ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រសួងសុខាភិបាលដឹងទេ ថ្នាំពេទ្យលក់ពេញអនឡាញ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលនិយមលេងហ្វេសប៊ុក កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ ការលក់ទំនិញតាមអ៊ីនធើណេត(អនឡាញ) បានកើនឡើងគួរឲ្យកត់សម្គាល់ ។ ការលក់ទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង ឬរបស់ប្រើប្រាស់ផ្សេងៗ វាជារឿងធម្មតា ប៉ុន្តែការកត់សម្គាល់របស់ខ្ញុំ ការលក់ឱសថ ឬក៏ថ្នាំពេទ្យ ក៏ដូចជាគ្រឿងសំអាងផ្សេងៗគួរតែមានការត្រួតពិនិត្យពីស្ថាប័នជំនាញជាមុន ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់។ ខ្ញុំមិនដឹងថា តើក្រសួងសុខាភិបាលបានដឹងអំពីការលក់ឱសថ ឬគ្រឿងសំអាងថ្នាំបុរាណផ្សេងៗនៅតាមប្រព័ន្ធអនឡាញនោះដែរឬទេ? តើគួរមានការត្រួតពិនិត្យដែរឬយ៉ាងណា?

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឱសថជំនួយសុខភាព ក៏ដូចជាថ្នាំព្យាបាលរោគផ្សេងៗ កំពុងបានដាក់លក់តាមប្រព័ន្ធអនឡាញព្រោងព្រាត ហើយអ្នកលក់ គឺមិនមែនជាអ្នកដែលមានជំនាញទៀតផង។ ការលក់ឱសថបុរាណ ឬក៏ថ្នាំពេទ្យទាន់សម័យ ហាក់ដូចជាកំពុងពេញនិយមសម្រាប់អ្នកទិញនៅតាមអនឡាញ ព្រោះអ្នកជំងឺទាំងឡាយដែលមិនមានពេលគ្រប់គ្រាន់ដើម្បីទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញបានជឿទៅលើការឃោសនា តាមប្រព័ន្ធអនឡាញនោះ។ មិនតែប៉ុណ្ណោះទំនិញហាមឃាត់មួយចំនួន ក៏ត្រូវបានលក់ជាចំហរតាមអ៊ីនធើណេតផងដែរ។ ទំនិញខុសច្បាប់ក៏មានលក់ និងទំនិញហាមឃាត់ផ្សេងៗ ក៏មានលក់ជូនអតិថិជនផងដែរ។

NKD-36x6_outline

ខ្ញុំបាទសង្កេតឃើញថា គ្រាន់តែថ្នាំឫសដូងបាតមួយមុខ មានអ្នកលក់គ្រប់ប្រភេទ ទាំងឱសថខ្មែរបុរាណ និងថ្នាំពេទ្យនាំចូលពីបរទេស។ អ្នកលក់មិនអាចពិភាក្សា ឬពិនិត្យស្ថានភាពជំងឺនោះបានទេ គ្រាន់តែប្រាប់ថា វាជាថ្នាំពេទ្យនាំចូលពីបរទេសដ៏ល្បីល្បាញដែល«អ្នកជំងឺអាចសាកល្បង» បាន ។ ក្រៅពីនេះក៏មានថ្នាំជំនួយសុខភាពផ្លូវភេទបុរស នារី និងលក់ឧបករណ៍សិប្បនិមិត្តផ្លូវភេទបុរសនារីផងដែរ។ ការលក់បែបនេះ ប្រឈមនឹងហានិភ័យសម្រាប់អ្នកជំងឺផង និងជាអំពើខុសច្បាប់ផង។ ការដែលមិនអាចប្រឹក្សាពីស្ថានភាពអ្នកជំងឺគឺជារឿងដែលប្រឈមនឹងគ្រោះថ្នាក់ ។ រីឯការលក់ឧបករណ៍សិប្បនិមិត្តផ្លូវភេទ បុរស នារី ក៏ខ្ញុំបាទយល់ឃើញថា ខុសនឹងច្បាប់ប្រទេសដែរ។

យ៉ាងណាក៏ដោយមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នជំនាញចាត់វិធានការចំពោះការលក់បែបនេះឡើយ។ ឬមួយទាល់តែមានបញ្ហាកើតឡើង ទើបចាត់វិធានការ«គោបាត់ទើបធ្វើរបង?» ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់យល់ឃើញថា ការលក់ឱសថបុរាណ ឬថ្នាំពេទ្យ ក៏ដូចជាឧបករណ៍សម្ភារបម្រើផ្លូវភេទ…ទាំងនេះជាទង្វើខុសច្បាប់ដែលស្ថាប័នជំនាញត្រូវចាត់វិធានការជាបន្ទាន់។ វាធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឲ្យអ្នកជំងឺកាន់តែប្រឈមខ្លាំងឡើង។ រីឯការលក់សម្ភារផ្លូវភេទផ្សេងៗនោះ ខ្ញុំគិតថា វាជាទង្វើខុសច្បាប់ ដែលស្ថាប័នជំនាញមិនគួរព្រងើយកន្តើយ៕ ប្រជាពលរដ្ឋម្នាក់

រូបភាព៖ ហ្វេសប៊ុក