ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លិខិតមិត្តអ្នកអាន៖ ខេត្តព្រះសីហនុខ្ញុំអើយ! អាជ្ញាធរអត់ខ្វល់រឿងអក្សរខ្មែរ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋតូចតាចម្នាក់ រស់នៅខេត្តព្រះសីហនុសព្វថ្ងៃ ទើសចិត្តតឹងដើមទ្រូងជាពន់ពេក ឥតឧបមា ចំពោះការ​​ដែលជនជាតិចិនធ្វើ​មិនឲ្យមានរបៀបរៀបរយចំពោះបញ្ហាអក្សរសាស្ត្រជាតិខ្មែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺថ្នាក់ដឹកនាំក្រុងព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំខេត្តមិនដែលខ្វល់ចំពោះចំណុចខុសឆ្គងទាំងនោះឡើយ ។ តាមខ្ញុំគិត គឺពួកគេមិនខ្វល់ពីអ្វីដែល​ជាបញ្ហាអក្សរសាស្ត្រជាតិ ផ្ទុយទៅវិញ គេចាត់ទុកថា ជារឿងភ័ន្តច្រឡំកំប៉ិកកំប៉ុក ដែលគេអាចយកថ្នាំទៅបៀក កោសលាប បំបាត់បាន ដោយខានមិនបាន ។

ប៉ុន្តែអ្វី ដែលហៅថា ព្រលឹងជាតិ កំពុងត្រូវបានជាន់ឈ្លី ព្រោះតែការមិនយល់ និងមិនឲ្យតម្លៃរបស់បណ្តាជនជាតិចិន​មួយចំនួនដែលកំពុងរកស៊ីនៅខេត្តព្រះសីហនុ ។ ខ្ញុំបាទ​យល់ថា ជនជាតិចិនទាំងនោះទៅចុះ មិនចេះអក្សរខ្មែរ ប៉ុន្តែនៅពេល​ដែលពួកគេលើកប៉ាយហើយនោះ មន្ត្រីខ្មែរដែល​អាចអាន និងសរសេរអក្សរខ្មែរបាន ហេតុអ្វីក៏មិន​យល់ ឬក៏មិនឈឺចាប់​អ្វីទាំងអស់យ៉ាងនេះ? មិនមែនតែមួយកន្លែងនោះទេ ដែលអក្សរសាស្ត្រខ្មែរ ត្រូវបានប្រើទាំងងងិតងងល់មិនយល់អ្វីទាំងអស់ ។ ឬមួយថ្នាក់ដឹកនាំក្រុង និងខេត្តព្រះសីហនុយល់ថា ពួកចិនសរសេរ​អក្សរខ្មែរនៅលើហាងរបស់ពួកគេដើម្បី​ឲ្យជនជាតិចិនគ្នាគេអាន និងមើល? បើទោះយល់យ៉ាងនេះក៏ដោយ ក៏វា​នៅតែជាបញ្ហារបស់អក្សរសាស្ត្រជាតិខ្មែរ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ​រស់នៅខេត្តព្រះសីហនុ​យល់ឃើញថា ក្រៅពីថ្នាក់ដឹកនាំក្រុង និងខេត្ត​ មិនសូវជាឲ្យតម្លៃចំពោះបញ្ហាអក្សរសាស្ត្រជាតិនោះ ក៏នៅមានថ្នាក់ដឹកនាំទាំងនេះ មានកម្រិតចំណេះដឹងស្ទើរចំពោះវិស័យអក្សរសាស្ត្រជាតិនេះទៀតផង ។ ប្រសិនបើថ្នាក់ដឹកនាំ មានចំណេះដឹងជ្រៅផ្នែកអក្សរសាស្ត្រជាតិខ្មែរ ពួកគេនឹងឈឺចាប់ជាពន់ពេកនៅពេលដែលឃើញជនបរទេសសរសេរអក្សរខ្មែរយ៉ាងដូច្នេះ ។ ជួនកាលនៅពេលប្រជាពលរដ្ឋរិះគន់ខ្លាំង ទើបអាជ្ញាធរបញ្ជាឲ្យរុះរើ ឬរើស្លាកសញ្ញាទាំងឡាយ ដែលយល់ថា មិនត្រឹមត្រូវ ។ ប៉ុន្តែ​វាបានឆ្លុះបញ្ចាំរួចទៅហើយថា អាជ្ញាធរ​ក្រុង ខេត្តព្រះសីហនុគ្មានសមត្ថភាពទាល់តែសោះចំពោះបណ្តាជនជាតិចិន ដែលកំពុងរស់នៅលើក្រុងព្រះសីហនុ កុំថាឡើយ ដល់ទៅគ្រប់គ្រង​ពួកគេ សូម្បីតែពួកគេធ្វើអ្វីចំពោះអក្សរសាស្ត្រ ក៏អាជ្ញាធរ​ទីនោះគ្មានលទ្ធភាពការពារបានផង ៕


ចែករំលែក៖