ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ទៅចាក់សាំងនៅទីណាដែលគ្រប់ចំណុះ

ក្នុងនាមប្រជាពលរដ្ឋម្នាក់​មើលឃើញថា បញ្ហាសាំងឡើងថ្លៃគឺជារឿងប្រឈមចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែសាំងឡើងថ្លៃហើយ មិនគ្រប់ចំណុះទៀត វាគឺជាបញ្ហាប្រឈមខ្លាំងមែនទែន ។ សព្វថ្ងៃនេះ ខ្ញុំបាទមើលឃើញថា វាជាការលំបាកខ្លាំងណាស់​ក្នុងការស្វែងរកស្ថានីយប្រេង ដែលលក់សាំងគ្រប់ចំណុះ ។ មន្ត្រីកាំកុងត្រូល​បានចាត់វិធាន​ការ​ឲ្យឃើញថា មានស្ថានីយប្រេងមួយចំនួនលក់ប្រេងមិនគ្រប់ចំណុះ ប៉ុន្តែគេមិនបាន​បង្ក្រាប​ចំពោះម្ចាស់ស្ថានីយទាំងនោះឡើយ ។

ខ្ញុំសង្កេតឃើញថា ម្តងជាពីរដង ម្ចាស់ស្ថានីយប្រេង​ខ្លះ​នៅតែបន្ត​លបលួចលក់ប្រេងមិនគ្រប់ចំណុះឲ្យអតិថិជនរបស់ខ្លួន ។ នាយកដ្ឋានកាំកុងត្រូល​ក៏បានរកឃើញទិដ្ឋភាពបែបនេះដោយផ្ទាល់ដែរ ។ ប៉ុន្តែការដែលមិនមានចំណាត់ការជាក់លាក់ណាមួយ គឺជាបញ្ហា​ដែលបណ្តាលឲ្យជនប្រព្រឹត្តល្មើស(ម្ចាស់ស្ថានីយ) មិនព្រមរាងចាល ។ ស្ថានីយប្រេងមួយចំនួនបានបង្វិលកុងទ័រឲ្យគ្រប់ចំណុះ នៅពេលដឹងថា មានមន្ត្រីកាំកុងត្រូលចុះទៅត្រួតពិនិត្យ ។ ដូច្នេះ​មានស្ថានីយប្រេងជាច្រើន ដែលលក់ប្រេងមិនគ្រប់ចំណុះមុនពេលមន្ត្រីកាំកុងត្រូលចុះទៅពិនិត្យ ។ ប្រជាពលរដ្ឋមិនថា អ្នកនៅទីក្រុង ឬជនបទ ពិតជាមិនអាចដឹងស្ថានីយប្រេងណាខ្លះលក់ប្រេងគ្រប់ចំណុះ ឬមិនគ្រប់នោះទេ ។

ម្ចាស់ស្ថានីយប្រេងខ្លះនិយាយឲ្យអតិថិជនឮអំពីការដែលខ្លួនត្រូវចំណាយប្រាក់ឲ្យទៅមន្ត្រីមានសមត្ថកិច្ច​ប្រចាំខែជាថ្នូរនឹងការ​មិនចុះមកត្រួតពិនិត្យ ឬក៏មុនចុះត្រួតពិនិត្យ​ត្រូវជូនដំណឹងឲ្យម្ចាស់ស្ថានីយដឹងមុន ងាយស្រួល​រៀបចំកុងទ័រឲ្យត្រូវតាមមាត្រដ្ឋានចំណុះ ។ គេនិយាយថា មន្ត្រី​ស្ថាប័នជំនាញភាគច្រើនមានពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ជាមួយនឹងម្ចាស់ស្ថានីយប្រេង ។ ដូច្នេះវាជារឿងលំបាកសម្រាប់ប្រជាពលរដ្ឋ​ក្នុងការស្វែងរកស្ថានីយប្រេងដែលគ្រប់ចំណុះ ។ នេះហើយដែលថា ប្រេងថ្លៃហើយមិនគ្រប់លីត្រទៀតនោះ ។ ខ្ញុំបាទរំពឹងថា ករណីនេះ ក្រសួងពាក់ព័ន្ធ ពិសេស​ក្រសួងពាណិជ្ជកម្ម​ពិនិត្យរឿងប្រេងមិនគ្រប់ចំណុះនេះឡើងវិញផង ៕ ប្រជាពលរដ្ឋម្នាក់