ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ បើអាចដោះស្រាយបានប្រជាពលរដ្ឋនឹងស្រែកថា ជយោ! ជយោ !

ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាព និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋពលរដ្ខខ្មែរ ជាពិសេសក្នុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិ ដោយបានឧបត្ថម្ភប្រាក់៥ម៉ឺនរៀលក្នុងម្នាក់ៗដល់មន្រ្តីរាជការ និងបានផ្តល់មធ្យោបាយធ្វើដំណើរដឹកជញ្ជូន ដោយរថយន្តក្រុងមិនយកលុយក្នុងឱកាសនេះ ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ សូមសម្តែងអបអរសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយទាំងនេះ បើទោះបីការឧបត្ថម្ភមិនទាន់ឆ្លើយតាបតាមសំណូមពរក៏ដោយ ។

ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់បានជាងនេះទៅទៀតនោះ គឺចង់ឲ្យក្រសួងពាក់ព័ន្ធមួយចំនួន មេត្តាជួយយកចិត្តទុកដាក់បន្ថែមក្នុងការទប់ស្កាត់វិស័យឯកជនកុំឲ្យឡើងថ្លៃទំនិញ ជាពិសេស តម្លៃប្រេងឥន្ធនៈដែលមកដល់ពេលនេះមិនទាន់ដល់ថ្ងៃចេញដំណើរទៅបុណ្យភ្ជុំនៅស្រុកកំណើតផង សាំងឡើងថ្លៃមុនបាត់ទៅហើយ ។ ជាងនេះទៅទៀត ខ្ញុំបាទជឿជាក់ថា បើតម្លៃប្រេងសាំងឡើងថ្លៃមុនទៅហើយ តើអ្នកបើកបររថយន្តឈ្នួល រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជន អាចយកតម្លៃធម្មតាបានទេ ? ខ្ញុំជឿថា គ្មានទេបើមិនឡើងថ្លៃទ្វេជាពីរហ៊ានភ្នាល់?ទាំងនេះក៏នៅមិនទាន់គិតពីការចំណាយផ្សេងៗនៅឡើយផងដែរ ។

ខ្ញុំបាទមិនយល់សោះថា តើនេះវាជាការឆ្លៀតឱកាសរបស់ឈ្មួញក្នុងពេលរដូវបុណ្យ ទានដើម្បីធ្វើមានបាន ឬយ៉ាងណា ? តើការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមានតម្លៃទេ ?

ដូច្នេះសូមស្ថាប័នក្រសួងពាក់ព័ន្ធមេត្តាជួយពិចារណាចំណុចពីរនេះក្នុងចំណោមចំណុចអវិជ្ជមានជាច្រើនទៀតដែលតែងតែកើតមាននៅស្រុកខ្មែរក្នុងរដូវបុណ្យទានម្តងៗ ។ ប្រសិនបើទប់ស្កាត់ឬដោះស្រាយបញ្ហាទាំងនេះបាននោះ ប្រជាពលរដ្ឋនិងស្រែកខ្លាំងៗព្រមគ្នា ជយោ! ជយោ! រាជរដ្ឋាភិបាលកម្ពុជា ! មិនខាន ៕ ពីប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ