ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ កំណាត់ផ្លូវសំខាន់ៗក្នុងខណ្ឌ៧មករាត្រូវបានលក់?

ក្នុងនាមប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ខ្ញុំបាទមើលឃើញថា ស្ថានភាពផ្លូវកាន់តែរួមតូច ព្រោះតែចិញ្ចើមផ្លូវត្រូវបានឈ្មួញ ឬអាជីវករយកធ្វើជាកន្លែងតាំងលក់របស់របររកស៊ីទៅហើយ ។ កំណាត់ផ្លូវខាងមុខផ្សារដេប៉ូ ក៏ដូចជាមុខវិទ្យាល័យបាក់ទូក សុទ្ធតែត្រូវបានរួមតូចដោយសារការដាក់តាំងទំនិញលក់ ។ ករណីនេះវាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់យ៉ាងខ្លាំង ។ អាជ្ញាធរមិនដែលចាប់អារម្មណ៍ចំពោះករណីនេះឡើយ ។

ផ្លូវលេខ២១៥ ត្រូវបានគេដាក់លក់រថយន្តជាប្រចាំ, ផ្លូវនៅម្តុំផ្សារអូរឫស្សី ក្លាយជាចំណតម៉ូតូ រថយន្តគ្មានសណ្តាប់ធ្នាប់, ផ្លូវព្រះសីហនុ ក្លាយជាកន្លែងលក់ម៉ូតូ ។ ការលក់ម៉ូតូនៅតាមបណ្តោយផ្លូវព្រះសីហនុ លយចូលជ្រៅដល់ចិញ្ចើមផ្លូវ ដែលអ្នកធ្វើដំណើរមិនអាចដើរបានឡើយ ។ ផ្លូវសុកហុក (១០៧) កំពុងបាត់បង់ចិញ្ចើមផ្លូវបន្តិចម្តងៗ… ដែលប្រការនេះវាធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ចរាចរណ៍យ៉ាងខ្លាំង ។ នៅគ្រាដែលយានយន្តកាន់តែច្រើនឡើង ហើយផ្លូវកាន់តែរួមតូចនោះ វាធ្វើឲ្យចរាចរណ៍កាន់តែកកស្ទះ ។

ខ្ញុំបាទសង្កេតឃើញថា ការរំលោភចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈនេះ បានកើតឡើងស្ទើរគ្រប់ខ្សែផ្លូវនៅក្នុងខណ្ឌ៧ មករា ។ ក្រៅពីចិញ្ចើមផ្លូវត្រូវបានអនុញ្ញាតឲ្យដាក់រថយន្តលក់ ក៏មានផ្ទះប្រកបរបរអាជីវកម្មខ្លះមិនមានចំណតសម្រាប់អតិថិជនរបស់ខ្លួនឡើយ ។ ផ្ទះលក់គ្រឿងសំណង់, ហាងគុយទាវ មួយចំនួនគ្មានចំណតនោះទេ ។ រថយន្ត ឬម៉ូតូភ្ញៀវតាមហាងទាំងនោះ ត្រូវបានចតនៅលើចិញ្ចើមផ្លូវ ។ ក្រៅពីនោះ ក៏មានម្ចាស់សំណង់ខ្លះបានសង់លើចិញ្ចើមផ្លូវសាធារណៈទៀតផង ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ សំណូមពរទៅអាជ្ញាធរ ក៏ដូចជាម្ចាស់អាជីវកម្ម «កុំដើម្បីតែផលប្រយោជន៍របស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ» ហើយកុំអាងមានខ្សែធំ ធ្វើអ្វីស្រេចតែនឹងចិត្តនោះ ។ អាជ្ញាធរគួរតែមានវិធានការច្បាស់លាស់ក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងទីក្រុង ពីព្រោះភូមិសាស្ត្រខណ្ឌ៧មករា កណ្តាលទីក្រុង ដែលមានមនុស្សច្រើនកកកុញធ្វើដំណើររាល់ថ្ងៃ ៕ ប្រជាពលរដ្ឋម្នាក់

rtg