ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លិខិតមិត្តអ្នកអាន៖ ភាពសម្បូរបែប​នៃរលកធាតុអាកាសវិទ្យុ

ម្ង៉ៃណោះ ខ្ញុំបាទមានសំណាង​បានមិត្តភក្តិហៅជិះរថយន្ត​ដើរកម្សាន្តជាយក្រុង​ ។ នៅក្នុងរថយន្ត ខ្ញុំបានបើកវិទ្យុស្តាប់ ។ និយាយតាមត្រង់ទៅ គ្រាន់តែគ្រវាស់ដៃបន្តិច​មុខជាឆ្លងដល់ប៉ុស្តិ៍ផ្សេងៗមិនខាន ។ វិលចុះវិលឡើង​ស្តាប់ចំប៉ុស្តិ៍វិទ្យុមួយ​ដែលលក់ឱសថបុរាណ ។ ស្តាប់យូរៗទៅគួរឲ្យជឿដែរ ប៉ុន្តែមិនដឹងថា ការពិតកម្រិតណានោះទេ ។ ផ្ទុយទៅវិញ សម្រាប់​ខ្ញុំបាទ ការផ្សព្វផ្សាយរបស់គ្រូឱសថបុរាណខ្មែរម្នាក់នោះ ហាក់ដូចជាហួសហេតុ និងមិនគួរឲ្យជឿនោះឡើយ ។ ខ្ញុំមិនដឹងថា តើ​ឱសថបុរាណរបស់លោកគ្រូ ម្នាក់នោះ​មានប្រសិទ្ធភាពកម្រិតណានោះទេ ។ បើតាមការស្តាប់ អំពីការឃោសនារបស់គ្រូឱសថបុរាណម្នាក់នោះ គ្រាន់តែឫសឈើមួយមុខ គឺអាចព្យាបាលជំងឺឲ្យជាសះស្បើយបាន ។ ជាងនេះទៅទៀត​មិនដឹងថា តើសមាគមឱសថបុរាណបានដឹង​អំពី​ការឃោសនានេះ​ថា តើវាពិតយ៉ាងណានោះទេ ។

ផុតពីការ​ឃោសនាព្យាបាលជំងឺទូទៅ គេឮប៉ុស្តិ៍វិទ្យុដដែលនេះបន្តផ្សព្វផ្សាយអំពី​ការព្យាបាលជំងឺផ្លូវភេទថែមទៀត ។ គ្រូឱសថបុរាណ​បាន​មានប្រសាសន៍អំពីបញ្ហាជំងឺខ្សោយផ្លូវភេទចំពោះបុរសមួយចំនួន ។ អ្នកដែលប្រាថ្នាចង់ឲ្យមាន​ប្រក្រតីភាពឡើងវិញអំពីបញ្ហានេះ​ត្រូវចំណាយប្រាក់រាប់រយដុល្លារ ។ ខ្ញុំនៅតែឆ្ងល់​ថា តើ​ការផ្សព្វផ្សាយរបស់​គ្រូឱសថបុរាណខ្មែរបែបនេះមានឆ្លងកាត់ស្ថាប័នណាខ្លះ? សមាគមឱសថបុរាណខ្មែរ, ក្រសួងសុខាភិបាល, ក្រសួងព័ត៌មានយល់ថា តើការផ្សព្វផ្សាយនេះប៉ះពាល់ដល់​ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដែរឬទេ ។ ស្តាប់ការ​ផ្សព្វផ្សាយឃោសនាបែបអួតផង បោកផងរបស់គ្រូឱសថបុរាណតាមរយៈប៉ុស្តិ៍វិទ្យុនោះ ធ្វើឲ្យខ្ញុំបាទយល់ថា ក្រសួងព័ត៌មានមិនគួរ​ឲ្យ​មានវិទ្យុ​បែបនេះទេ ។

ធុញទ្រាន់នឹងការឃោសនារបស់គ្រូឱសថបុរាណនេះ ខ្ញុំក៏បង្វិលទៅរកប៉ុស្តិ៍ផ្សេង ។ ចុះឡើងៗ ស្រាប់តែឮពិធីករម្នាក់​អួតអំពីកាហ្វេចង្អុលមេឃ…។ គេអួតថា កាហ្វេនេះជួយសមត្ថភាពផ្លូវភេទបុរស… ។ រឿងផ្លូវភេទ​ត្រូវបានគេ​លើកមកនិយាយជាចំហរ សើចក្អាកក្អាយពេញវិទ្យុ…។ មិត្តភក្តិខ្ញុំនៅក្នុងរថយន្តជាមួយគ្នារំឭកខ្ញុំថា គ្រាខ្លះវិទ្យុល្បី​របស់តា អាចារ្យម្នាក់នោះ ក៏និយាយរឿង​«ផ្លូវភេទ» វ៉ល់ពេញវិទ្យុដែរ ។ នាងៗអ្នកសម្របសម្រួលកម្មវិធីវិទ្យូជាមួយ​​តាអាចារ្យនោះ ក៏មិនណយដែរ ។ ស្តាប់ៗទៅខ្ញុំបាទយល់ថា ​មានតែខ្លួនឯងម្នាក់ប៉ុណ្ណោះ ដែលនៅលាក់លៀមអឹមអៀន រឿងផ្លូវភេទ… នៅគ្រាដែលអ្នកដទៃ មានទាំងអ្នកនិយាយវិទ្យុ, គ្រូឱសថបុរាណខ្មែរ សុទ្ធតែនិយាយជាចំហរ អំពីបញ្ហាផ្លូវភេទ ។ ខ្ញុំមិនដឹងថា ទង្វើបែបនេះសមរម្យឬយ៉ាងណានោះទេ? បើសមរម្យ គួរតែ​បង្កើតប៉ុស្តិ៍វិទ្យុឲ្យច្រើនបន្តិចដើម្បីឲ្យនិយាយអំពីបញ្ហានេះ ៕ ប្រជាពលរដ្ឋម្នាក់