ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង គ្រាន់តែជាតំបន់ឆ្លងកាត់បទល្មើស

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលចូលចិត្តអានព័ត៌មាន ខ្ញុំបាទសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បទល្មើសឆ្លងកាត់ព្រំដែនជាច្រើនឆ្លងកាត់ខេត្តត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀង ។ អាជ្ញាធរមានសមត្ថកិច្ចខេត្តទាំងឡាយនេះ ទទួលបានផលប្រយោជន៍ដោយសុខស្រួល ព្រោះថា បទល្មើសទាំងនោះ គ្រាន់តែឆ្លងកាត់ មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ បទល្មើសភាគច្រើនគឺការដឹកជញ្ជូនឈើប្រណីតឆ្ពោះទៅប្រទេសវៀតណាម ។

នៅខេត្តត្បូងឃ្មុំ ត្រូវគេអះអាងថា ជាចំណុចក្តៅដែលមានបទល្មើសឆ្លងកាត់ច្រើនជាងគេ ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលខេត្តអាចនិយាយថា ខេត្តខ្លួនគ្មានបទល្មើសកើតឡើង ប៉ុន្តែវាគ្រាន់តែជាចំណុចឆ្លងកាត់ប៉ុណ្ណោះ ។ បើទោះបីជាវាគ្រាន់តែជាចំណុចឆ្លងកាត់ ប៉ុន្តែខ្ញុំជឿជាក់ថា ពួកឈ្មួញពិតជាផ្តល់ផលប្រយោជន៍ឲ្យសមត្ថកិច្ចដែនដីនៅទីនោះជាមិនខាន បើមិនដូច្នោះទេ មិនអាចឆ្លងកាត់អាណាចក្រ«អញ» បានដោយស្រួលៗនោះឡើយ។ ដូច្នេះមានន័យថា អាជ្ញាធរ ជាពិសេសសមត្ថកិច្ច ដែលស្ថិតក្នុងដែន ដែលបទល្មើសត្រូវឆ្លងកាត់ អាចទទួលបានផលប្រយោជន៍ដោយស្រួលៗ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំបាទប៉ុណ្ណោះ ។

NKD-36x6_outline

ក្នុងនាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំ សង្កេតឃើញថា បទល្មើសច្រើនគ្រប់រូបភាព ទាំងចេញ ទាំងចូល ស្ថិតនៅក្រុមក្រសែភ្នែករបស់សមត្ថកិច្ចប្រដាប់អាវុធ ជាពិសេសនគរបាល ។ វាជាផលប្រយោជន៍ដែលប្រជាពលរដ្ឋអាចមើលឃើញដោយភ្នែកទទេបាន ។ សមត្ថកិច្ចនគរបាលអាចនិយាយថា បទល្មើសកើតឡើងគ្រាន់តែជាការឆ្លងកាត់ មិនមែនជាចំណុចចាប់ផ្តើមនោះឡើយ ។ ដូច្នេះថ្នាក់លើអាចស្តីបន្ទោសទៅលើដើមទីដែលបណ្តាលឲ្យមានបទល្មើស ។ ឧទាហរណ៍បទល្មើសព្រៃឈើ ដែលថ្នាក់ដឹកនាំគួរស្តីបន្ទោសអាជ្ញាធរខេត្តណា ដែលបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ ។ ខេត្តត្បូងឃ្មុំគ្មានព្រៃឈើឲ្យកាប់នោះទេ ។ វាគ្រាន់តែជាចំណុចឆ្លងកាត់ប៉ុណ្ណោះ ។ តែកុំភ្លេចថា ចំណុចឆ្លងកាត់នេះ បើគ្មានប្រាក់ឲ្យសមត្ថកិច្ចទេ មិនអាចធ្វើដំណើរបានដោយស្រួលនោះឡើយ ៕ ប្រជាពលរដ្ឋម្នាក់