ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ខាងណាទទួលខុសត្រូវរឿងសំរាមនៅតំបន់អង្គរ

ដូចរូបភាពដែលបានបង្ហាញនេះ គឺជារឿងដែលគួរឲ្យខ្លោចផ្សាចំពោះតំបន់អង្គរដ៏ល្បីល្បាញ បែរជាពោរពេញទៅដោយសំរាមទៅវិញ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំសោកស្តាយចំពោះអ្វីដែលបានកើតឡើងនៅតំបន់អង្គរ ជាពិសេសបញ្ហាសំរាមនេះតែម្តង ។

គេមិនអាចវាយតម្លៃចំពោះអ្វីដែលបានឃើញនៅពេលនេះនោះទេ ប៉ុន្តែវាជារឿងមួយដែលមិនគួរកើតមានទាល់តែសោះ ពីព្រោះក្រៅពីការស្តីបន្ទោសទៅលើប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតំបន់អង្គរថា គ្មានចំណេះដឹងអំពីបញ្ហាបរិស្ថាន ដោយចោលសំរាមផ្តេសផ្តាសនោះ អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកកើបលុយនៅតំបន់នេះ គួរតែមានលទ្ធភាពក្នុងការធ្វើឲ្យតំបន់អង្គរគ្មានសំរាម ។ បញ្ហាទាំងនេះ វាអាស្រ័យទៅដោយស្មារតីនៃអ្នកដឹកនាំ ដែលមានការទទួលខុសត្រូវគ្រប់បញ្ហា ជាពិសេសត្រូវមើលចាប់ផ្តើមតាំងពីសំរាមនេះឡើងទៅ មិនមែនចាំតែយកលុយនោះទេ។

ទោះបីវាជារូបចាស់ ឬជារូបថ្មីដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមនាពេលនេះ គឺបញ្ជាក់ឲ្យឃើញថា តំបន់អង្គរពោរពេញទៅដោយសំរាម ព្រោះតែការមិនយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ច ។ ខ្ញុំបាទមិនដឹងថា តើអាជ្ញាធរមានសមត្ថកិច្ចសំដៅទៅលើក្រុមហ៊ុនប្រមូលសំរាម? អាជ្ញាធរអប្សរា? ឬអាជ្ញាធរខេត្តសៀមរាបនោះទេ ។ ប៉ុន្តែអ្វីដែលសំខាន់ តំបន់អង្គរមិនគួរបើមានសំរាមដូចក្នុងរូបភាពនេះឡើយ ។ ជាងនេះទៅទៀត វាជាតំបន់ដែលពោរពេញដោយបរិស្ថានស្រស់ស្អាត ដែលសូម្បីតែផ្សែងបារីក៏គ្មានផង ។

NKD-36x6_outline

ខ្ញុំបាទយល់ថា វាជាបញ្ហាដែលត្រូវដោះស្រាយឲ្យជ្រះស្រឡះ និងធានាបានថា តំបន់អង្គរគ្មានសំរាមរបៀបនេះទៀតឡើយ ។ សំរាមទាំងនោះមិនមែនត្រឹមតែជាកញ្ចក់ឆ្លុះភាពអាម៉ាស់របស់ស្ថាប័ន ដែលគ្រប់គ្រងតំបន់អង្គរប៉ុណ្ណោះទេ ប៉ុន្តែគេអាចមើលឃើញថា លំនៅឋាន ឬកន្លែងធ្វើការរបស់អ្នកគ្រប់គ្រងតំបន់អង្គរ ក៏មិនខុសពីសំរាមពាសវាលពាសកាលនៅតំបន់អង្គរនោះដែរ  ៕ ប្រជាពលរដ្ឋម្នាក់

 

4 1 2