ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លិខិតមិត្តអ្នកអាន៖ ក្រុងព្រះសីហនុ រកកន្លែងដេកគ្មាន

ចែករំលែក៖

តាមរយៈការចែកចាយវីដេអូ​របស់អ្នកកំប្លែង អ្នកនាង ខ្ញុង បានឲ្យដឹងថា នៅក្រុងព្រះសីហនុសព្វថ្ងៃ រកកន្លែង​គេងគ្មានទេ (ផ្ទះសំណាក់, សណ្ឋាគារ) ។ តាមរយៈការលើកឡើងនេះ ក្នុងនាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅទីក្រុងមាត់សមុទ្រ​មួយនេះ សូមបដិសេធន៍ទាំងស្រុង ចំពោះសម្តីបែបនេះ ពីព្រោះថា ផ្ទះសំណាក់ សណ្ឋាគារ មានព្រោងព្រាត រីកដុះដាលស្អេកស្កះ គ្រាន់តែថា តើ​អ្នកនាង ខ្ញុង មានលុយគ្រប់គ្រាន់សម្រាប់ចូលដេកសណ្ឋាគារ ឬផ្ទះសំណាក់ដែរឬទេ? នៅគ្រាដែលគេដឹងថា តម្លៃផ្ទះសំណាក់ ឬសណ្ឋាគារ​ត្រូវបានកំណត់ដោយបបូរមាត់ថៅកែ តាមការនឹកឃើញ ។ ពេលដែល​ម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ដឹងថា ភ្ញៀវមកច្រើន ហើយជិត​អស់​បន្ទប់​ គឺអាចដំឡើងថ្លៃ ស្រេចតែនឹងចិត្ត ។ មិនតែប៉ុណ្ណោះ ទោះបីជាអ្នកបានកក់បន្ទប់រួចហើយក៏ដោយ ក៏គេអាចដំឡើងថ្លៃបានដែរ ។ អាជ្ញាធរពិតជាមិនមានលទ្ធភាព អាចគ្រប់គ្រងបញ្ហានេះ​បាននោះទេ ។
នៅក្នុងបរិបទនេះ ក្នុងនាមប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ពិតជាតឹងចិត្ត ចំពោះអ្វីដែលបាននិងកំពុងកើតឡើង​នាពេលសព្វថ្ងៃ ។ សព្វថ្ងៃនេះ សូម្បីតែបញ្ហាសំរាម ពាសវាលពាសកាល ពេញផ្លូវ, ផ្លូវខូចគ្រប់ទីកន្លែង… ម្ចាស់សណ្ឋាគារបង្ហូរទឹកសំអុយចូលសមុទ្រ…​​, ចិនសរសេរប៉ាយ​ជាភាសាចិន លើដីខ្មែរ ដោយគ្មានអក្សរខ្មែរមួយតួ មិនឃើញ អាជ្ញាធរមានប្រតិកម្មនោះឡើយ… អាជ្ញាធរខេត្ត-ក្រុងព្រះសីហនុ មិនដែលខ្វល់ឬអំពល់អំពីបញ្ហានេះទេ ។ រឿងដដែលៗ បានកើតឡើង នៅក្រុងព្រះសីហនុ ប៉ុន្តែ​មិនឃើញអាជ្ញាធរចាត់វិធានការដុំកំភួននោះឡើយ ។ បញ្ហាផ្ទះសំណាក់ឡើងថ្លៃ, ចំណីអាហារឡើងថ្លៃ នៅតែជាចំណោតគ្រប់ជំនាន់នៃការដឹកនាំរបស់ថ្នាក់ដឹកនាំក្រុង-ខេត្តនាពេលកន្លងមក ។ ប៉ុន្តែគេមិនអាចធ្វើអ្វីបានឲ្យ​មានការរីកចម្រើនជាដុំកំភួននោះឡើយ ។ គ្រាន់តែបញ្ហាពួកចិនសរសេរ​ចិនលើប៉ាយនានា គឺជាបញ្ហា ដែលអាជ្ញាធរដោះស្រាយមិនចេញ ។
តាមរយៈអ្វីដែលអ្នកកំប្លែង ខ្ញុង បានលើកឡើង គឺជាការវាយប្រហារមួយយ៉ាងធ្ងន់ចំពោះអាជ្ញាធរខេត្ត-ក្រុងព្រះសីហនុនៃខ្ញុំ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ប្រាកដជានិយាយថា របបទីផ្សារសេរីគឺបែបនេះឯង ។ បែបនេះ អនាគត​ពលរដ្ឋខ្មែរនឹងលែងហ៊ានជាន់ជើងខេត្តព្រះសីហនុមិនខានឡើយ ។ កុំថាឡើយដល់ផ្ទះសំណាក់ សណ្ឋាគារ សូម្បីតែចំណីចំណុកលក់នៅលើទីផ្សារ​ក៏អាជ្ញាធរ​មិនអាចធ្វើអ្វីបានដែរ ។ ដូច្នេះ តើប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរណ៍ខ្មែរ អាចធ្វើអ្វីបានខ្លះនៅលើមាតុភូមិ​របស់យើង ។ មាតុភូមិរបស់យើង ដែលពលរដ្ឋខ្មែរយើងជិនណាយមិនចង់ទៅកម្សាន្ត ។ ក្នុងនាមប្រជាពលរដ្ឋខេត្តព្រះសីហនុរំពឹងថា អាជ្ញាធរ ក្រុង-ខេត្ត នឹងខិតខំធ្វើយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវជាតិយើង​ឲ្យទៅកម្សាន្តនៅមាត់សមុទ្ររបស់យើងឡើងវិញ ។ បើមិនដូច្នោះទេ មានតែដូរថ្នាក់ដឹកនាំ ដើម្បីប្តូរផ្នត់គំនិតនៃការដឹកនាំ​៕ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖