ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ទាល់តែប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យបង្ក្រាបបទល្មើសគ្រឿងញៀនទើបសមត្ថកិច្ចចាត់វិធានការ

ប៉ុន្មានថ្ងៃកន្លងមកខ្ញុំបាទបានអានកាសែតក្នុងស្រុករួមនឹងមើលទូរទស្សន៍ដោយ បានសង្កេតឃើញព័ត៌មានចុះផ្សាយពីសកម្មភាពសមត្ថកិច្ចបើកយុទ្ធនាការយ៉ាងសកម្ម ចាត់វិធានការបង្ក្រាប និងឃាត់ខ្លួនអ្នកសេព អ្នកចែកចាយ និងជួញដូរថ្នាំញៀន។ ប្រតិបត្តិការនេះធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស ស្របពេលដែលប្រមុខរាជ រដ្ឋាភិបាលកម្ពុជាជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីហ្វុីលីពីនរួចមក។ ក្រោយមករាជរដ្ឋាភិបាលក៏បានប្រកាសឲ្យអាជ្ញាធរ សមត្ថកិច្ចយកចិត្តទុកដាក់ចាត់ វិធានការបញ្ហាគ្រឿងញៀនដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសង្គមជាតិ ។

ខ្ញុំនឹកឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាល់តែប្រមុខរាជរដ្ឋាភិ បាលស្រែកទើបម្នាក់ៗម្នីម្នារូតរះចាត់វិធានការបង្ក្រាបករណីថ្នាំញៀននេះទៅវិញ? ក្រែងភារកិច្ចហ្នឹងសមត្ថកិច្ចជាអ្នកដើរតួនាទីដោះស្រាយ និងបង្ក្រាបរាល់បទល្មើស ផ្សេងៗដែលកើតមានឡើងក្នុងសង្គមឬ? តែកន្លងមកខ្ញុំក៏សង្កេតឃើញមានសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនរហូតឃាត់ខ្លួនសង្ស័យចាប់ដាក់ពន្ធនាគារជាច្រើនរយនាក់រួមទាំងដកហូតភស្តុតាងជាច្រើនសន្ធឹកសន្ធាប់ដែរ។ ប៉ុន្តែមិនសូវសកម្មដូចដែលប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យចាត់វិធានការគ្រឿងញៀននោះទេ។

NKD-36x6_outline

គ្រឿងញៀននេះបានសម្លាប់អាយុជីវិតកូនខ្មែរច្រើនណាស់ ហើយខ្លះទៀតបាននិង កំពុងរងគ្រោះដល់អាយុជីវិតទៀតផង។ ចំណែកឪពុកម្តាយដែលមានកូន ក្មួយសេព ថ្នាំញៀន ចែកចាយថ្នាំញៀនស្រក់ទឹកភ្នែកគ្មានថ្ងៃល្ហែឡើយ ក្នុងនោះទ្រព្យសម្បត្តិ របស់ពួកគាត់ក៏ត្រូវបាត់បង់ដោយសារតែកូន ក្មួយញៀនថ្នាំបំផ្លិចបំផ្លាញ ។ ករណីខ្លះ ទៀតក្រុមញាតិរបស់អ្នកញៀនថ្នាំរងគ្រោះដល់អាយុជីវិត ឬរងរបួសដោយសារតែទង្វើ កូន ក្មួយបានធ្វើមកលើពួកគាត់ ។ ទាំងនេះហើយដែលជាបន្ទុកធ្ងន់ធ្ងរដល់សង្គមជាតិ ដែលបន្ទុកដ៏ធ្ងន់ធ្ងរនេះមិនត្រឹមតែរាជរដ្ឋាភិបាលទេដែលភារកិច្ចដោះស្រាយនូវវិបត្តិ នេះ សូម្បីតែយើងម្នាក់ៗក៏ត្រូវរួមគ្នាគិត រួមគ្នាធ្វើដើម្បីការងារកុំឲ្យគ្រឿងញៀនញាំញី សង្គមជាតិយើង ទោះបីជាមិនបានច្រើនយ៉ាងណាក្តីក៏អាចកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងដោយសារថ្នាំញៀននេះមួយកម្រិតធំ ។

កន្លងមកខ្ញុំតែងតែសង្កេតឃើញសមត្ថកិច្ចឃាត់ខ្លួនបានតែអ្នកសេព អ្នកចែកចាយ និងជួញដូរថ្នាំញៀនក្នុងរូបភាពតូចល្មមប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកជួញដូរថ្នាំញៀនធំៗមិន ដែលបានឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់នោះឡើយ ។ ប្រការនេះហើយ ដែលធ្វើឲ្យជនទុច្ចរិតឆ្លៀតឱកាសចរាចរណ៍ថ្នាំញៀននៅលើទីផ្សារកម្ពុជាបានយ៉ាង រលូន។ បើកាលណាថ្នាំញៀននៅតែចរាចរណ៍បានដដែលនោះ ម្លេ៉ះសមអាយុជីវិតកូន ខ្មែរ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប្រឈមនឹងការបាត់បង់ជាមិនខាន ។

ខ្ញុំសូមគាំទ្រចំពោះសេចក្តីប្រកាស ឬបទបញ្ជារបស់រាជរដ្ឋាភិបាលដែលឲ្យសមត្ថ កិច្ចចាត់វិធានការបញ្ហាគ្រឿងញៀននេះរហូតទទួលបានលទ្ធផលជាបណ្តើរគួរជាទី មោទនៈ ក៏ប៉ុន្តែបើការប្រកាសបើកយុទ្ធនាការនេះធ្វើឡើងមុនហ្នឹង២០ឆ្នាំធ្វើឡើងក្នុង សកម្មភាពស្វាហាប់ ម្លេ៉ះរ៉ាប្រទេសយើងមិនបាត់បង់ធនធានមនុស្ស និងទ្រព្យសម្បត្តិដោយសារតែថ្នាំញៀននោះទេ។ ទោះយ៉ាងណាក៏ដោយនេះជាគោលជំហរដ៏រឹងមាំ និងចេតនាល្អរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងប្រទេសកម្ពុជាដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរ ៕ ប្រជាពលរដ្ឋម្នាក់