ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មានគេអាប់ដេតរឿងបុរាណខ្មែរទៀតហើយ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលហាក់ដូចជាមានគំនិតអភិរក្សនិយមជ្រុល បានលេចឮកាលពីពេលថ្មីៗនេះថា រឿងពស់កេងកង ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរ បាននិងកំពុងរៀបចំ«អាប់ដេត» ឲ្យទៅជា«ចៅពស់កេងកង» ក្នុងន័យ ចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ បើខ្ញុំចាំមិនភ្លេចទេនោះ កាលពីប៉ុន្មានឆ្នាំមុនរឿងទុំទាវ ក៏ត្រូវបានគេអាប់ដេត ដូចគ្នានេះដែរ ប៉ុន្តែក្រសួងវប្បធម៌ និងចិត្រសិល្បៈមិនអនុញ្ញាតឲ្យរឿងទុំទាវអាប់ដេតរួចហើយ ចាក់បញ្ចាំងផ្សាយនោះឡើយ។ ដូចគ្នានេះដែរ ប្រសិនបើរឿង«ចៅពស់កេងកង» ដែលបានមកពីការអាប់ដេតរឿង «ពស់កេងកង» ក៏គួរតែក្រសួងវប្បធម៌មានវិធានការផងដែរ។

NKD-36x6_outline

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋខ្មែរម្នាក់មិនយល់ស្របទាល់តែសោះចំពោះការយកស្នាដៃចាស់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះយកទៅ«កែច្នៃ» ឬ«អាប់ដេត» ឲ្យទៅជារឿងថ្មីនោះ។ ការធ្វើយ៉ាងដូច្នេះ គឺស្មើនឹងដុតកម្ទេចស្នាដៃបុព្វបុរសខ្មែរជំនាន់ដើម នៅពេលដែលគេដឹងថា រឿងដែលគេ«អាប់ដេត» មិនបានធ្វើឲ្យប្រសើរឡើង ឬមានតម្លៃប្រហាក់ប្រហែលនឹងរឿងដើមនោះ។ តថភាពនៃសង្គមខ្មែរសព្វថ្ងៃ មានច្រើនគគោក ហេតុអ្វីបានជាអស់លោកអ្នកផលិតភាពយន្តមិនកែច្នៃជាសាច់រឿងផលិតដើម្បីបញ្ចាំងរកផលប្រយោជន៍នោះទៅ? ហេតុអ្វីត្រូវយកស្នាដៃបុរាណទៅកែច្នៃ«អាប់ដេត» ដែលធ្វើឲ្យខុសពីទម្រង់ដើម ព្រោះតែផលប្រយោជន៍របស់ពួកខ្លួន? គេគួរតែផលិតខ្សែភាពយន្តដដែល ដោយមិនមានការកែច្នៃ ឬកាឡៃ ឬអាប់ដេតអ្វីនោះឡើយ។

និយាយរួមទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរពិនិត្យមើលចំពោះការអាប់ដេតរឿង «ពស់កេងកង» ឲ្យទៅជា«ចៅពស់កេងកង» នោះថា តើវាត្រូវការចាំបាច់ដើម្បីអាប់ដេតរឿងនេះឬទេ? គួរក្បាលអ្នកអាប់ដេតរឿងថ្មីនេះ មិនប្រាកដថា គ្រាន់បើចាស់បុរាណប៉ុន្មានទេ ប៉ុន្តែពួកគេ គ្រាន់តែជាអ្នកដុតកម្ទេចវប្បធម៌ដើម ដើម្បីបានផលប្រយោជន៍តែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះទេ ពួកគេបែរជាអះអាងថា បានធ្វើអ្វីៗ ដើម្បីសិល្បៈវប្បធម៌ខ្មែរទៅវិញ។ តាមពិត ខួរក្បាលពួកគេ មិនគ្រាន់ជាងអ្នកនិពន្ធដើមប៉ុន្មានឡើយ៕ ប្រជាពលរដ្ឋម្នាក់