ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លិខិតមិត្តអ្នកអាន៖ ដើម្បីសម្រេចផែនការធំរបស់ខ្លួនបរទេសខ្លះបានជះលុយឱ្យសង្គមស៊ីវិលដើម្បីបំផ្លាញកម្ពុជា!

ប្រជាពលរដ្ឋកម្ពុជាកាន់តែដឹងច្បាស់អំពីមុខមាត់ និងចិត្តគំនិតពិតរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលនៅលើបបូរមាត់អួតអាងថា ខ្លួនស្រឡាញ់ជាតិ និងប្រជាជនមានចិត្តជួយខ្មែរដោយស្មោះត្រង់ ប៉ុន្តែតាមពិតពោរពេញទៅដោយល្បិចកល ផែនការដ៏ខ្មៅកខ្វក់ ធ្វើសកម្មភាពបម្រើឱ្យផលប្រយោជន៍បរទេសបំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។ សកម្មភាពរបស់ពួកគេត្រូវបានបង្ហាញកាន់តែច្បាស់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលចលនានៃការតវ៉ានិងទាមទារក្នុងចំណោមប្រជាជនប្រជាកសិករមួយចំនួនតូចនៅក្នុងខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកោះកុង និងរាជធានីភ្នំពេញលើបញ្ហាដីធ្លីបានកើតឡើងព្រមគ្នានិងក្នុងគោលបំណងតែមួយប្រៀបបាននឹងហ្វូងស្រមោចចេញពីរូងក្នុងគោលដៅដើម្បីសាកល្បងកម្លាំងអាជ្ញាធរនៅមុនពេលបោះឆ្នោត។ អង្គការមួយចំនួនដែលត្រូវបានបកស្បែកមុខក្នុងអត្ថបទ «ស្រមោលបដិវត្តន៍ពណ៌» រួមមានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដឹកនាំដោយឈ្មោះ ថេង សាវឿន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)ដឹកនាំដោយឈ្មោះតឹក វណ្ណារ៉ា រួមនឹងអង្គការសិទ្ធិមនុស្សផ្សេងទៀតត្រូវបានគេដឹងថាស្ថិតនៅក្នុងការជួយសម្របសម្រួលក្នុងកិច្ចការងារនេះដើម្បីបំបះបំបោរប្រជាជនក្នុងវិស័យដីធ្លីដីកសិកម្មបរិស្ថាននិងធនធានធម្មជាតិក្នុងបំណងបម្រើផលប្រយោជន៍នយោបាយក្រុមប្រឆាំងដោយមានការគាំទ្រថវិកាពីអង្គការ IDI (Inclusive Development International) របស់សហរដ្ឋអាមេរិក។

ទោះបីជាក្រុមមេដឹកនាំអង្គការទាំងនេះចេញមកបដិសេធថាមិនមានការជាប់ពាក់ព័ន្ធនឹងផែនការចិញ្ចឹមទំនាស់នៅកម្ពុជាក្នុងក្របខណ្ឌនៃផែនការបដិវត្តន៍ពណ៌ដើម្បីផ្តល់ឱកាសឱ្យក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់វាយបកនិងកៀងគរកម្លាំងនិងញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋអំណាច ប៉ុន្តែភស្តុតាងជាច្រើនត្រូវបានរកឃើញពីសកម្មភាពនៃការបំផ្លាញជាតិរបស់ពួកគេ ក្រោមរូបភាពការពារសិទ្ធិការពារសិទ្ធិមនុស្សនិងធ្វើឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយដែលពួកគេប្រើប្រាស់សង្គមស៊ីវិលដើម្បីអនុវត្តដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងការញុះញង់និងបង្កបង្កើតចលាចលណាមួយដើម្បីបម្រើឱ្យផែនការផ្លាស់ប្តូរដែលពួកគេបានដាក់ចុះដោយភ្ជាប់ជាមួយកញ្ចប់ថវិកាផងដែរ។ក្រុមសង្គមស៊ីវិលនេះបានអនុវត្តសកម្មភាពប្រភេទតូចៗក្នុងការពង្រឹងការតស៊ូមតិនិងខ្សឹបប្រាប់ប្រជាពលរដ្ឋកុំឱ្យស្តាប់អាជ្ញាធរនិងត្រូវចេះប្រឆាំងនឹងអាជ្ញាធរ។ សកម្មភាពទាំងអស់នោះតូចប៉ុន្តែបានបម្រើឱ្យគោលដៅរួមធំមួយរបស់ម្ចាស់ជំនួយរបស់ខ្លួន ក្នុងការផ្លាស់ប្តូររបបដឹកនាំដែលពួកគេមិនពេញចិត្តឬមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេក្រោមរូបភាពនៃការពង្រឹងការអនុវត្តសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។

សម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយឈ្មោះ ថេង សាវឿន ត្រូវបានគេដឹងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)មានទំនាក់ទំនងនឹងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) របស់លោក វន ពៅ ដែលធ្លាប់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មញុះញង់បង្កចលាចលសង្គមនៅស្ទឹងមានជ័យនៅដើមឆ្នាំ២០១៤កន្លងទៅក្នុងក្របខ័ណ្ឌនៃផែនការបដិវត្តន៍ពណ៌ដឹកនាំអនុវត្តផ្ទាល់ដោយគណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៥ហើយ។ជាមួយគ្នានេះអង្គការនេះបានអនុវត្តបន្តនូវទិសដៅរបស់អង្គការNGO Forumដឹកនាំដោយតឹកវណ្ណារ៉ាលើបញ្ហាដីធ្លីបញ្ហាដីកសិកម្មផលប៉ះពាល់ពីវិស័យបរិស្ថាននិងធនធានធម្មជាតិដោយពួកគេនឹងនៅពីក្រោយ ដើម្បីជម្រុញការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាបំផុតនៅមុនពេលបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៨ខាងមុខ។តាមឯកសារដែលទទួលបានក្នុងរយៈពេលពីឆ្នាំ២០១២ដល់ឆ្នាំ ២០១៧ ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថេង សាវឿន ដែលជាអ្នកកាន់គណនីរបស់អង្គការនេះដោយផ្ទាល់បានទទួលការផ្ទេរសាច់ប្រាក់ចំនួន ២១លើកសរុបជាទឹកប្រាក់ចំនួនជាង៣០ម៉ឺនដុល្លារអាមេរិកមកពីអង្គការDanmission របស់ប្រទេសដាណឺម៉ាក់ Diakonia របស់ប្រទេសស៊ុយអែត និងសហរដ្ឋអាមេរិក Folkekirkens Nodhjelp របស់ប្រទេសដាណឺម៉ាក់ Misjondlliansen របស់ប្រទេសន័រវែស StichtingXminy របស់ប្រទេសហូឡង់ និង Global Greengrants Fund របស់សហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានស្និទ្ធនឹងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការនេះក៏ជាផ្នែកមួយស្ថិតនៅក្នុងរចនាសម្ព័ន្ធនៃចលនាបដិវត្តពណ៌នៅកម្ពុជាផងដែរ តាមរយៈសកម្មភាព «បដិវត្តន៍កសិករ ឬបដិវត្ដន៍បៃតង»ដែលពួកគេបានធ្វើកន្លងទៅ។

តាមប្រភពព័ត៌មាន អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា បច្ចុប្បន្នបានទទួលការគាំទ្រថវិកាពីអង្គការGIZ របស់អាឡឺម៉ង់ និងអង្គការ APRN (Asia Pacific Review Network) ដែលផ្តល់ការបណ្តុះបណ្តាលដោយមិនចំហរជាច្រើនលើកនៅក្នុងប្រទេសដើម្បីត្រៀមធ្វើសកម្មភាពផ្សេងៗ។ តាមប្រភពព័ត៌មាន អង្គការនេះកំពុងមានសកម្មភាពនៅក្នុង ខេត្តកណ្តាល ព្រះវិហារ ស្វាយរៀង និងខេត្តព្រះសីហនុ។ ហើយពិសេសក៏មានពាក់ពន្ធ័នឹងព្រឹត្តិការណ៍នៃការញុះញង់ឱ្យប្រជាពលរដ្ឋដណ្តើមកាន់កាប់ដីដោយខុសច្បាប់នៅស្រុកស្នួល ខេត្តក្រចេះកាលពីខែមីនា ឆ្នាំ២០១៨ រហូតដល់មានការប្រឌិតព័ត៌មានក្នុងគោលបំណងនយោបាយនិងបង្កចលាចលថាមានការបាញ់សម្លាប់មនុស្ស ៦នាក់ និងរបួសជាង ៤០នាក់ទៀតផងក្នុងចេតនាបង្កចលាចលសង្គម និងបង្កការខឹងសម្បារនឹងអាជ្ញាធររាជរដ្ឋាភិបាលងាយស្រួលពួកគេបំផ្ទុះកំហឹងប្រជាពលរដ្ឋ។ក្រុមសង្គមស៊ីវិលនានាដែលធ្វើការងារលើបញ្ហាសិទ្ធិមនុស្សសិទ្ធិលំនៅដ្ឋានសិទ្ធិកាន់កាប់ដីធ្លីជាដើមបាននិងកំពុងតែត្រៀមសកម្មភាពរបស់ខ្លួននានាដើម្បីប្រើជាលេសញុះញង់ប្រជាពលរដ្ឋដែលជាសមាជិករបស់ខ្លួនតតាំងជាមួយអាជ្ញាធរនៅពេលណាមួយចាំបាច់ដើម្បីគោលដៅរំខានបង្ខូចនិងបំផ្លាញការបោះឆ្នោតដែលកម្ពុជាត្រៀមរៀបចំនាខែកក្កដាឆ្នាំ២០១៨ក្នុងករណីខ្មោចបក្សសង្គ្រោះជាតិមិនអាចរស់រានវិញបាននិងគ្មានវត្តមានក្នុងការបោះឆ្នោត។

ក្រៅពីធ្វើការងារជាសម្ងាត់អនុវត្តផែនការបដិវត្តន៍កសិករ ឬបដិវត្តន៍បៃតងនៅក្នុងវិស័យកសិកម្មអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅដើមខែកុម្ភៈ ឆ្នាំ២០១៧ បានសហការជាមួយអង្គការសង្គមស៊ីវិលចំនួន ៣៨ ដើម្បីបង្កើតមូលនិធិមួយឈ្មោះថា «បន្ទប់ស្ថានការណ៍បោះឆ្នោត» ដោយបានរៀបចំផែនការសកម្មភាពនានាដើម្បីតាមដានលើការបោះឆ្នោត និងធ្វើរបាយការណ៍បែបអវិជ្ជមាន ដើម្បីសម្អុយកេរ្តិ៍ឈ្មោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចោទប្រកាន់អំពីភាពមិនប្រក្រតីនានាជុំវិញការបោះឆ្នោតលើគណបក្សប្រជាជនកម្ពុជាដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ដើម្បីសម្រេចកិច្ចការនេះ អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បានចូលរួមក្នុងការជ្រើសរើសអ្នកសង្កេតការណ៍ដែលចេញពីក្នុងចំណោមសមាជិករបស់ខ្លួន។ តាមរបាយការណ៍ទទួលបាន កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ បន្ទប់ស្ថានការណ៍ដែលមានបណ្តុំអង្គការចំនួន ៣៨ ដឹកនាំដោយអង្គការខុមហ្វ្រែល និងនិកហ្វិក ដែលត្រូវបានក្រសួងមហាផ្ទៃបញ្ជាឱ្យបិទ នៅថ្ងៃទី៤ ខែកក្កដាដោយសារតែខុសច្បាប់ បានប្រើប្រាស់អ្នកសង្កេតការណ៍ចំនួន ២២ ៣៥០នាក់ដែលក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ២២ ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់អ្នកសង្កេតការណ៍ ២២ ៣៥០នាក់ ពួកគេត្រូវចំណាយថវិកាចំនួនជាងកន្លះលានដុល្លារ។ ដោយប្រើប្រាស់រូបភាពនៃការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្តូររបប និងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីលើកបន្តុបក្រុមអ្នកនយោបាយប្រឆាំងដែលតែងតែលក់ឧត្តមគតិជាតិបម្រើផលប្រយោជន៍បរទេស និងយកអធិបតេយ្យភាពជាតិដាក់ក្រោមបាតជើងបរទេសចៅហ្វាយនាយបរទេសពួកគេមិនញញើតនឹងជះលុយចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កបង្កើតបញ្ហាទាំងឡាយក្នុងចេតនាធ្វើវិច្ឆេទកម្មនយោបាយប្រឆាំងនឹងកម្ពុជានោះឡើយ។

បើពិនិត្យត្រឡប់ទៅក្រោយវិញនូវសកម្មភាពរបស់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនពិតជាគួរឱ្យញាក់សាច់។ ញាក់សាច់ដោយបានឃើញពីសកម្មភាពទុច្ចរិត ផែនការអាក្រក់ដែលជនជាតិខ្មែរមួយចំនួនធ្វើជាប្រធានអង្គការសមាគមទទួលលុយបរទេសមកធ្វើសកម្មភាពបំផ្លាញជាតិរបស់ខ្លួនដោយមិនអាណិតអាសូរជាតិ និងប្រជាជនបន្តិចណាសោះឡើយ។ ពួកគេពិតជាការសប្បាយរីករាយនឹងទទួលយកជំនួយថវិកាដែលពោរពេញដោយភាពពិសពុល ក្នុងគោលបំណងផ្លាស់ប្តូររបបដឹកនាំ និងលើកបន្តុបក្រុមអ្នកនយោបាយអង្ករកំប៉ុងមួយចំនួនដែលពួកគេយល់ថាអាចបង្វិលបានគ្រប់ពេល និងយល់ថាបស្ចឹមប្រទេសដែលធ្លាប់បានទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញខ្មែរ និងបានផ្តល់ការគាំទ្រនយោបាយ និងសម្ភារៈយោធាក្រោយពីខ្មែរក្រហមត្រូវបានផ្តួលរំលំ គឺជាម្ចាស់ដ៏ល្អរបស់ខ្លួននិងរបស់កម្ពុជា។ ពួកគេបានចាត់ទុកបរទេសមួយចំនួនជាម៉ែឪរបស់ខ្លួនមិនមែនប្រជាជនកម្ពុជាឡើយ។

ប៉ុន្តែកម្ពុជាពិតជាសំណាងដែលរាជរដ្ឋាភិបាលបានចាត់វិធានការទាន់ពេលវេលាបង្ក្រាប និងទប់ស្កាត់អង្គការចាត់តាំងផ្នែកនយោបាយរបស់បដិវត្តន៍ពណ៌ព្រមទាំងបានចាប់ខ្លួនមេខ្លោងកាត់ទោសតាមច្បាប់។ ហើយមេខ្លោងខ្លះកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់និងអ្នកខ្លះទៀតកំពុងតែប្រឈមនឹងច្បាប់។ ប្រសិនបើផែនការបដិវត្តន៍ពណ៌របស់បក្សប្រឆាំង និងចៅហ្វាយនាយបរទេសរបស់ពួកគេទទួលបានជោគជ័យនៅក្នុងផែនការនៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ម៉្លេះកម្ពុជានៅពេលនេះមិនដឹងជាក្លាយជាអ្វីឡើយព្រោះបទពិសោធនៃបដិវត្តន៍ពណ៌នៅស៊ីរី និងលីប៊ីសុទ្ធតែបង្ហាញថាក្រោយការផ្លាស់ប្តូរតាមបែបមិនលទ្ធិប្រជាធិបតេយ្យ ប្រទេសជាតិត្រូវធ្លាក់ក្នុងសង្គ្រាមជីវិតមនុស្សត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ហើយប្រជាពលរដ្ឋរស់នៅក្នុងឈាមនិងទឹកភ្នែក។ ហេតុដូច្នេះបានជាមានភាពចាំបាច់ត្រូវចាត់វិធានការផ្លូវច្បាប់នានាដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាបដិវត្តន៍ពណ៌ និងកម្ទេចចោលនូវអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ទាំងឡាយឱ្យបានទាន់ពេលវេលា ជៀសវាងកុំឱ្យក្រុមជនក្បត់ជាតិបំផ្លាញកម្ពុជាបានដូចពីអតីតកាល៕ ពល ពានរិន្ទ