ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ចិនកាន់តែ​បានដៃ

ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទសង្កេតឃើញថា បណ្តាជនជាតិចិនខ្លះ​ដែលបាន​មកប្រកបរបររកស៊ីទទួលទាន​នៅកម្ពុជា​​បានបង្កការលំបាក​អុកឡុកកាន់តែខ្លាំងដៃ ។ ពួកគេធ្វើអ្វីៗខុសច្បាប់ ឬបំពានច្បាប់ជារៀងរាល់ថ្ងៃ ។ មួយចំនួននៃបណ្តា​ជនចិន ដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះ ខ្លះអាងមន្ត្រីខ្មែរជាអ្នកកាង ។ នៅតាមតុកាហ្វេខ្លះ គេបាននិយាយបែបចំអកថា តើ​បុរស-នារីជនជាតិចិន ដែលជិះរថយន្តពាក់ស្លាកលេខ ខ.ម ឬ ន.ប បានចូលបម្រើជាយោធា ឬមន្ត្រីនគរបាលខ្មែរពីកាលណា?

លើសពីនេះទៅទៀត បណ្តាជនជាតិចិន​មួយចំនួន​ក្លាយទៅជាឧក្រិដ្ឋជន, ចោរឆក់ ចោរប្លន់ ក៏ដូចជាការបង្កើតរបររកស៊ីខុសច្បាប់ជាចំហរនៅក្នុងប្រទេសកម្ពុជា ។ នៅក្រុងព្រះសីហនុ ដែលពលរដ្ឋខ្មែរខ្លាចរអារចំពោះ​វត្តមានជនជាតិចិននោះ ពួកគេ​បាន​ដើរចែក​ និងដើរបាចនាមប័ណ្ណអំពីរបររកស៊ី ខុសច្បាប់(ហាងម៉ាស្សាលាយឡំនឹងរូមភេទ) ។ ឥឡូវនាមប័ណ្ណស្រដៀងគ្នានេះ​ត្រូវបានចែកចាយ​នៅក្រុងភ្នំពេញ​បន្តទៀត ។ នៅរាជធានីភ្នំពេញ អាជ្ញាធរមិនទាន់មានវិធានការ​ចំពោះករណី ការផ្សព្វផ្សាយហាងម៉ាស្សា ដែលលាយឡំ​ដោយ​សេវាផ្លូវភេទនោះនៅឡើយ ។ ថ្មីៗនេះ នៅឯខេត្តសៀមរាប បុរសជនជាតិចិនប៉ុន្មាន​បានក្លាយទៅជាចោរប្លន់​ប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក ។

ជារៀងរាល់ថ្ងៃ សេចក្តីរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយជនជាតិចិន តែងតែមានជារឿយៗ ដោយមិនលស់ពេលនោះឡើយ ។ បណ្តាជនជាតិចិន បើករថយន្តពាក់ស្លាកលេខ ខ.ម.ឬ ន.ប. ដោយខ្លួនឯង ។ ដោយអាងអំណាចស្លាកលេខបែបនេះ នៅពេលដែលមានបញ្ហា​ ពួកគេមិន​សុខចិត្តប្រឈមចំពោះផ្លូវច្បាប់ទេ ប៉ុន្តែខ្លះថែមទាំងបង្កហិង្សាទៀតផង ។ ចំណុចនេះ ពលរដ្ឋខ្មែរភាគច្រើនឆ្ងល់ថា តើជនជាតិចិនទាំងនោះបានស្លាកលេខ រថយន្ត ខ.ម.ឬ ន.ប.មកពីប្រភពណា? ករណីនេះ គេជឿថា បើអាជ្ញាធរមានសមត្ថកិច្ចមានចេតនាចង់បង្ក្រាប ឬលុបបំបាត់ក្រុមជនជាតិចិន ប្រើប្រាស់ស្លាកលេខរថយន្តខ.ម.ឬ ន.ប. គឺងាយស្រួលទេ ។ ជាងនេះទៅទៀត គេអះអាងថា ស្លាកលេខទាំងនោះមិនមែនក្លែងក្លាយឡើយ ។

ករណីជនជាតិចិនកំពុងរស់នៅលើទឹកដីខ្មែរសព្វថ្ងៃនេះក្លាយជាប្រធានបទដ៏វិលវល់សម្រាប់ប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក ។ បណ្តាអ្នកមានអំណាច បានចែករំលែកអំណាចរបស់ខ្លួនទៅឲ្យបណ្តាជនជាតិចិនប្រព្រឹត្តអំពើមិនគប្បី​។ គ្រាន់តែតាមរយៈស្លាកលេខរថយន្ត ខ.ម.ឬ ន.ប. បានបង្ហាញឲ្យឃើញថា ពួកជនជាតិចិន​នៅស្រុកខ្មែរសព្វថ្ងៃមានអំណាចណាស់ទៅហើយ ។ អំណាចធំរបស់ជនជាតិចិនទាំងនោះ នៅពេលដែលបង្កបញ្ហាគ្រោះថ្នាក់ មិនទទួលខុសត្រូវ ហើយថែមទាំងរករឿងខ្មែរដែលជាជនរងគ្រោះទៀតផង ។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ច​គួរពិនិត្យ​មើលទង្វើរបស់​បណ្តាជនចិនទាំងនោះ​ឲ្យបានគ្រប់ជ្រុងជ្រោយផង ៕ ប្រជាពលរដ្ឋម្នាក់