ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គួរទុកចៅសង្កាត់កាកាប២មានស្រីតទៅទៀតឬយ៉ាងណា?

ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ រស់នៅសង្កាត់កាកាបទី២ ដែលជាសង្កាត់ទើបបង្កើតថ្មី មានសេចក្តីចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញសារព័ត៌មាននានាចុះផ្សាយករណីលោកចៅសង្កាត់កាកាបទី២នៃយើងខ្ញុំលួចលាក់មានស្រី ហើយប្តឹងសុំលែងភរិយាស្របច្បាប់ដែលមានកូនរហូតដល់ទៅ៣នាក់នោះ ។ ក្នុងនាមប្រជាពលរដ្ឋនៅក្នុង​សង្កាត់កាកាបទី២ ខ្ញុំបាទគិតថា បុគ្គលបែបនេះ មិនមែនជាគំរូសម្រាប់​ប្រជាពលរដ្ឋនោះឡើយ ។ ប៉ុន្តែយ៉ាងណា វានៅតែជាសិទ្ធិនៃការសម្រេចរបស់ថ្នាក់ដឹកនាំខណ្ឌ, រាជធានី, ក្រសួងមហាផ្តៃ ជាពិសេសគណបក្សប្រជាជនកម្ពុជា ។

ប្រជាពលរដ្ឋនៅក្បែរខាងលំនៅឋានខ្ញុំបាទចាប់អារម្មណ៍ នាំគ្នានិយាយថា ចៅសង្កាត់នៃយើងលួចលាក់មានស្រី ហើយបែរជាប្តឹងសុំលែងលះប្រពន្ធ ។ ពួកគេនិយាយថា កាលគ្រាក្រ បុរសជាប្តី ពោលគឺលោក ម៉ាលី ពិសិដ្ឋ ស្មោះស្មគ្រជាមួយភរិយាដែលជាស្ត្រីមេម៉ាយកូន១ រហូតដល់បានកូន២នាក់ថែមទៀត ។ នៅពេលដែលលោកមកជួលផ្ទះស្នាក់នៅរាជធានីភ្នំពេញ ក៏បានការទទួលឧបត្ថម្ភពីភរិយាជារៀងរាល់ខែនោះដែរ ។ នៅពេលដែលលោកជាប់ជាចៅរងសង្កាត់ទី២ លោកនៅតែបន្ត​មានភក្តីភាពជាមួយប្រពន្ធកូននៅឡើយ ។ ប៉ុន្តែ​នៅពេលដែលលោកក្លាយទៅជាចៅសង្កាត់កាកាបទី២ បែរជាភ្លេច​ប្រពន្ធកូនទៅវិញ ។ ភរិយា និងប្រពន្ធកូនលោកអាចបំភ្លេចបាន ចុះ​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រឿងអីដែលលោកមិនអាចបំភ្លេចបាននោះ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ មានមូលដ្ឋាននៅក្នុងសង្កាត់កាកាបទី២ ដែលទើបបង្កើតថ្មីទទូចឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មេត្តាពិចារណាឡើងវិញចំពោះលោក ម៉ាលី ពិសិដ្ឋ ដែលជាមន្ត្រីមូលដ្ឋានថ្នាក់ក្រោមរស់នៅជាមួយប្រជាពលរដ្ឋ ប៉ុន្តែបែរជាបង្កគំរូអាក្រក់យ៉ាងនេះទៅវិញនោះ ។ ខ្ញុំបាទ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ រំពឹងថា ថ្នាក់ដឹកនាំ​ពិចារណាឡើងវិញចំពោះបេក្ខភាពចៅសង្កាត់​កាកាបទី២នេះ ព្រោះវាមិនមែនជាគំរូល្អនោះទេ ផ្ទុយទៅវិញ សូម្បីសាច់ឈាមរបស់ខ្លួន ក៏លោកម៉ាលី ពិសិដ្ឋ បោះចោល ចុះទម្រាំប្រជាពលរដ្ឋ ដែលមិនមែនជាសាច់ឈាមកូនចៅរបស់ខ្លួននោះ តើ​គាត់គិតយ៉ាងណា ? ៕ ប្រជាពលរដ្ឋម្នាក់