ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ពេទ្យភ្លេចកន្សែងក្នុងពោះអ្នកជំងឺបានត្រឹមសោកស្តាយ

នាងខ្ញុំជាប្រជាពលរដ្ឋតាមដានព័ត៌មាន ហាក់មានការខូចចិត្តជាខ្លាំង នៅគ្រាដែលដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលភ្លេចកន្សែងក្នុងពោះអ្នកជំងឺវះកាត់ ពេលនេះ ពួកគេបានត្រឹមសម្តែងការសោកស្តាយ ចំពោះការធ្វេសប្រហែស និងមិនទទួលខុសត្រូវនេះ ។ នាងខ្ញុំមិនដឹងថា តើមានច្បាប់ដែរឬយ៉ាងណាចំពោះករណីដែលបានកើតឡើងទៅលើអ្នកគ្រូបង្រៀនម្នាក់នៅឯខេត្តកំពង់ចាមនោះ។ តើត្រូវមានទោសទណ្ឌដែរឬទេ? ឬមួយក៏ត្រឹមសម្តែងការសោកស្តាយ និងសងលុយកាក់បញ្ចប់បញ្ហា?

រឿងនេះ ជីវិតមនុស្សមិនមែនលេងសើចដូចដែលក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ចាមបានធ្វើនោះទេ ។ នេះមានភស្តុតាងជាក់ស្តែង ដែលគ្រូពេទ្យនៅភ្នំពេញរកឃើញ។ បើគ្មានភស្តុតាងទេ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អាចនិយាយថា មានអំពើអាបធ្មប់មកលើនារីរងគ្រោះនោះផងក៏មិនដឹង ។ ទង្វើបែបនេះ វាជាគ្រោះអាក្រក់ ដែលគេសង្ស័យថា បានកើតឡើង ជាច្រើនមកហើយក្នុងសង្គមខ្មែរចំពោះអ្នកជំងឺស្លូតត្រង់ ។ ប្រសិនបើគ្មានភស្តុតាងច្បាស់លាស់ ក្រុមគ្រូពេទ្យទាំងនោះ នឹងបដិសេធន៍ដោយគ្មានការទទួលខុសត្រូវអ្វីឡើយ ។ ប៉ុន្តែនៅពេលដែលមានភស្តុតាងជាក់ស្តែងពីវីដេអូឃ្លីប ដែលគ្រូពេទ្យឃ្លីនិកឯកជននៅភ្នំពេញទាញកន្សែងពីពោះអ្នកជំងឺនោះ ធ្វើឲ្យក្រុមគ្រូពេទ្យ នៅខេត្តកំពង់ចាមមិនអាចប្រកែកបាន ។

អ្វីដែលនាងខ្ញុំមានចម្ងល់នៅពេលនេះ តើទោសកំហុសរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលភ្លេចកន្សែងក្នុងពោះអ្នកជំងឺអស់រយៈពេល៣ខែនោះ មានអ្នកទទួលខុសត្រូវឬទេ? ឬមួយការតបស្នងលុយកាក់ និងការសោកស្តាយ គឺចប់បញ្ហា? ប្រការបែបនេះ ទំនងជាមិនសមរម្យទេ ពោលគឺបើមានច្បាប់ ត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ។ បើមិនដូច្នោះទេ នឹងមានរឿងស្រដៀងគ្នានេះកើតឡើងទៅលើអ្នកជំងឺដទៃទៀតមិនខានឡើយ ។ និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា នាងខ្ញុំចង់ដាក់ទណ្ឌកម្មទៅលើគ្រូពេទ្យនៅខេត្តកំពង់ចាមនោះទេ ប៉ុន្តែបើមានច្បាប់ គួរអនុវត្តច្បាប់ឲ្យបានហ្មត់ចត់ប្រសើរជាង«សោកស្តាយ» ៕ ប្រជាពលរដ្ឋម្នាក់