ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ឡារីតា យ៉ាប់មែនទែន

ថ្ងៃមុន ខ្ញុំបាទបានធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ​ទៅខេត្តសៀមរាប​តាមរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា ដែលមានរថយន្ត ហ្វ័ដ សម្រាប់ដឹកអ្នកដំណើរ ។ នៅពេលធ្វើដំណើរដល់ខេត្តកំពង់ធំ រថយន្តបានខូច ធ្វើ​ឲ្យភ្ញៀវ ជ្រួលច្របល់ និងសង្ឃឹមថា មានរថយន្តមកផ្លាស់ប្តូរ ដើម្បី​អាចឲ្យពួកយើងធ្វើដំណើរដល់ខេត្តសៀមរាប​តាមពេលវេលា​ ដូចដែលបានគ្រោងទុក ។ អង្គុយសំកុកនៅលើចិញ្ចើមផ្លូវអស់រយៈពេល៣ម៉ោង មិនឃើញមានរថយន្តមកជំនួស ឬដឹកនាំពួកយើង​ទៅគោលដៅនោះឡើយ ។

ក្រុមហ៊ុន ឡារីតា បានធ្វើឲ្យអតិថិជន និយាយឲ្យខ្លីអ្នកធ្វើដំណើរខកចិត្តគ្រប់ៗគ្នា ។ ការរង់ចាំរហូតដល់៥ម៉ោង ទើបមាន​រថយន្ត​មកប្តូរ ។ រថយន្តដែលខូចគឺជារថយន្តចាស់ មិនអាច​ដឹកអ្នកដំណើរ ឲ្យដល់គោលដៅ ។ បើតាម​អតិថិជន ដែលខកជើងជាមួយខ្ញុំបាទ អះអាងថា រថយន្តក្រុមហ៊ុនឡារីតា តែងតែមានបញ្ហាយ៉ាងដូច្នេះជាញឹកញាប់ ។ ចួនកាលរថយន្តខូចម៉ាស៊ីនត្រជាក់ ធ្វើឲ្យភ្ញៀវបែកញឹសជោកលើរថយន្ត ។ ទាំងខ្ញុំទាំងគេ បានត្រឹមដើរក្រវែលចុះឡើងក្បែររថយន្ត ដែលខូចនៅម្តុំផ្សារតាំងគោកនោះ ។

ក្នុងនាមជាអ្នកធ្វើដំណើរតាមរថយន្តក្រុមហ៊ុន ឡារីតា ខ្ញុំបាទ​មានការខកចិត្ត​ជាខ្លាំង ពីព្រោះត្រូវធ្វើដំណើរចូលរួម​ប្រជុំ​នៅខេត្តសៀមរាប ដែលតាមការគ្រោងទុក ខ្ញុំបាទគិតថា អាចនឹងសល់ពេលពីរម៉ោង មុនពេលប្រជុំ ខ្ញុំនឹងទៅដល់ ។ ប៉ុន្តែទីបំផុត ខ្ញុំមិនបានចូលរួមប្រជុំនោះឡើយ ។ វាជាការខាតបង់មួយ ដែលមិនគួរក្រុមហ៊ុនធ្វើឲ្យភ្ញៀវ ឬអ្នកធ្វើដំណើរ ខាតបង់ពេលវេលាយ៉ាងដូច្នេះឡើយ ។ ខ្ញុំបាទមិនទាមទារឲ្យសងនូវការខូចខាត ឬបាត់បង់ពេលវេលារបស់ខ្ញុំបាទនោះឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរទាំងឡាយ ដែលមានបំណង​ធ្វើដំណើរតាមរថយន្ត​របស់ក្រុមហ៊ុន ឡារីតា គួរពិចារណា ៕ ប្រជាពលរដ្ឋម្នាក់