ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអានៈ ចង់អាណាងាប់ក៏ងាប់ទៅ ឲ្យតែអញរស់?

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានមើលឃើញពីភាពមិនប្រក្រតីមួយចំនួនរបស់រថយន្តដឹកកង់តឺន័រ ដែលផ្ទុកទំនិញពេញៗ បើកចេញចូលក្នុងរាជធានីភ្នំពេញពេលថ្ងៃ ជាហេតុបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងធ្វើឲ្យកកស្ទះចរាចរណ៍ស្ទើរ រាល់ថ្ងៃ ។

ខ្ញុំមិនដឹងថា រាល់សកម្មភាពរថយន្តកង់តឺន័របើកចូលក្រុងជាទីប្រជុំជនមនុស្សស្អេកស្កះ នាពេលថ្ងៃ អាជ្ញាធររាជធានីភ្នំពេញបានជ្រាបដែរឬទេ ខណៈដែលកន្លងមកសាលា រាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងមិនឲ្យរថយន្តធុនធំ ជាពិសេសរថយន្តកុងតឺ ន័រតែម្តង តម្រូវឲ្យចូលក្រុងតែពេលយប់ស្ងាត់ ដោយមិនអនុញ្ញាតឲ្យចូលពេលថ្ងៃទេនោះ។

អ្វីដែលខ្ញុំក៏ដូចជាប្រជាពលរដ្ឋមួយចំនួនហួសចិត្តនោះ គឺនៅព្រឹកថ្ងៃទី ១០ខែ ឧសភា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវ២៣០ កែងផ្លូវម៉សេទុង(ផ្លូវកោសដូងជាប់ស្តុបឃ្លាំងរំសេវ) សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលជាផ្លូវតូចចង្អៀតចៀសគ្នាស្ទើរមិនរួច មានកុងតឺន័រយក្សមួយគ្រឿងប្រវែងជិត១០ម៉ែត្របានឈប់ដាក់ទំនិញរបស់ខ្លួនយ៉ាងរំភើយ ដោយមិនខ្វល់ ឬ ទើសក្បាលអ្នកណាឡើយ ។ អ្នកណាក៏ដឹងដែរថា ក្នុងអំឡុងម៉ោង៧ទៅ៨ ព្រឹកពោរពេញដោយមន្រ្តីរាជការនិងអ្នករកស៊ីចេញទៅធ្វើការរកស៊ីណែនណាន់តាន់តាប់ ។ ចំណែកនៅតាមបណ្តោយផ្លូវលេខ២៣០នេះវិញក៏សម្បូរមន្ត្រីរាជការ ជាពិសេសប៉ូលិសរាជធានីមួយក្រុមមានការិយាល័យនៅក្បែរនេះត្រូវការចេញចូលធ្វើការមិនដាច់ហើយថ្ងៃណាក៏ស្ទះចរាចរណ៍ដែរ ចុះហេតុអីនៅតែមានកង់តឺន័រយក្សមួយគ្រឿងនេះប្រជ្រៀតទៅដាក់ទំនិញ នៅទីនោះរឹតតែធ្វើឲ្យកកស្ទះចរាចរណ៍រាប់ម៉ោងទៀត ? ឬមួយពួកគាត់គិតថា អាណាស្ទះអីក៏ស្ទះទៅ អាណាងាប់អីក៏ងាប់ទៅ ឲ្យតែអញរស់?

NKD-36x6_outline

ម្យ៉ាងដែរពេលនោះខ្ញុំ ឃើញរថយន្តស្ទូចតូចមួយរបស់ប៉ូលិសចរាចរទៅដល់ ប៉ុន្តែខ្ញុំមិន ដឹងថាលោកប៉ូលិសមានបំណងយករថយន្តស្ទូចតូចមួយនេះទៅស្ទូចរយន្តកង់តឺន័រយក្សដើម្បី បញ្ចៀសកកស្ទះចរាចរណ៍យកល្អមើលមុខប្រជាពលរដ្ឋដែលកំពុងក្តៅក្រហាយ ឬគ្រាន់តែទៅខ្សឹបខ្សៀវជាមួយម្ចាស់ទំនិញដើម្បីប្រយោជន៍អ្វីមួយនោះទេ ។

បើយ៉ាងនេះមែនមិនខុសពីពាក្យខ្មែរយើងថា អាក្រូចដូចអាពោន ចង់អាណាងាប់ៗទៅ ឲ្យតែអញរស់ ? ដូច្នេះសាលារាជធានីភ្នំពេញមិនបាច់ហាមឃាត់ទៀតទេ ទុកឲ្យកង់តឺន័រចូល ពេញក្រុងតែម្តងទៅ ៕ ប្រជាពលរដ្ឋម្នាក់