ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លិខិតមិត្តអ្នកអាន៖ បទចំរៀង«គ្រូបង្រៀនស្រវឹងស្រា»

ក្នុងនាម​មិត្តអ្នកអានម្នាក់ ខ្ញុំបាទ ហាក់ដូចជាហួសចិត្តបន្តិច នៅពេលដែល​ឮថា អ្នកនិពន្ធសម័យថ្មីបាននិពន្ធ​បទ​ចំរៀងមួយបទ ដែលមានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» ដែលក្នុងខ្លឹមសារនោះ បញ្ជាក់ថា«ឲ្យតែស្រវឹង គ្រូកាចចម្លែក បង្រៀនប្លែកៗ ខឹងស្រែក ខឹងវាយ» ដែលក្នុងន័យនេះ គឺហាក់ដូចជាមើលស្រាលចំពោះគ្រុបង្រៀន​បន្តិចហើយ។ អ្នកនិពន្ធអាចនិយាយថា វាជាការពិតតូចមួយនៅក្នុងសង្គម ។ ប៉ុន្តែយ៉ាងណាក៏ដោយ តម្លៃ និងគុណធម៌របស់គ្រូបង្រៀនមិនគួរត្រូវបានយកមកលេងសើចយ៉ាងនេះទេ។

គ្រូបង្រៀនប្រៀបដូចជាឪពុកម្តាយ ដែលមានព្រហ្មវិហារធម៌ចំពោះកូនជាពន់ពេក ។ បើទោះបីជាមានកំហុសឆ្គងម្តងម្កាល​បន្តិចបន្តួច ក៏មិនដល់ថ្នាក់ត្រូវបានយកមកជាចងក្រងជាបទចំរៀងចំអកឡកឡឺយបែបនេះដែរ។ វាហាក់ដូចជាហួសហេតុពេក សម្រាប់អ្នកនិពន្ធបទចម្រៀងនេះ។ វា​ហាក់ដូចជា​គាត់(អ្នកនិពន្ធ) មិនធ្លាប់បានសិក្សារៀនសូត្រ ឬគ្មានគ្រូបង្រៀនគាត់សោះឡើយតាំងពីតូចមក។ ប្រសិនបើគាត់ធ្លាប់ឆ្លងកាត់សាលាមានគ្រូបង្រៀន គាត់គឺជាមនុស្ស​ដែលមានគុណធម៌ ពិតជាមិនអាចទាញប៊ិកសរសេរបទចម្រៀងបែបនេះឡើយ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ស្នើឲ្យសមាគមនគ្រូបង្រៀន ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងវិចិត្រសិល្បៈពិនិត្យថា តើ បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា» គួរតែត្រូវបាន​អនុញ្ញាតឲ្យផ្សព្វផ្សាយឬយ៉ាងណា? តើវាប៉ះពាល់ដល់អារម្មណ៍គ្រូបង្រៀនទូទាំងប្រទេសដែរឬទេ? ប្រសិនបើវាមិនប៉ះពាល់ទេ គួរផ្សព្វផ្សាយឲ្យទូលំទូលាយ៕ ប្រជាពលរដ្ឋម្នាក់