ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គល់ បញ្ញា ទទួលស្គាល់ថាខ្លួនកំពុងបម្រើផលប្រយោជន៍បរទេសក្រោមរូបភាពការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ

អត្ថបទចំណងជើងថា «គល់ បញ្ញា និងអង្គការខុមហ្វ្រែល កំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា»ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ ២០១៨ នៅលើទំព័រសារព័ត៌មានបានបកស្បែកមុខពិតប្រាកដរបស់លោក គល់ បញ្ញា ដែលកំពុងធ្វើសកម្មភាពគ្រប់បែបយ៉ាងក្រោមលេសការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីរំខានបង្ខួច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ តាមភស្តុតាងដែលមាន និងព័ត៌មានសម្ងាត់ដែលទម្លាយឱ្យដឹងពីប្រភពអង្គការអាន់ហ្វ្រែលលោក គល់ បញ្ញា និងក្រុមសង្គមស៊ីវិលមួយចំនួនបាន និងកំពុងឃុបឃិតជាមួយបរទេសត្រៀមបង្កើតបន្ទប់ស្ថានការណ៍តាមដានដំណើរការបោះឆ្នោតមួយនៅទីក្រុងបាងកកជ្រកក្រោមស្លាកអង្គការអាន់ហ្វ្រែលដែលខ្លួនធ្វើជាប្រធានដឹកនាំបន្ថែមលើតួនាទីបច្ចុប្បន្នជានាយកប្រតិបត្តិអង្គការខុមហ្វ្រែល។

ការលេចធ្លាយការសម្ងាត់នេះមិនបានធ្វើឱ្យលោក គល់ បញ្ញា នៅស្ងៀមឡើយដែលត្រូវតែចេញមកប្រតិកម្មដោយអះអាងថាអ្វីៗដែលខ្លួនធ្វើ«មិនមែនជាការបម្រើអន្តរជាតិឡើយប៉ុន្តែវាជាការយល់ការសម្តែងអំពីការព្រួយបារម្ភឬ/និងការទាមទារតាមគោលការណ៍ភាពស្របច្បាប់ទូទៅដូចគ្នាដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌និងបែបប្រជាធិបតេយ្យសេរីពហុបក្សចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។មានសហគមន៍អន្តរជាតិនិងអង្គការអន្តរជាតិធំៗក៏បានយល់និងសម្តែងនូវការព្រួយបារម្ភឬ/និងទាមទារការគោរពគោលការណ៍នោះផងដែរ»។ តាមរយៈសារនេះ គេអាចយល់បានថា ៖

ទី១-លោកគល់បញ្ញាមិនបានបដិសេធចំពោះអ្វីដែលប្រភពសម្ងាត់របស់អង្គការអាន់ហ្វ្រែលបានទម្លាយចេញនោះឡើយគឺលោកគល់បញ្ញាកំពុងដឹកនាំអង្គការអាន់ហ្វ្រែលនិងរៀបចំផែនការផ្សេងៗ ដើម្បីជួយក្រុមបក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ហើយបើមិនជោគជ័យទេគឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។អង្គការនេះមានថវិកាគ្រប់គ្រាន់ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំដើម្បីបំផ្លាញការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ប្រសិនបើសពគណបក្សសង្គ្រោះជាតិមិនបានប្រស់ឱ្យរស់ឡើងវិញនិងចូលរួមការបោះឆ្នោតទេនោះ។ចំណុចនេះគឺច្បាស់ណាស់ លោក គល់ បញ្ញា នឹងសហការជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀតធ្វើអ្វីៗទាំងអស់ដើម្បីចេញនូវបុរេវិនិច្ឆ័យលើស្ថានការណ៍នយោបាយនៅកម្ពុជា ថាមានភាពអាក្រក់ការរំលោភសិទ្ធិមនុស្ស បិទសិទ្ធិសេរីភាព ហើយលទ្ធិប្រជាធិបតេយ្យកំ ពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយចុងក្រោយ គឺចាំបាច់ត្រូវតែពន្យារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ នេះគឺជាទង្វើដែលមិនអាចអត់ឱនឱ្យបានទេហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោតនេះត្រូវប្រឈមមុខនឹងច្បាប់ជាតិដែលមានជាធរមាន។

NKD-36x6_outline

ទី២-គម្រោងផ្សេងៗដែលលោក គល់ បញ្ញា បានធ្វើគឺដូចគ្នានឹងអ្វីដែលបរទេស មួយចំនួនបានគិត ហើយគម្រោងទាំងនោះអាចជាការរៀបចំរបស់បរទេសមួយចំនួន ដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេគឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជាហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍUSAID-IDI(Inclusive Development International) ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខានឬនាំឱ្យមានពហិការបង្ខូចការបោះឆ្នោតនិងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ក្រោមលេសការបោះឆ្នោតដែលមានលក្ខណៈសេរីយុត្តិធម៌និងត្រឹមត្រូវគឺត្រូវមានតែវត្តមានរបស់គណបក្សប្រឆាំងនិងក្រុមអ្នកនយោបាយត្រូវបានកាត់សិទ្ធិធ្វើនយោបាយទាំង១១៨នាក់។ពួកគេបានធ្វើមិនឮ និងមើលមិនឃើញនូវការប្រព្រឹត្តបទល្មើសអំពើក្បត់ជាតិរបស់ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ។ ដូច្នេះ អ្វីដែលលោក គល់ បញ្ញាបានធ្វើគឺតាមការកំណត់និងការចង់បានរបស់ម្ចាស់ជំនួយបរទេសរបស់ខ្លួនក្នុងចេតនាមួយសម្រេចគោលបំណងរបស់គេនៅកម្ពុជាដោយយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេសក្នុងការផ្លាស់ប្តូររបបនិងមេដឹកនាំស្របច្បាប់ដែលពួកគេយល់ថា មិនអាចគ្រប់គ្រងបាន ឬមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេ មិនបម្រើផលប្រយោជន៍ដល់ពួកគេ។ ពួកគេតែងតែតាំងខ្លួនជាម៉ែឪកម្ពុជានិងតែតែបំពាននូវគោលការណ៍ឯករាជភាព អធិបតេយ្យភាព និង បូរណភាពដែនដីនៃរដ្ឋឯករាជ្យមួយដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយដែលរដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរព។

ទី៣-ដើម្បីបន្តគម្រោងនិងបានប្រាក់ខែសម្រាប់ក្រុមខ្លួនលោក គល់ បញ្ញា បានស្ម័គ្រចិត្តដោយរីករាយបម្រើបរទេស ហើយពេលនេះ ក៏កំពុងចេញមុខរៀបចំបំផ្លាញកម្ពុជាតាមផែនការរបស់បរទេសជាម្ចាស់ជំនួយរបស់ខ្លួនដែរ។ នាយកប្រតិបត្តិអង្គការខុមហ្វ្រែលរូបនេះបានប្រព្រឹត្តកំហុសជាច្រើនសម្រាប់ជាតិក្នុងនោះរួមមាន៖ ១) ធ្លាប់បានបំភ្លៃការពិត ប្រឌិតព័ត៌មានថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតដែលកម្ពុជាបានប្រើជាយូរមកហើយ និងប្រទេសមួយចំនួនទៀតប្រើប្រាស់ គឺជាទឹកខ្មៅដែលអាចលុបជ្រះក្នុងគោលបំណងបង្កចលាចល និងដកទំនុកចិត្តលើការរៀបចំការបោះឆ្នោត។ ២)បានប្រឌិតថាអ្នកបោះឆ្នោតជាង ១,២៥ លាននាក់គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ៣) បានបំពុល និងបង្ខូចបរិកាសនៃការបោះឆ្នោតតាមរយៈសកម្មភាព និងការអត្ថាធិប្បាយរិះគន់ដំណើរការបោះឆ្នោតដែលគ្មានមូលដ្ឋានគ្រឹះ។ ៤) បានបដិសេធនូវលទ្ធផល បោះឆ្នោតដើម្បីបង្កើតជាលេសឱ្យក្រុមអ្នកនយោបាយនៃបក្សប្រឆាំងយកលេសដើម្បីធ្វើបាតុកម្មតវ៉ា និងបង្កើតជាលេសដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីប្រជាពលរដ្ឋដើម្បីឡើងដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ។ នេះគឺ ជាអំពើបំផ្លាញជាតិខ្លួនឯងយ៉ាងពិតប្រាកដ។

ពេលនេះ ប្រជាពលរដ្ឋខ្មែរបានដឹងអស់ហើយ និងកាន់តែដឹងច្បាស់អំពីល្បិចកល របស់បុគ្គល គល់ បញ្ញា និងអង្គការខុមហ្វ្រែលរបស់ខ្លួនដែលអះអាងថាធ្វើសកម្មភាពដើម្បីបម្រើជាតិបម្រើឱ្យការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែធាតុពិតពួកគេកំពុងតែអនុវត្តផែនការបរទេសក្នុងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេដែលចង់បានការសងសឹកជូនកូនចឹងរបស់ខ្លួន គឺខ្មោចគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសារតែអំពើក្បត់ជាតិ។ ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេ នឹងមិនអាចទទួលជោគជ័យឡើយព្រោះទេវតារក្សាកម្ពុជាពិតជាមិនអត់ឱនឱ្យក្រុមជនក្បត់ជាតិ និង អ្នកដែលប៉ងបំផ្លាញកម្ពុជាឡើយ៕ ពល ពានរិន្ទ