះឆ្នោតបន្តទៀតជូនមេដឹកនាំជាតិរបស់យើងដែលមានសមត្ថភាពនិងលទ្ធភាពពេញលេញក្នុងការការពារ «អធិបតេយ្យជាតិ»។

យើងក៏សូមគូសបញ្ជាក់ជូនមិត្តបរទេសថា នៅក្នុងប្រវត្តិនយោបាយកម្ពុជា បើគណបក្សនយោបាយណាមួយទទួលយកមនោគមន៍វិជ្ជាបរទេសមកអនុវត្ត គឺបក្សនយោបាយនោះតែងតែអនុវត្តដោយជ្រុលនិយម ហើយអំពើជ្រុលនិយមនេះមិនត្រឹមតែបំផ្លាញតម្លៃដើមនៃទស្សនៈវិជ្ជានយោបាយប៉ុណ្ណោះទេ គឺថែមទាំងបំផ្លាញជាតិនិងប្រជាជនរបស់ខ្លួនឯងតែម្តង។ ដូច្នេះ ប្រជាជនកម្ពុជានឹងមិនអត់ឱនចំពោះមនោគមន៍វិជ្ជាពិសពុលទាំងឡាយណា រួមទាំងមិនអនុញ្ញាតឲ្យមានបដិវត្តន៍ពណ៌កើតឡើង ដែលនាំដល់ការបែកបាក់ជាតិ បំផ្លាញសន្តិភាពដ៏ពិសិដ្ឋរបស់ជាតិ ហើយបង្កើតឡើងនូវភ្លើងសង្គ្រាមនៅកម្ពុជាដូចក្នុងទសវត្សរ៍ឆ្នាំ១៩៧០នោះទេ។

យើងសូមគូសបញ្ជាក់ដែរថា កម្ពុជាបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាដៃគូសន្ទនារជាមួយបរទេសគ្រប់កម្រិត គ្រប់ទម្រង់ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដោយគោរពគ្នាទៅវិញទៅមកនិងដោយតម្កល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយប្រជាជនកម្ពុជាខិតខំកសាងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយបណ្តាប្រទេសជាមិត្តទូទាំងពិភពលោក។

ឥឡូវនេះ គឺជាពេលវេលានៃការពង្រឹងប្រជាធិបតេយ្យដោយស្មោះត្រង់ ដោយគោរពនូវសិទ្ធិពេញលេញរបស់ប្រជាជនកម្ពុជា និងទុកឱកាសឲ្យប្រជាជនកម្ពុជាមានសិទ្ធិស្វ័យសម្រេចក្នុងការបន្តជ្រើសរើសមេដឹកនាំជាតិរបស់ខ្លួនតាមដំណាក់កាលបោះឆ្នោតនីមួយៗដោយសន្តិវិធី ព្រមទាំងគោរពនូវឯករាជ្យភាព សេរីភាព និងអធិបតេយ្យរបស់កម្ពុជា។ កម្ពុជាមិនមែនត្រូវការពង្រឹងតែមួយវិស័យនោះទេ ប៉ុន្តែកម្ពុជាត្រូវការពង្រឹងពង្រីកលើគ្រប់វិស័យ។ ដូច្នេះ មិត្តបរទេសទាំងឡាយគួរបន្តភាពជាដៃគូស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យទាំងនយោបាយ ការទូត សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងអស់គ្នា៕ សុខ ខេមរា