ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិកើតចេញពីស្រាបៀរកម្ពុជា

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ខ្ញុំបាទចាប់អារម្មណ៍អំពីការចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​អំពីចម្លើយរបស់យុវសិស្សថ្នាក់ទី១១ម្នាក់ចំពោះសំណួរដែលសួរថា តើមោទនភាពជាតិ កើតចេញពីអ្វី? ចម្លើយ មោទនភាពជាតិ កើតចេញពីស្រាបៀរកម្ពុជា ។ តើ​ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាយល់យ៉ាងណាចំពោះចម្លើយនេះ ស្របពេលដែល ប្រជាពលរដ្ឋភាគច្រើន រួមទាំងកូនខ្ញុំបាទនៅតូចផង យល់ថា វាជាចម្លើយត្រឹមត្រូវ ។ បើចម្លើយត្រឹមត្រូវ ហេតុអ្វីបានជាគ្រូឲ្យពិន្ទុ សូន្យលើដប់ យ៉ាងដូច្នេះ?

វាជារឿងពិតដែលគួរឲ្យមោទនភាព ដែលក្រុមហ៊ុនស្រាបៀរកម្ពុជា​បានបញ្ជ្រៀបចំណេះដឹងដល់​ស្រទាប់យុវជនក្មេងៗជំនាន់ក្រោយ ។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍របស់ស្រាបៀរកម្ពុជា​ទាក់ទាញការចាប់អារម្មណ៍ និងក្លាយទៅជាមូលដ្ឋានចំណេះដឹង​ដ៏ជ្រាលជ្រៅសម្រាប់យុវជនសម័យថ្មី ។ តើ​មោទនភាពជាតិ​កើតចេញពីអ្វី? ព្រោះអ្វី? ចម្លើយគឺ មោទនភាពជាតិ កើតចេញពីស្រាបៀរកម្ពុជា ។ ស្រាបៀរកម្ពុជា ស្រាបៀរជាតិ មោទនភាពជាតិ ។ នេះជាចម្លើយរបស់យុវសិស្សថ្នាក់ទី១១ម្នាក់ ។

សម្រាប់ខ្ញុំបាទ តើថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាយល់ស្របថា ជាចម្លើយត្រឹមត្រូវដែរឬទេ? ពិតហើយ ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាយ៉ាងដូច្នេះមែន ។ វាជាមោទនភាពរបស់ជាតិ និងប្រជាជនកម្ពុជា ដែលមានស្រាបៀរកម្ពុជា ជារបស់ជាតិ ។ វាមិនមែនជាកំហុសឆ្គងទេ ដូច្នេះ មិនគួរបានពិន្ទុសូន្យលើដប់ឡើយ ។ ផ្ទុយទៅវិញ ក្រសួងអប់រំ យុវជន និងកីឡា គួរតែកែតម្រូវការផ្តល់ពិន្ទុសូន្យ​លើដប់ របស់គ្រូបង្រៀននោះ​ឲ្យទៅជាដប់លើដប់ទៅវិញ ទើបត្រឹមត្រូវ ។ ត្រឹមត្រូវ ពីព្រោះថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានប្រតិកម្មទាល់តែសោះ ផ្ទុយទៅវិញយល់ស្របតាមអ្វីដែល​ក្រុមហ៊ុនស្រាបៀរកម្ពុជា​ប្រកាសថា ស្រាបៀរកម្ពុជា ស្រាបៀរជាតិ មោទនភាពជាតិ ។

នេះគ្រាន់តែជាគំនិតស្តួចស្តើងរបស់ប្រជាពលរដ្ឋម្នាក់ ដែលរំពឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរកភាពសមស្រប​ត្រឹមត្រូវណាមួយដើម្បីឲ្យសិស្សានុសិស្ស​អាច​រៀនសូត្របាន ។ ប្រសិនបើក្រសួងយល់ថា ការលើកឡើង​របស់​ក្រុមហ៊ុនស្រាបៀរ​កម្ពុជា គឺជាភាពត្រឹមត្រូវ​ ដូច្នេះចម្លើយរបស់យុវសិស្សម្នាក់នោះ មិនគួរបានពិន្ទុសូន្យលើដប់ទេ ។ ផ្ទុយទៅវិញ មោទនភាពជាតិ ដែល​ប្រជាជាតិខ្មែរធ្លាប់លើកឡើងអំពីប្រាសាទអង្គរវត្ត… ជាមោទនភាព​ជាតិនោះ គួរតែត្រូវប្តូរ មកជាស្រាបៀរកម្ពុជា ជាមោទនភាពជាតិវិញ ៕ ប្រជាពលរដ្ឋម្នាក់