ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ថ្នាំព្យាបាល, ថ្នាំកែសម្ផស្សលក់ពេញអនឡាញ

ដោយសារបច្ចេកវិទ្យារីកចម្រើន ការលក់សម្ភារតាមប្រព័ន្ធអ៊ីនធើណេត ក៏កំពុងកើតមានព្រោងព្រាតគួរឲ្យចាប់អារម្មណ៍ ។ សម្ភារប្រើប្រាស់ សម្លៀកបំពាក់… ការលក់តាមប្រព័ន្ធអនឡាញ ហាក់ដូចជាមិនចោទជាបញ្ហាប៉ុន្មានទេ ។ ប៉ុន្តែការលក់ថ្នាំពេទ្យ, ឱសថព្យាបាលជំងឺផ្សេងៗច្រើនប្រភេទ ក៏កំពុងវាយលុកតាមប្រព័ន្ធអនឡាញដែរ ។ គេមិនដឹងថា តើថ្នាំពេទ្យ ឬឱសថព្យាបាលជំងឺផ្សេងៗ ដែលលក់តាមប្រព័ន្ធអនឡាញនោះបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលដែរឬយ៉ាងណាទេ? តើក្រសួងសុខាភិបាលបានដឹងអំពីបញ្ហាទាំងនេះឬទេ?

គ្រូឱសថបុរាណមួយចំនួនបាននិងកំពុងវាយលុកប្រមូលអតិថិជនតាមប្រព័ន្ធអនឡាញ ដោយអួតអាងអំពីការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ។ គ្រូឱសថបុរាណខ្លះអួតអំពីការព្យាបាលជំងឺឫសដូងបាត, អ្នកលក់ឱសថខ្លះបានអួតអំពីប្រសិទ្ធថ្នាំរបស់ខ្លួនក្នុងការព្យាបាលជំងឺឫសដូងបាត ។ អ្នកលក់ឱសថតាមប្រព័ន្ធអនឡាញមួយចំនួនទៀតបានអួតអំពីការព្យាបាលជំងឺលើសឈាម, ទឹកនោមផ្អែម… ដោយអួតអំពីឱសថថាមានប្រសិទ្ធភាពខ្ពស់ ។ ក្រៅពីនោះ ក៏មានអ្នកលក់គ្រឿងសំអាង តាមប្រព័ន្ធអ៊ីនធើណេតមួយចំនួនបានអួតអំពីថ្នាំរបស់ខ្លួនសម្រាប់កែសម្ផស្ស ឬសម្រកទម្ងន់ជាដើម ។

NKD-36x6_outline

អ្នកលក់មិនបានបញ្ជាក់អំពីទីតាំងច្បាស់លាស់នោះទេ គ្រាន់តែភ្ជាប់លេខទូរស័ព្ទសម្រាប់ទាក់ទង ។ នេះជាបញ្ហាដែលកំពុងកើតឡើងនៅក្នុងសង្គមយើងបច្ចុប្បន្ន ។ គេមិនដឹងថា តើថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានជ្រាបអំពីបញ្ហានេះដែរឬយ៉ាងណាទេ? ប្រសិនបើឱសថទាំងនោះមានប្រសិទ្ធភាពដូចការអះអាងរបស់អ្នកលក់តាមប្រព័ន្ធអ៊ីនធើណេតមែននោះ វាមិនមែនជាបញ្ហាអ្វីធ្ងន់ឡើយ ។ ប៉ុន្តែបើវាមិនមានប្រសិទ្ធភាព វាមិនគ្រាន់តែជាការខាតបង់ថវិកាសម្រាប់អ្នកទិញយកទៅប្រើប្រាស់ប៉ុណ្ណោះទេ ផ្ទុយទៅវិញវាធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់នោះថែមទៀត ។ ដូច្នេះ ក្រសួងសុខាភិបាលគួរពិនិត្យមើលបញ្ហានេះឲ្យបានច្បាស់លាស់ចៀសវាង«គោបាត់ ទើបធ្វើរបង» ៕ ប្រជាពលរដ្ឋម្នាក់